ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធ២គ្រាប់ឃាត់ខ្លួនមុខសញ្ញាបាន២នាក់

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង២៣ ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័កព.ស. ២៥៦១ ត្រូវថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ មានប្រជាពលរដ្ឋបានរាយការណ៍តាមទូរស័ព្ទមកកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តថា នៅមុខសាលារៀនបឋមភូមិអូរអិល ជិតផ្លូវជាតិលេខ៥៧ មានក្មេងទំនើងពរីក្រុម មួយ ក្រុមមានគ្នាជិត១០នាក់ បានត្រៀមវ៉ៃគ្នា ស្ថិតនៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចនគរបាលនៃស្នងការខេត្តបានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ចក៏បានធ្វើការចុះល្បាតទៅដល់គោលដៅ នៅចំណុចទល់មុខដីលោកឃិនវុទ្ធី (មន្រ្តីមន្ទីរសូរិយោដីដែនដីនគរូបនីយកម្មខេត្ត) ស្ថិតក្នុងភូមិអូរអិល ក៏បានចាប់ឃាត់ខ្លួនយុវជនចំនួន២នាក់ ដែលបានជិះម៉ូតូ១គ្រឿង បានគប់ដុំថ្មសំដៅទៅលើរថយន្តរបស់កងកម្លាំងសមត្ថកិច្ចនគរបាលខេត្តបណ្តាលឲ្យកំពិតទ្វាររថយន្តខាងក្រោយ ភា្លមៗនោះកម្លាំងសមត្ថកិច្ចក៏បានដេញបង្ក្រាប តែមុខសញ្ជាបានរត់ពុំព្រមឈប់ឡើយ បន្ទាប់មក សមត្ថកិច្ចបានផ្ទុះអាវុធខ្លី AK 54 ចំនួន ២ គ្រាប់ ទើបឃាត់ខ្លួនមុខសញ្ញាបាន២នាក់ យកទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បី សាកសួរ និងអនុវត្តតាមនីតិវិធី ។

សមត្ថកិច្ចបានបន្តថា ជនបង្កដែលឃាត់ខ្លួនបានទី១ ឈ្មោះ ផែង សុភ័ក្រ (ជាជនដៃដល់) ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ សញ្ជាតិខ្មែរ ជនជាតិខ្មែរ រស់នៅក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងទី០២ ឈ្មោះ អាន ទក ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករ សញ្ជាតិខ្មែរ ជាជនជាតិខ្មែរ រស់នៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងអនុវត្តតាមនីតិវិធី ៕ ស សារ៉េត