ព័ត៌មានទាន់ហេតុការណ៍៖

ប្រេស៊ីលបញ្ចេញឈ្មោះកីឡាករ១១នាក់ដំបូងសម្រាប់ព្រឹត្តិការណ៍ World Cup ២០១៨

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិប្រេស៊ីលលោក Tite បានបញ្ចេញឈ្មោះកីឡាករទាំង ១១រូបសម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្សុីនាខែមិថុនា ឆ្នាំ២០១៨ ខាងមុខ។

គ្រូបង្វឹកវ័យ៥៦ឆ្នាំរូបនេះ បានបង្ហាញប្រាប់ថា គ្មានកន្លែងសម្រាប់ខ្សែប្រយុទ្ធ Liverpool កីឡាករ Roberto Firmino និងសម្រាប់ខ្សែការពារកណ្តាលកីឡាករ Thiago Silva ប្រធានក្រុម PSG ជាជម្រើសដំបូងនោះទេ ប៉ុន្តែពួកគេទំាំងពីរស្ថិតនៅក្នុងចំណោមកីឡាករជួរមុខទំាង១៥រូប ដែលរូបលោកបានជ្រើសរើស ។

កីឡាករទាំង ១១រូបស្ថិតនៅក្នុងជម្រើស១១នាក់នោះរួមមាន Alisson Becker អ្នកចាំទីវ័យ២៥ឆ្នាំ កំពុងលេងឲ្យក្រុម Roma, ខ្សែការពារ-បម្រើ Marcelo វ័យ ២៩ឆ្នាំ (Real Madrid), ខ្សែការពារ Miranda វ័យ៣៣ឆ្នាំ (Inter Milan), ខ្សែការពារ Marquinhos វ័យ២៣ឆ្នាំ (Paris Saint Germain), ខ្សែការពារស្តាំ Dani Alves វ័យ ៣៤ឆ្នាំ (Paris Saint Germain), ខ្សែបម្រើ Paulinho វ័យ២៩ឆ្នាំ(Barcelona), ខ្សែបម្រើ Renato Augusto(Beijin Guoan), ខ្សែបម្រើ Casemiro(Real Madrid), ខ្សែប្រយុទ្ធជួរមុខទាំង៣រូបគឺ Neymar (PSG), Coutinho (Barcelona) និង Gabriel Jesus (Man City) ។

ប្រេស៊ីលនឹងប្រើទម្រង់លេងតាមរូបមន្ត ៤-៣-៤ ខណៈការប្រកួតវគ្គជម្រុះក្រុមមួយនេះស្ថិតក្នុងពូលE ។ មានកីឡាករពីររូបទៀតដែលស្ថិតនៅក្នុងបញ្ជីជ្រើសរើសសម្រាប់ក្រុមផងដែរគឺ Fernandinho របស់ក្រុម Man City និង Willian របស់ក្រុម Chelsea។ ចំនួនកីឡាករសម្រាប់បម្រុងមាននៅសល់ ៨កន្លែងទៀត ត្រូវបានគ្រូបង្វឹករូបនេះកំពុងសម្លឹងមើលទម្រង់លេង ថាកីឡាកររូបណានឹងបង្ហាញសមត្ថភាពនៅក្នុងការប្រកួតតាមលីកអាជីពនៅតំបន់អឺរ៉ុប និងដែលកំពុងមមាញឹកជិតបញ្ចប់រដូវកាលដែលនៅសល់រយៈពេល៤ខែទៀត។

កីឡាករឆ្នើមមួយចំនួនស្ថិតនៅក្នុងក្រសែភ្នែកតាមដានរបស់គ្រូបង្វឹកលោក Tite នៅឡើយដូចជា អ្នកចាំទី Ederson (Man City), ខ្សែការពារ Danilo (Man City), ខ្សែការពារ David Luiz (Chelsea), ខ្សែបម្រើ Lucas Moura (Tottenham) ខ្សែការពារឆ្វេង Douclas Costa (Juventus), ខ្សែបម្រើ Filipe Luis(At.Madrid) និងខ្សែបម្រើ Rafinho របស់ក្រុម Bayen Munich។

សូមបញ្ជាក់ថា ប្រេស៊ីលគឺជាក្រុមដំបូងគឺបំផុតដែលបានជាប់ កៅអីវគ្គជម្រុះទៅលេងនៅព្រឹត្តិការណ៍ World Cup ដែលប្រារព្ធឡើងរយៈពេល ៤ឆ្នាំម្តង។ ក្រុមជើងឯក World Cup ៥សម័យមួយនេះកំពុងមានមានបំណងចង់ឈ្នះពាននេះលើកទី៦ ខណៈក្រុមប្រេស៊ីល នឹងត្រូវប្រកួតវគ្គជម្រុះក្នុងពូលE ទល់នឹងក្រុម New Zealand, Costa Rica, និង Serbia នោះ ដែលជាក្រុមមិនសូវល្បី ហើយក្រុមប្រេស៊ីលមានសង្ឃឹមខ្ពស់ក្នុងការប្រកួតវគ្គជម្រុះនេះ។ ក្រុមប្រេស៊ីល នឹងត្រូវប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមម្ចាស់ផ្ទះ Russia និងក្រុមការពារតំណែងជើងឯកអាល្លឺម៉ង់នាខែមីនាខាងមុខនេះ ៕ ដេវីត