ព័ត៌មានទាន់ហេតុការណ៍៖

ប្រើល្បិចហៅរ​រថយន្ត​រត់​តាក់ស៊ី​ក្រហមជិះ ដល់កន្លែងស្ងាត់ចាប់​រឹត​.​កកាប់​ប្លន់​យក​រថយន្ត​ តែរត់មិនរួចយក​រថយន្ត​ទៅ​ប្លុង​ចោល

​​ភ្នំពេញ ៖ ករណីប្លន់រថយន្តមិនបានសម្រេចមួយបានកើតឡើង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើករថយន្តតាក់ស៊ីក្រហមរងរបួសធ្ងន់ ហើយត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត បន្ទាប់ពី​ជនសង្ស័យម្នាក់បានប្រើល្បិច​ហៅ​រថយន្តដឹក​ទៅ​រង់ចាំ​ទទួល​ប្រពន្ធ​របស់​គេ ​លុះដល់កន្លែងស្ងាត់ក៏ធ្វើសកម្មភាពយកខ្សែ​ហ្វ្រាំង​ម៉ូតូមក​រឹត​.​កកាប់​ប្លន់​យក​រថយន្តជនរងគ្រោះ​ រួច​ច្រាន​ទន្លាក់​ពីលើ​រថយន្ត​រួច​ព្យាយាម​បើក​រត់គេច​ខ្លួន​ តែត្រូវរថយន្ត​ជនរងគ្រោះ​ភ្ជាប់​ប្រព័ន្ធ​ជី​ភី​អេស ​ទើបជនសង្ស័យ​យក​រថយន្ត​នេះទៅ​ប្លុង​ចោល​ ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ករណីប្លន់រថយន្តខាងលើនេះ បាន​កើតឡើង​ការ​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​កែង​ផ្លូវ​រថភ្លើង​ភូមិ​ក្រោលគោ​សង្កាត់ គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ ញា​ញ់ សុខ​គា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បើក​តាក់ស៊ី​ម៉ែត្រ​ក្រហម ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ​យ័ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ទទឹង ឃុំ​ទួល​ទទឹង ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន​ ជា​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-៦២៣៧ (រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត )។

​តាម​សម្តីរបស់​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ បាន​​ឲ្យ​ដឹង​ថា មុនពេលកើតហេតុគេឃើញ​រថយន្តតាក់ស៊ី​មួយ​គ្រឿង​ឈប់​នៅ​នឹង​កន្លែង​កើតហេតុ​ជាង​មួយ​ម៉ោង​មក​ហើយ គឺ​ជន​រង​គ្រោះ​រង់ចាំ​ប្រពន្ធ​ជនសង្ស័យ​ជា​លេស​ចាញ់បោក​ល្បិច​ជនសង្ស័យ​ដែល​បាន​រៀប​គំរោង​ទុកជា​មុន ឃើញ​ឱកាសល្អ​ជនសង្ស័យ​បាន​យក​ខ្សែ​ហ្វ្រាំង​ម៉ូតូ​រឹត​.​ក​ជន​រង​គ្រោះ​ផ្ទប់​ជាប់​ជាមួយ​កៅអី​រថយន្ត​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មានការ​រើ​បំរាស់​រហូត​ចេញ​ក្រៅ​រថយន្ត​មានការ​ប្រតាយប្រតប់​គ្នា​តែ​ត្រូវ​បាន​ជនសង្ស័យ​ដក​កាំបិត​បុ័ងតោ​ដែល​បាន​លាក់​ទុក​ជាប់​នឹង​ខ្លួន​កាប់​ជា​ច្រើន​កាំបិត​ត្រូវ​ចំ​ក្បាល និង​ដៃ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ប្រកាច់​នៅ​ក្នុង​ថ្លុកឈាមតែម្តង ។ ​រួចជនសង្ស័យបាន​បើករថយន្ត​គេចខ្លួន​បាត់​ស្រមោល ។ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​នេះ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ចមូលដ្ឋាន​ឲ្យ​ចុះ​មក​កន្លែង​កើតហេតុ ​និង​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ និង​បោះដៃ​តាម​វិទ្យុទាក់ទង​ឲ្យ​សមត្ថកិច្ច​គ្រប់​ខណ្ឌ​ចុះ​ជួយ​អន្តរាគមន៍​ផង ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ចេញ​អន្តរាគមន៍ និង​ល្បាត​ក៏​បាន​ប្រទះ​ឃើញ​រថយន្ត​ជន​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​បើក​យក​ទៅ​ប្លុង​ចោល​នៅ​នឹង​ម្តុំ​ផ្លូវ​លេខ​៦១ សង្កាត់​ផ្សារ​ទី​១ ខណ្ឌដូនពេញ ។ ចំណែក​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ដោយសារ​តែ​រថយន្ត​នោះ​មាន​ភ្ជាប់​ប្រព័ន្ធ​ជី​ភី​អេស និង​មាន​ប្រព័ន្ធ​វិទ្យុទាក់ទង​របស់​ក្រុម​តាក់ស៊ី​បំពាក់​នៅ​ក្នុង​រថយន្ត​ផង​ដែរ ។

