ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះឃ្លាំងគ្រាប់​នៅអ៊ុយក្រែន​ ជម្លៀសខ្លួនជាង១២.៥០០នាក់

មនុស្សជាង១២.៥០០នាក់​បានភៀសខ្លួន កាលពីថ្ងៃអង្គារ គេចចេញ​ឲ្យឆ្ងាយពីហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់រំសេវរបស់កម្លាំងទាហានអ៊ុយក្រែន ស្ថិតនៅភាគខាងជើង តំបន់ Chernigiv ។

នាយអគ្គសេនាធិការកម្លាំងទាហានអ៊ុយក្រែនបាននិយាយថា ភ្លើងចាប់ផ្តើមឆេះ​នៅវេលាម៉ោងរំលងអធ្រាត្រ ថ្ងៃទ៩ ខែតុលា ឆ្នាំ២០១៨ បង្កឲ្យមានហេតុការណ៍ផ្ទុះ​៤កន្លែងផ្សេងគ្នា ក្នុងឃ្លាំងគ្រាប់ លាតសន្ធឹង​ជិតទីប្រជុំជន Ichna ចម្ងាយ១៧០គីឡូម៉ែត្រ​ ខាងកើត ទីក្រុង Kiev ។

ការផ្ទុះឃ្លាំងគ្រាប់រំសេវ​នេះ ធ្វើឲ្យបែកធ្លាយវិទ្យុសកម្ម​ បាចសាចកម្ទេចកម្ទីក្នុងបរិវេណ​ប្រហែល១៦គីឡូម៉ែត្រ ជុំវិញផ្ទៃដីប្រហែល៦៨២ហិកតា ។

ក្រសួងការពារជាតិអ៊ុយក្រែន​ប្រកាសថា ហេតុការណ៍នេះ​មិនបណ្តាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។

លោក Rodion Tymoshenko នាយអគ្គសេនាធិការរងកងទ័ពអ៊ុយក្រែន​និយាយថា ជំនាញពាក់ព័ន្ធបាននិងកំពុងស៊ើបអង្កេត​មូលហេតុបណ្តាលឲ្យអគ្គិភ័យ និងផ្ទុះឃ្លាំងគ្រាប់រំសេវ​មួយនេះ ។

និយតករអាកាសចរណ៍អ៊ុយក្រែនបានបិទផ្លូវអាកាសចម្ងាយ៣០គីឡូកម៉ែត្រ​ពីឃ្លាំងផ្ទុះគ្រាប់​រំសេវ​ ដែលការផ្ទុះឆេះ ក៏បណ្តាលឲ្យកើតឡើងករណីសាយភាយសារធាតុវិទ្យុសកម្ម ។

ក្រុមពន្លត់អគ្គិភ័យ និងក្រុមប្រតិកម្មរហ័សរបស់កម្លាំងយោធា​​ទទួលបញ្ជាឲ្យទៅអន្តរាគមន៍ហេតុការណ៍នេះ ។ រដ្ឋាភិបាលក៏ប្រកាសថា នឹងផ្តល់ជំនួយដែលចាំបាច់ដល់ជនរងគ្រោះផងដែរ ។

សូមបញ្ជាក់ថា ករណីបែបនេះ​បានកើតឡើងលើកទី៤ហើយ នៅក្នុងប្រទេសអ៊ុយក្រែនរយៈពេល​២ឆ្នាំ ។ ហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់៣លើកមុន កើតឡើងនៅតំបន់ Donetsh និង Kharkov និងនៅភាគខាងកើតអ៊ុយក្រែន និងតំបន់ Vinnytsya ភាគកណ្តាលអ៊ុយក្រែន ៕