ព័ត៌មានទាន់ហេតុការណ៍៖

ប្រាសាទនាគព័ន្ធត្រូវបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលចិត្តមកទស្សនាកម្សាន្តច្រើនជាងប្រាសាទដ៏ទៃ

ខេត្តសៀមរាបៈ ប្រសិនបើយើងចង់ទៅទស្សនាប្រាសាទនាគព័ន្ធនោះ យើងអាចធ្វើដំណើរចេញពីទីរួមខេត្តសៀមរាប ឆ្ពោះទៅផ្លូវវង្សធំនៃបរិវេណអង្គរ នោះយើងនឹងឃើញប្រាសាទជាច្រើនជាហូរហែ ក្នុងនោះក៏មានប្រាសាទនាគព័ន្ធផងដែរ ។ ប្រាសាទនេះ មានទំហំតូច ស្ថិតនៅក្នុងស្រះទឹករាង៤ជ្រុង ប្រៀបបីដូចជាកូនកោះមួយ ដែលមានទឹកព័ន្ធជុំវិញស្រះទឹកនេះមាន ទំហំ ៣៥០ម បានសាងសង់ឡើងពីថ្មភក់នៅក្នុងរាជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍ឆ្នាំ១១៩១ ដើម្បីឧទ្ទិសកុសល្យថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន នៅនឹងតួប្រាសាទ មានសញ្ញាលេខបូក ជានិមិត្ដរូបនៃ មន្ទីរពេទ្យ សំរាប់ព្យាបាលអ្នកជំងឺ ដើមឡើយជាទីតាំងនៃបារាយណ៍ខាងកើត តែមកដល់សម័យនេះ ត្រូវរីងរាកបាត់រូបភាពជាបារាយណ៍ទៅហើយ នៅសល់តែបារាយណ៍ខាងលិចតែប៉ុណ្ណោះ។

ប្រាសាទនេះ កាលខែវស្សា មានទឹកដក់ព័ន្ធជុំវិញស្រះ តែខែប្រាំងវិញ ទឹករីងអស់ តែក្រោយមកត្រូវបានអាជ្ញាធរអប្សរាបានបញ្ចូលទឹកទុកមិនអោយរីងនិងសាងសង់ស្ពានឈើ ប្រវែងជាង២០០ម សម្រាប់អោយភ្ញៀវទេសចរណ៍ដើរឆ្លងទៅទស្សនា ទិដ្ឋភាពនៃប្រាសាទនាគព័ន្ធដែលពោរពេញទៅដោយបរិយាកាសល្អពីធម្មជាតិផងនោះបានធ្វើឲ្យប្រាសាទនេះមានការទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិច្រើនជាងប្រាសាទផ្សេងៗ។

លោក សុខ ធី អ្នកដឹកភ្ញៀវទេសចរណ៍ម្នាក់បានឲ្យដឹងថា ការសាងសង់ស្ពានឈើនេះ មានសោភ័ណភាពល្អ អាចទាក់ទាញភ្ញៀវមកទស្សនាជាច្រើន មានទាំងភ្ញៀវខ្មែរ និងភ្ញៀវបរទេសបានមកថតរូបជាមួយនឹងស្ពានឈើដ៏វែង សំដៅទៅរកប្រាសាទ មិនតែប៉ុណ្ណោះបានធ្វើឲ្យប្រាសាទមួយនេះក្លាយជាតំបន់ទេសចរណ៍ ពិសេសជាងប្រាសាទដទៃ ក្នុងបរិវេណអង្គរ ។

NKD-36x6_outline

បើតាមការស្រាវជ្រាវប្រវត្តិនៃរូបចំលាក់ទាំង៤ទិសនៃប្រាសាទនេះគឺ សំរាប់តំណាងអោយធាតុទាំង៤ គឺធាតុដីតំណាងដោយរូបចំលាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយ រូបចំលាក់ក្បាលតោ ស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចំលាក់ក្បាលសេះ ស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចំលាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ៤ គឺ ធាតុទឹកធាតុដី ធាតុភ្លើង ធាតុខ្យល់ហើយសត្វលោកដែលមានជំងឺ តែងបាត់បង់នូវ ធាតុណានីមួយៗនៃ ធាតុទាំង៤នេះ កាលបើគេពិនិត្យឃើញថា អ្នកជំងឺខ្វះធាតុណាមួយនៃធាតុទាំង៤ គេតំរូវអោយអ្នកជំងឺនោះទៅធ្វើការរក្សារោគឬព្យាបាលទៅតាមធាតុនៃទិសទាំង៤ ទើបជាសេះស្បើយ ៕ ប៊ុនរិទ្ធី

2 3 4 1