ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវដែលធ្លាប់តែទ្រុឌទ្រោមត្រូវបានជួលជុលជាផ្លូវបេតុង

ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានយកគ្រឿងចក្រមកការផ្លូវជួលជុលដើម្បីចាក់ធ្វើជាផ្លូវបេតុងដើម្បីងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយសារតែកន្លងមកខណះភ្លៀងមកម្តងៗតែងតែជន់លិចនិងជង្ហុកជ្រៅៗ ។

លោក កង វង ចៅសង្កាត់ចោមចៅទី១ ដែលទើបនិងឡើងកាន់ដំណែងថ្មីបានឲ្យដឹងថា ផ្លូវដែលកំពុងតែជួសជុលខាងលើមានទទឹង៨ម៉ែត្រ ហើយការចាក់ផ្លូវបេតុងនេះគឺតាមពីផ្លូវវេងស្រេង រហូតមកដល់តាមស្រះព្រះទន្លេខាងជើងចំងាយប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

គេសង្កេតឃើញថា កំណាត់ផ្លូវខាងលើមានការទ្រុឌទ្រោមយ៉ាងខ្លាំងអស់រយះពេលជាយូរឆ្នាំមកហើយដោយសារតែមានរថយន្តធន់ធំបើកឆ្លងកាត់ទីនោះជាច្រើនផងដែរ រហូតមកដល់ពេលនេះទើបអាជ្ញាធរបានយកគ្រឿងចក្រមកកាយនិងចាក់ថ្មដើម្បីចាក់ជាផ្លូវបេតុង ៕ សុខាសែនជ័យ