ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវរថភ្លើងពី ប៉ោយប៉ែត-សិរីសោភ័ណ បានដាក់ឲ្យដំណើរការហើយ

ប៉ោយប៉ែត៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ផ្លូវរថភ្លើងដែលផ្អាកដំណើរការ៤៥ឆ្នាំ ឥឡូវនេះចាប់ផ្តើមដំណើរការឡើងវិញ ហើយសម្រាប់ដឹកអ្នកដំណើរ ពីប៉ោយប៉ែត ទៅសិរីសោភ័ណ និងជិះមិនអស់លុយរយៈពេល៤ខែ ចាប់ពីថ្ងៃទី៤ មេសា ដល់ទី១ ខែសីហា ឆ្នាំ២០១៨។

ផ្លូវរថភ្លើងពី ក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ មានប្រវែងសរុប ៤៨គីឡូម៉ែត្រ ដែលត្រូវឆ្លងកាត់៦ស្ថានីយ (ប៉ោយប៉ែត- កូប-សូភី-សាលាក្រហម-ទឹកថ្លា-សិរីសោភ័ណ)។

សូមបញ្ជាក់ថា ក្នុងដំណើរការសាកល្បង ចាប់ពីថ្ងៃទី៤មេសា ដល់ទី១ ខែសីហា ឆ្នាំ២០១៨ ខាងមុខ អ្នកដំណើរនឹងជិះដោយឥតគិតថ្លៃនេះ ក្នុងនោះកម្មវិធីជិះមាន ៣ជើងចេញពីប៉ោយប៉ែតមក សិរីសោភ័ណ និង៣ជើងពីសិរីសោភ័ណត្រឡប់ទៅប៉ោយប៉ែតវិញ ដោយចាប់ផ្តើមពីម៉ោង៧ព្រឹក និងចប់នៅម៉ោង៥និង១៥នាទីល្ងាច។ ក្នុងដំណើរការដំបូងនេះខ្សែរថភ្លើង មានទូអ្នកដំណើរបំពាក់ កៅអីពូកនិងមានម៉ាស៊ីនត្រជាក់ ១ទូ និងទូដឹកអីវ៉ាន់១៕