ព័ត៌មានទាន់ហេតុការណ៍៖

ពលការិនីខ្មែរអ៊ិស្លាមម្នាក់ទៀតដែលចាញ់បោកមេខ្យល់ត្រូវបានជួយសង្គ្រោះពីប្រទេសអារ៉ាប់

ភ្នំពេញ ៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបានផ្តល់កិច្ចអន្តរាគមន៍ ដល់ពលការិនីខ្មែរម្នាក់ទៀតដែលចាញ់បោកមេខ្យល់ម្នាក់មិនមានក្រុមហ៊ុនច្បាស់លាស់ឈ្មោះ ជីប ណូស្នី នៅភូមិថ្មី ឃុំ ពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំទៅធ្វើការខុសច្បាប់នៅប្រទេសអារ៉ាប៊ីសា អ៊ូឌីតរយៈពេលជាង២ឆ្នាំ ។

ពលការិនីជនរងគ្រោះឈ្មោះ លី សំរ៉ោះ អាយុ២២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មកពីភូមិត្រពាំងថ្ម ឃុំពពេល ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ ជាកូនច្បង ក្នុងចំណោម បងប្អូន៧នាក់ ដែលជាគ្រួសារកសិករ មាន ជីវភាពក្រលំបាកបានសម្រេចចិត្តទៅធ្វើការជាស្រ្តីបម្រើការងារផ្ទះនៅអារ៉ាប៊ីសា អ៊ូឌីតតាមរយៈមេខ្យល់ខុសច្បាប់មិនមានក្រុមហ៊ុន និងអាជ្ញាបណ្ណបញ្ជូនពលករ បានបញ្ជូននាងទៅធ្វើការកាលពីខែមិថុនា ឆ្នាំ២០១៧។

តាមការបញ្ជាក់ដោយផ្ទាល់ពីស្រ្តីរងគ្រោះខាងលើបានឲ្យដឹងថា កំឡុងពេល ជាង១៤ខែដែលខ្លួនស្នាក់នៅបម្រើការងារនៅអារ៉ាប៊ីសាអ៊ូឌីតគឺភាគីមេខ្យល់ដែល បញ្ជូននាងទៅដោយខុសច្បាប់នោះបានទាក់ទងនិយាយគ្នាបានម្តងគត់។ តែក្រោយ មកក៏បាត់ឈ្មោះសូន្យឈឹងលែងទាក់ទងបាន ខណៈដែលខ្លួនជាស្រ្តីបម្រើការងារ បានបន្តធ្វើការងារទាំងវេទនាត្រូវបានម្ចាស់ផ្ទះប្រើឲ្យធ្វើការហួសកម្លាំង និងលើស ម៉ោងរហូត ។

ស្ដ្រី លី សំរ៉ោះ បានបន្ថែមថា ទោះយ៉ាង ណាបញ្ហារំលោភលើកម្លាំងពលកម្មមិន សូវចោទជាបញ្ហាធំនោះទេ។ អ្វីដែលជា ឧបសគ្គធំធេងបំផុតធ្វើឲ្យនាងរកវិធីចាកចេញពីផ្ទះដែលធ្វើការក៏ដូចជារកអ្នកជួយធ្វើអន្តរាគមន៍ពីរាជរដ្ឋាភិបាល និងថ្នាក់ដឹក នាំក្រសួងពាក់ព័ន្ធគឺដោយសារតែថៅកែប្រុសជាភាគីម្ចាស់ផ្ទះដែលខ្លួននៅបម្រើ ការងារនោះក្រៅពីរំលោភលើកម្លាំងពល កម្មធ្វើការហួសកំណត់ហើយតែងតែមកឆាឆៅក្នុងគោលបំណងប៉ុនប៉ងរំលោភលើខ្លួនប្រាណរបស់នាងថែមទៀតដែលតែងតែបង្ករឿងភិតភ័យដល់រូបនាងជារឿយៗ។

ភ្លាមៗឆ្លើយតបនឹងការប្រកាសស្វែង រកការជួយអន្តរាគមន៍ពីសំណាក់ស្ត្រីរងគ្រោះខាងលើលោក អូស្មាន ហាស្សាន់ បាន លើកឡើងថា ក្នុងនាមជារដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលភារកិច្ចពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់ ក្នុងការទទួលបន្ទុកដោះស្រាយរាល់បញ្ហានានាទាក់ទងនឹងវិស័យពលកម្មការងារ និងបញ្ហាផ្សេងៗនៅបណ្តាប្រទេសមជ្ឈិមបូព៌ាលោកក៏បានចាត់ចែងដោះស្រាយជាបន្ទាន់ ដោយទំនាក់ទំនងជាមួយស្ថានទូត កម្ពុជាប្រចាំប្រទេសអេហ្ស៊ីបដើម្បីផ្តល់បទអន្តរាគមន៍សម្រួលឲ្យនារីរងគ្រោះខាងលើនេះបានចាកចេញពីម្ចាស់ផ្ទះជនជាតិអារ៉ាប់ដែលខ្លួនកំពុងបម្រើការងារទៅរកមណ្ឌលគាំពារស្ត្រីរងគ្រោះអារ៉ាប៊ីសាអ៊ូឌីតដោយ សុវត្ថិភាព និងបានត្រឡប់មកកាន់កម្ពុជា វិញដោយសុវត្ថិភាពនៅយប់ថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១៨ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ ថា នេះជានារីរងគ្រោះទី៥ហើយ ដែលលោកបានដោះស្រាយឲ្យបានវិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព ប៉ុន្តែដោយ សារនៅប្រទេសអារ៉ាប់នោះមិនទាន់មានស្ថានទូត ឬស្ថានកុងស៊ុលរាល់ការដោះ ស្រាយបញ្ហាម្ដងៗមានការលំបាកយឺតយ៉ាវដែលលើកទី១ លោកបានសហការស្ថាន ទូតកម្ពុជាប្រចាំនៅរដ្ឋគុយវ៉ែតផង អេហ្ស៊ីប ផង។ រីឯលើកទី២, ៣, ៤ និងទី៥នេះយើង សហការជាមួយស្ថានទូតប្រចាំនៅអេហ្ស៊ីបតែម្តង ។

ពលការិនីរងគ្រោះ លី សំរ៉ោះ ក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងថ្លែងអំណរគុណដល់លោក អូស្មាន ហាស្សាន់ ជាថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហការីព្រមទាំងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសអេហ្ស៊ីបដែលបានជួយធ្វើអន្តរាគមន៍ដោះស្រាយទុក្ខលំបាករបស់នាងបានទាន់ ពេលវេលា ៕ ហេង សូរិយា