ព័ត៌មានទាន់ហេតុការណ៍៖

ផលិតផលក្លែងក្លាយ៨៨តោនត្រូវសមត្ថកិច្ចបង្ក្រាបបាន

ភ្នំពេញ : លទ្ធផលក្លែងក្លាយចំនួន៨៨តោន ដែលគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបង្ក្រាបបាននាពេលកន្លងមកត្រូវបានបង្ហាញក្នុងសន្និសីទសារព័ត៌មាននៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានឲ្យដឹងថា : នាពេលកន្លងមកគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបង្រ្កាបផលិតផលក្លែងក្លាយចំនួន៤ករណី និងរឹបអូសវត្ថុតាងចំនួនសរុប៨៨តោនក្នុងនោះមាន : ១-ករណីបើកសិប្បកម្មផលិតកាហ្វេក្លែងក្លាយខុសច្បាប់ , ២-ករណីបើកទីតាំងផលិតសាច់បាតេមិនអនុលោមតាមច្បាប់,៣-ករណីបើកសិប្បកម្មផលិតម្រេច និងកាហ្វេមិនអនុលោមតាមច្បាប់ និង៤-ករណីនាំចូលផលិត វេចខ្ចប់ខុសច្បាប់លើផលិតផលម៉ាកSaint Amand ទឹកសុទ្ធម៉ាកEvian ស្រាបៀរម៉ាកCorona និងផលិតផលមួយចំនួនទៀត ។ ក្នុងឱកាសនោះដែរលោកនាយឧត្តមសេនេនីយ៍មៀច សុផាន់ណា ប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានឲ្យដឹងថា : យើងបានបង្ក្រាបករណីផលិតផលក្លែងក្លាយចំនួន៤ករណីនាពេលកន្លងមកក្នុងនោះ : ករណីទី១- នៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៨ក្រុមប្រតិបត្តិការពិសេសនៃគណ:កម្មាធិការប្រយុទ្ធផលិតផលក្លែងក្លាយបានចុះបង្ក្រាបករណីបើកសិប្បកម្មផលិតកាហ្វេក្លែងក្លាយ និងខុសច្បាប់ស្ថិតនៅភូមិឌួងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅដកហូតបានវត្ថុតាងចំនួន១០មុខស្មើនឹង៧តោនឃាត់ខ្លួនជនសង្ស័យបាន១នាក់។ ករណីទី២-នៅថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៨ បានចុះបង្ក្រាបករណីបើកទីតាំងផលិតប៉ាតេមិនអនុលោមតាមច្បាប់ស្ថិតនៅផ្លូវលំ(២០០៤)សង្កាត់ទឹកថ្លាខណ្ឌសែនសុខដកហូតវត្ថុតាងចំនួន១៤មុខស្មើនឹង០៥តោន។ករណីទី៣-នៅថ្ងៃទី០៦ខែកក្កដាឆ្នាំ២០១៨បានចុះបង្ក្រាបករណីបើកសិប្បកម្មផលិតម្រេច និងកាហ្វេមិនអនុលោមតាមច្បាប់ស្ថិតនៅផ្ទះលេខ២អឺ០ ផ្លូវលេខ២២៦ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដកហូតបានវត្ថុតាងចំនួន១៣មុខស្មើនឹង១៨តោន។ករណីទី៤-នៅថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០១៨ បានចុះង្ក្រាបករណីនាំចូលផលិត និងវិចខ្ចប់ក្លែងក្លាយ និងខុសច្បាប់នូវផលិតផលទឹកសុទ្ធម៉ាកSaint Amand , ទឹកសុទ្ធម៉ាកEvian,ស្រាបៀរម៉ាកCorona និងផលិតផលមួយចំនួនទៀតស្ថិតនៅផ្ទះលេខ១៣បេ ផ្លូវលំភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដកហូតបានវត្ថុតាងចំនួន១៣មុខស្មើនឹង៥៨តោន។

គួររំលឹកថា : ផលិតផលក្លែងក្លាយ និងសារធាតុគីមីជាង១០០តោនត្រូវបានគណះកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយកម្ទេចចោលនៅបរិវេណជាប់នឹងសាលាសង្កាត់បឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចក្រឡាហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

គណៈ​កម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (គ.ប.ផ.ក) បង្ក្រាប​ផលិតផល​ក្លែងក្លាយ​ក្នុងឆ្នាំ​២០១៧ បាន​១៩​ករណី រឹបអូស​វត្ថុតាង​សរុប​ចំនួន ៥៩៧,៥​តោន ធ្វើ​ពិធី​ដុត​បំផ្លាញ​ចោល ៨១​តោន ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​០៦​នាក់ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។យោងតាម​របាយការណ៍​របស់​គណៈ​កម្មា​ធិការ​នេះ បាន​បញ្ជាក់​ថា បទល្មើស​ដែល​បង្ក្រាប​បាន​ភាគច្រើន​ពាក់ព័ន្ធ​នឹងការ​នាំចូល​ស្តុក​ទុក និង​ចែកចាយ​ផលិតផល​គ្រឿង​សំអាង​ក្លែងក្លាយ និង​ខុស​ច្បាប់ ការ​នាំចូល ស្តុកទុក និង​ចែកចាយ​សារធាតុ​គីមី​ខុស​ច្បាប់ ការ​កែច្នៃ និង​ចែកចាយ​ផលិតផល​ពី​សាច់​សត្វ​ដោយ​ខុសច្បាប់ ការ​ផលិត និង​កែច្នៃ​គ្រឿង​ទេស​គ្មាន​ស្តង់​ដារ និង​គ្មាន​អនាម័យ។តាមរយៈ​ការ​អនុវត្ត​ប្រកាស​រួម និង​ផែនការ​អនុវត្ត​ប្រកាស​រួម និង​ផែនការ​អនុវត្ត​រួម​រវាង​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សុខាភិបាល ស្តីពី​ការ​គ្រប់គ្រង​គុណភាព​សេវាកម្ម និង​វិធានការ​ទប់ស្កាត់​ការធ្វើ​ចរាចរណ៍​ផលិតផល​សុខាភិបាល​ខុស​ច្បាប់ និង​សេវា​សុខា​ភិបាល​ឯកជន​ខុស​ច្បាប់ ដើម្បី​សុខភាព និង​សុវត្ថិភាព​សង្គម មក​ដល់​ពេល​នេះ ពិនិត្យ​ឃើញ​ថា បាតុភាព នៃការ​បង្កើត​សេវា​សុខា​ភិបាល​ឯកជន​ខុសច្បាប់​ បាន​ថយចុះ​គួរឲ្យ​កត់​សម្គាល់៕ តាឡឹម