ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលសមត្ថកិច្ច២ខណ្ឌដេញចាប់ជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ក្រោយពីសមត្ថកិច្ចហៅឲ្យឈប់តែមិនឈប់

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ បានជិះម៉ូតូមួយគ្រឿង អត់ស្លាកលេខ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ខណះដែរសមត្ថកិច្ចឃើញសង្ស័យ ក៏ហៅឲ្យឈប់ តែមិនព្រមឈប់ បានបន្ថែម​ល្បឿនបើករត់ ធ្វើឲ្យសមត្ថកិច្ចខណ្ឌដង្កោ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យដេញចាប់បានម្នាក់ ឯ២នាក់ទៀតលោតចូលប្រឡាយបាត់ទឹកស្អុយបាត់ ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចមុខវត្តស្លែង ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រត់ដល់មុខស្ថានីយបូមទឹកស្អុយបឹងទំពន់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូស៊ីរុស អត់ស្លាកលេខ ពណ៌ក្រហម ដាក់ដែកសម្រាប់សណ្ដោងរ៉ឺម៉ក បានជិះតាមបណ្តោយផ្លូវជាតិលេខ៣ សមត្ថកិច្ចសង្ស័យ ក៏ដេញចាប់រហូតតាំងពីផ្លូវជាតិលេខ៣ មុខវត្តស្លែង ទិសដៅពីត្បូងមកជើង សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានជួយឃាត់ដែរ តែមិនព្រមឈប់ ដោយបើក​រត់តាមបណ្ដោយផ្លូវវេងស្រេងបត់មកផ្លូវ២១៧ទិសដៅពីជើងមកត្បូង និងបត់មកផ្លូវ៣៧១ដល់មុខស្ថានីយបូមទឹកលូទឹកស្អុយបឹងទំពុន ក៏បានផ្ដួលម៉ូតូចោល ជនសង្ស័យ២នាក់ លោតចូលទឹកស្អុយហើយហែលទៅកន្លែងងងឹតបាត់ឈឹង ចំណែកម្នាក់ទៀត សមត្ថកិច្ចឃាត់ខ្លួននាំយកទៅ សួរនាំនៅប៉ុស្ដិ៍ដង្កោ។

ក្រោយមកសមត្ថកិច្ចបានយកម៉ូតូ និងជនសង្ស័យម្នាក់ ដើម្បីទៅសួរនាំ ដោយស្ថិតក្នុងការសង្ស័យ២ករណី ទី១.ករណីជួញដូរគ្រឿងញៀន និងសេពគ្រឿងញៀន​ ទី២.សង្ស័យលួចម៉ូតូរ៉ឺម៉កដុះកន្ទុយចេញ។ តែក្រោយពីសមត្ថកិច្ចបានពិនិត្យទឹកនោមរួចឃើញថា មានសារធាតុញៀនពិតប្រាកដមែន ទើបសមត្ថកិច្ច​បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