ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះឈើ ១ខ្នងត្រូវបានអគ្គិភ័យឆេះម៉ត់សង្ស័យទុស្សេខ្សែភ្លើង

ខេត្តពោធិ៍សាត់៖ នគរបាលស្រុកបាកានបានឲ្យដឹងថា ផ្ទះឈើ ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅគ្រាដែលម្ចាស់កំពុងដេកលង់លក់នាពាក់កណ្ដាលអធ្រាត្រ ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីទុស្សេខ្សែភ្លើង។

ប្រភពព័ត៌មានពីនគរបាលខាងលើបន្តថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ និង០០នាទី ពាក់កណ្ដាលអធ្រាត្រថ្ងៃព្រហស្បតិ៍ ១កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិខ្នារទទឹង ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពដដែលបន្តទៀតថា ផ្ទះត្រូវបានអគ្គិភ័យឆាបឆេះសង់អំពីឈើ ដំបូងប្រក់សង្កសី មានទំហំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ ។ សម្ភាររងការខូចខាត់រួមមាន អង្ករចំនួន ៥០គីឡូក្រាម លុយចំនួន ៣៨,០០០០០រៀល(បីលានប៉ែតសិបមឺុន) និងសម្ភារផ្សេងៗឆេះអស់ទាំងស្រុង ម្ចាស់ឈ្មោះ សេង ស៊ុយ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

ករណីនេះសមត្ថកិច្ចសង្ស័យថាអាចបណ្ដាលមកពីទុស្សេខ្សែភ្លើងអគ្គិសនី ទើបបណ្ដាលឲ្យឆ្លងឆាបឆេះបែបនេះ៕ ប៉ឹម ពិន