ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋឃុំគគីដែលរងគ្រោះដោយគ្រាប់បែកគីមីទម្លាក់ដោយអាមេរិក បន្តទទួលបានការព្យាបាលជំងឺ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ៥១៧នាក់បានទទួលការព្យាបាលពីសំណាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មន្ទី សុខាភិបាលខេត្តស្វាយរៀងជាលើកទី៤ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅបរិវេណវត្តគគីរ ឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមមន្ត្រីសាលាស្រុករមាសហែកបានអោយដឹងថា ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងក្រុមគ្រូពេទ្យស្រុករមាសហែក បានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋឃុំគគីរ ដោយមិនគិតថ្លៃ ចំនួន៥៧១នាក់ ស្រី៣៥០នាក់ ។ ការពិនិត្យ និងព្យាបាលជំងឺនេះ មានការចូលរួមពីក្រុមគ្រូពេទ្យចំនួន៣៧នាក់ ។ ពិនិត្យ និងព្យាបាលជំងឺទូទៅ កុមារ ជំងឺរមាស់សើស្បែក ជំងឺភ្នែក ។ល។ ចំពោះឱសថមួយចំនួនបានទទួលពីក្រសួងសុខាភិបាល និងមួយចំនួនទៀតទទួលបាន ពីការឧបត្ថម្ភរបស់លោកជំំទាវបណ្ឌិត ម៉ែន សំអន។

ប្រភពបាន បញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលក្រុមគ្រូពេទ្យស្មគ្រចិត្តមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាលខេត្ត បានដាក់ផែនការចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ក្នុងមួយខែម្តង រហូតដល់មណ្ឌលសុខភាពគគីរ បានសាងសង់រួចរាល់ជាស្ថាពរ។

សូមបញ្ជាក់ថា ដោយសារឥទ្ធិពលសារធាតុគីមី បានបង្ខំឲ្យពលរដ្ឋឃុំគីគរ ត្រូវបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យ បន្ទាប់ពីមានបញ្ហាសុខភាព ដោយសារថប់ដង្ហើម ក្តៅក្រហាយ និងរមាស់លើស្បែក នៅពេលដែលប្រជាពលរដ្ឋកាយប៉ះរណ្តៅគ្រាប់បែកគីមីចំនួន ២លើក ។ លើកទី១ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ និងលើកទី២ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ សរុបទាំងពីរលើកចំនួន ១៨នាក់ ដែលប៉ះពាល់ផ្ទាល់ ។ ក្រោយពីហេតុការណ៍ប៉ះពាល់ផ្ទាល់នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ មក មានពលរដ្ឋឃុំគីគរចំនួន ១៤១នាក់ បានទៅពិនិត្យសុខភាព និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងមន្ទីរពេទ្យបង្អែកស្រុករមាសហែក ក្នុងនោះអ្នកជំងឺដែលសង្ស័យប៉ះពាល់ជាមួយសារធាតុគីមីមានចំនួន១០៩នាក់ និងអ្នកជំងឺដែលមិនប៉ះពាល់ជាមួយសារធាតុគីមីមានចំនួន៣២នាក់ ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ដោយមានប្រជាពលរដ្ឋជាច្រើនទៀត រងផលប៉ះពាល់សារ សារធាតុគីមីនេះ ហើយមិនបានមករកសេវាព្យាបាលដោយសារតែមណ្ឌលសុខភាព និងមន្ទីរពេទ្យនៅឆ្ងាយ ទើបក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាលខេត្ត ចុះទៅពិនិត្យព្យាបាលដល់មូលដ្ឋានរបស់គាត់ផ្ទាល់ផងដែរ ៕ យឹម សុថាន