ព័ត៌មានទាន់ហេតុការណ៍៖

ប្រើល្បិចយកក្មេងប្រុសអាយុ១១ឆ្នាំធ្វើធ្នាក់ បង្គាប់ឲ្យបន្លំចូលខ្លួនលួចទ្រព្យសម្បត្តិ ម្ចាស់ទាន់ចាប់ជាប់ ចងដៃ

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ប្រុស២នាក់ ស្រី២នាក់ ក្នុងនោះមានក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ផង ដែលក្រុមជនសង្ស័យយកធ្វើជាធ្នាក់ បាននាំគ្នាប្រើល្បិចបន្លំធ្វើជាទិញនេះ ទិញនោះ ឆ្លៀតឱកាសបង្គាប់ឲ្យក្មេងលួចកាបូបលុយ និងទូរស័ព្ទ ម្ចាស់ឃើញទាន់ ចាប់បានតែក្មេង ជនសង្ស័យជាមនុស្សចាស់ បើកម៉ូតូគេចខ្លួនបាត់អស់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចផ្ទះលេខ៧៤២ លក់ដូរមួយកន្លែង តាមផ្លូវ៦២ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ស្រី ពេជ្យ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ លក់ដូរ រស់នៅផ្ទះកើតហេតុ ។ ក្នុងកាបូប ដែលជនសង្ស័យលួចមិនបានសម្រេច មានលុយជាង៤០មុឺនរៀល និងទូរស័ព្ទដៃ អាហ្វូន ៦ មួយគ្រឿង ។ ចំណែកក្មេងប្រុស ដែលជនសង្ស័យយកមកធ្វើធ្នាក់ បង្គាប់បញ្ជាប្រើឲ្យចូលលួចកាបូប មានអាយុ១១ឆ្នាំ ស្នាក់នៅ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ឃើញម៉ូតូ២គ្រឿង សេ១២៥ មួយគ្រឿង និង ម៉ូតូ ស្កុបពី មួយគ្រឿង ស្រី២ នាក់ ប្រុស២នាក់ ដោយម៉ូតូសេ១២៥ មួយគ្រឿង ជិះដោយបុរសម្នាក់ ឌុបក្មេងប្រុសខាងលើផង ជិះឆ្វៀលចុះឡើង២ទៅ៣ត្រឡប់ហើយ បុរសជាជនសង្ស័យជិះចូលមករកទិញទឹកសុទ្ធចំនួន៥ដប ចំណែកម៉ូតូស្កុបពី ជិះដោយស្រ្តីសង្ស័យ២នាក់ ឈប់រងចាំ ខាងមុខ ស្របដែលជនសង្ស័យរើកកាយ យកទឹកសុទ្ធបាន៥ដបហើយ បានប្រាប់ឲ្យជនរងគ្រោះយកមួយដបទៀត ពេលនោះហើយ ដែលក្មេងប្រុស ជាធ្នាក់របស់ក្រុមជនសង្ស័យ ចូលទៅទាញយកកាបូបលុយ និងទូរស័ព្ទ ដើរចេញមក ក្រឡេកឃើញទាន់ ក្មេងនោះទម្លាក់ចុះមាត់ទ្វារ រវល់តែសួរនាំ ជនសង្ស័យ៣នាក់ ប្រុសម្នាក់ ស្រី២នាក់ បាននាំគ្នាបើកម៉ូតូរត់គេចទៅបាត់ ។

បន្សល់ទុកតែក្មេង រាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យមកទទួលយក ដើម្បីអប់រំ ជាមុនសិន ទើបអនុញាតិឲ្យ វិលត្រឡប់ទៅវិញ ៕អរុណរះ