ព័ត៌មានទាន់ហេតុការណ៍៖

ប្រើឲ្យកូនដាំបាយ ភ្លើងឆេះផ្ទះអស់១ខ្នង នៅឃុំដា ស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះមួយខ្នងរបស់ប្រជាពលរដ្ឋត្រូវបានអគ្គិភ័យបានឆេះទាំងស្រុង បន្ទាប់ពីម្តាយបានប្រើកូនទៅដាំបាយ រួចទុកចោលបណ្តាលឲ្យឆេះខ្ទេចតែម្តង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានជារបស់ប្តីប្រពន្ធឈ្មោះ វ៉ រ៉ា ដែលមានទំហំ២ខ្នង៥ម៉ែត្រ គុណនិង៧ម៉ែត្រ មានជញ្ជាំងស្លឹក ដំបូលប្រក់ស័ង្គសី ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឪពុក ម្តាយ បានប្រើកូនរបស់ខ្លួនទៅដាំបាយ ដោយពួកគាត់ជាប់រវល់ នៅពេលដែលដាំបាយកូនរបស់គាត់បានដាំទុកចោល ហើយរវល់តែមកលេងខាងមុខ ក៏ប៉ើងកម្ទេចភ្លើងចេញពីជើងក្រានទៅប៉ះនឹងជញ្ជាំង បណ្តាល ឲ្យឆេះផ្ទះតែម្តង ។ ក្នុងពេលឆេះនោះ ក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកកំពង់លែងទៅជួយអន្តរាគមន៍ផងដែរ ប៉ុន្តែចំងាយផ្លូវឆ្ងាយមិនអាចជួយមិនបានទាន់ពេល បណ្តាលផ្ទះប្រជាពលរដ្ឋឆេះខ្ទេចគ្មានសល់នោះទេ ។ រថយន្តពន្លត់អគ្គិភ័យបានបាញ់ទឹកប្រើប្រាស់អស់ទឹក មួយរថយន្តផងដែរ ដើម្បីជួយទប់ស្កាត់កុំឲ្យឆេះរាលដាលទៅផ្ទះប្រជាពលរដ្ឋផ្សេងទៀត ។

ប្រជាពលរដ្ឋដែលរងគ្រោះនេះ ជាគ្រួសារក្រីក្រ មានកូនច្រើន ជួបការលំបាកខ្លាំង នៅពេលនេះអគ្គិភ័យបានឆេះផ្ទះអស់គ្មានសល់អ្វីនោះឡើយ គ្មានសង្ឃឹមអ្វីនោះទេ ក្រៅពីសប្បុរសជនអាចជួយបណ្តោះទាល់ ក្នុងគ្រាដែលពួកគាត់ជួបការលំបាកនេះ ៕ ចន្ថា