ព័ត៌មានទាន់ហេតុការណ៍៖

ផ្កាយ២ផ្ទុះអាវុធ៣គ្រាប់​នៅខណ្ឌពោធិ៍សែនជ័យ បំបែកសកម្មភាពឈ្លោះគ្នា

ភ្នំពេញ៖ មានករណីផ្ទុះអាវុធចំនួន៣គ្រាប់ នៅវេលាម៉ោង០៧និង២០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅបុរីចាន់សម្បត្តិ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការផ្ទុះអាវុធនេះផ្ដើមចេញពីក្រុមក្មេងទំនើងផឹកស៊ីឈ្លោះគ្នា ហើយពលរដ្ឋចូលទៅឃាត់តែក្មេងទំនើងមិនស្ដាប់ ក៏សម្រេចចិត្តផ្ទុះអាវុធតែម្ដង។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ការបាញ់កាំភ្លើង៣គ្រាប់នេះ ដើម្បីបំបែកសកម្មភាពឈ្លោះគ្នា ។ ឈ្មោះ អ៊ឹម សុថា ជាមន្ដ្រីយោធា ឋានន្ដរស័ក្ដិថ្នាក់ឧត្ត​មសេនីយ៍ទោ (ផ្កាយ២) អាយុ​៤៨ឆ្នាំជាអ្នកបាញ់។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ដើមចមដែលនាំឲ្យមានការផ្ទុះអាវុធនេះ គឺផ្ដើមចេញពីក្រុមក្មេងទំនើងមួយក្រុម​បានផឹកស៊ី ស្រាប់តែឈ្លោះគ្នា ពេលនោះមន្ដ្រីយោធាខាងលើ បានចូលទៅ​ឃាត់កុំឲ្យឈ្លោះគ្នា តែក្រុមក្មេងទំនើងទាំងនោះមិនស្ដាប់ បែរជាទាញកាំបិតកាប់មន្ដ្រីយោធាបណ្ដាលឲ្យរងរបួសដៃ ភ្លាមនោះជនរងគ្រោះជាមន្ដ្រីយោធា ​​បានបង្ខំចិត្តដកកាំភ្លើងម៉ាក រ៉ូឡូ នៅចង្កេះបាញ់ឡើងលើចំនួន៣គ្រាប់ ដើម្បីបំបែកតែម្ដង តែមិនបណ្ដាលឲ្យត្រូវពលរដ្ឋណាម្នាក់ឡើយ។

ក្រោយកើតហេតុទាំងកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើអន្ដរាគមន៍ និងបានដកហូតកាំភ្លើងរបស់លោកឧត្តមសេនីយ៍យោធាជាបណ្ដោះអាសន្ន ដើម្បីចាត់ការបន្ដតាមនីតិវិធីផងដែរ៕​