បើយោងតាម​ប្រភព​ព័ត៌មាន​ពី​បងប្រុស​របស់​ជន​រង​គ្រោះ ​បាន​រៀបរាប់ប្រាប់សមត្ថកិច្ចនៅកន្លែងកើតហេតុថា មុន​កើតហេតុ​នៅ​វេលា​ម៉ោង​១០​យប់ថ្ងៃកើតហេតុ ​​គាត់​បាន​ទូរស័ព្ទមក​ទំនាក់ទំនង​ជាមួយ​ប្អូនរបស់គាត់(​ជន​រង​គ្រោះ​) ដោយ​ទូរស័ព្ទ​ហៅ​ប្អូន​ឲ្យ​មក​ដឹក​ម៉ូយ​ម្នាក់​នៅ​ម្តុំ​ផ្សារ​រាត្រី តែ​ប្អូន​ប្រុសនិយាយ​ថា ជាប់រវល់​ដឹក​ម៉ូយ​យក​ទៅ​ឬ​ស្សី​កែវ ។ ស្រាប់តែ​មួយសន្ទុះ​ក្រោយមកជនរងគ្រោះ​បាន​ទូរស័ព្ទ​មក​គាត់​វិញ​ថា ភ្ញៀវឲ្យឈប់(ជនសង្ស័យ)​ចាំ​យកប្រពន្ធ​របស់​គេ​សិន ។ រហូតដល់​ម៉ោង​១១​យប់ថ្ងៃដដែរ បងប្រុសជនរងគ្រោះ​​បាន​ទូរស័ព្ទ​ទៅប្អូនម្តង​ទៀត​តែ​អត់​មាន​អ្នក​លើក​ ដោយមានការសង្ស័យថាជនរងគ្រោះមានគ្រោះថ្នាក់ក៏បានធ្វើការទំនាក់ទំនងជាមួយក្រុមការងារផ្សេងទៀត ទើបដឹងថាជនរងគ្រោះត្រូវចោរកាប់ប្លន់យករថយន្តទៅបាត់បណ្ដោលឲ្យរងរបួសធ្ងន់ផងដែរ ។ ភ្លាមនោះបងប្រុសជនរងគ្រោះក៏បានឲ្យក្រុមហ៊ុនឆែកតាមប្រព័ន្ធ​ជី​ភី​អេស ​ហើយជនសង្ស័យ​ទំនងជាដឹងថារថយន្តនោះបានភ្ជាប់ប្រព័ន្ធជី​ភី​អេសដែល ​ទើបយក​រថយន្តដែលប្លន់បាន​នោះទៅ​ប្លុង​ចោល​រួច​រត់គេច​ខ្លួន​បាត់​ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ទាក់ទង​ទៅ​ខណ្ឌ​ឬ​ស្សី​កែវ​ ​មកទទួល​យក​រថយន្ត​ទៅ​រក្សា​ទុក​នឹង​ធ្វើ​កំណត់ហេតុ​ តាមពាក្យបណ្តឹងជនរងគ្រោះ ​ដើម្បី​​កំណត់​មុខសញ្ញា​ជនសង្ស័យឈានទៅ​ដល់​ការ​ចាប់ខ្លួន​មក​ដាក់ទោស​តាមច្បាប់ ៕ ស តារា