ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចោទថាលោកអ៊ឹម រ័ត្ន ប្រធានសហគមន៍ជាំស្មាច់ជាមន្រ្ដីគ្រាប់ល្ពៅការពារព្រៃ ដើម្បីប្រយោជន៍ខ្លួនឯង មិនមែនប្រយោជន៍សមាគមន៍នោះទេ

ខេត្តកំពង់ធំ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ អ្នកសារព័ត៌មាន យើងបានទទួលសេចក្ដីរាយការណ៍មួយពីប្រជាពលរដ្ឋ នៅភូមិទំអរ មកថា អ្នក ដែលកាប់ឈើក្នុងព្រៃសហគមន៍ តំបន់ជាំស្មាច់ ស្ថិតនៅភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នោះគឺពួកមន្រ្ដីជំនាញរដ្ឋបាលព្រៃឈើជាអ្នកបង្កើត ហើយក៏ជាអ្នកកាប់បំផ្លាញព្រៃសហគមន៍នេះឯង ក្នុងគោលបំណងគិតតែប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនបានអភិរក្ស និងថែរក្សា ឲ្យបានគង់វង្សដូច ដែលរដ្នាភិបាលបានដាក់ជូននោះទេ ។

ជាក់ស្ដែង នៅថ្ងៃទី២៣ និង២៤ ខែកញ្ញា ឆ្នាំ២០១៨ អ្នកសារព័ត៌មានបានមកដល់គោលដៅ ក៏ប្រទះឃើញឈើដូចសេចក្ដីរាយការណ៍មែន ដែលក្រុមឈ្មួញ បានកាត់ផ្តួលដេកពេញព្រៃយ៉ាងអានាធិបតេយ្យ ដោយគ្មានខ្លាចញញើតច្បាប់នោះឡើយ ។ ភ្លាមៗនោះ ក្រុមការងារសារព័ត៌បានសួរ អ្នកកាន់ម៉ាស៊ីនអារឈើទាំង២នាក់ គាត់បានប្រាប់ថា ខ្ញុំស៊ីឈ្នួល ថៅកែឈ្មោះ អ៊ឹម រ័ត្ន ( ហៅរ៉េត ) ជាប្រធានសហគមន៍ជាំស្មាច់ ប្រចាំនៅភូមិទំអរនេះ ។

អ្នកយកព័ត៌មានបានតេ ទូរស័ព្ទសម្ភាសន៍ លោក អ៊ឹម រ័ត្ន( ហៅរ៉េត ) លោកឆ្លើយតបថា ជាឈើរបស់លោកមែន ដោយបញ្ជាក់ថាមានច្បាប់ពីលោកមេឃុំ ទំរីង ឈ្មោះ សៀ សឿ គាត់ជាអ្នកចេញឲ្យ តែ លោកមេឃុំ សៀ សឿ បានបំភ្លឺតាមទូស័ព្ទថា លោកមិនបានដឹងទេ ហើយក៏មិនសិទ្ធិចេញច្បាប់ឲ្យអារឈើនោះដែរ ទោះបីជាយ៉ាងក៏ដោយក្នុងនាមលោកជាអាជ្ញាធរ ពេលដឹងឮហើយ គួរតែលោកមានវិធានការ ដើម្បីលុបលាងការចោទប្រកាន់ទាំងនេះ តែទីបំផុតទើបដឹងថា ទាំងមេឃុំ ទាំងលោក អ៊ឹម រ័ត្ន គឺជាមេឃ្មួត ឃុបឃិតគ្នាបំផ្លាញព្រៃឈើ យូរណាស់មកហើយ ហើយក៏ជាពាក្យដោះសារ របស់លោក អ៊ឹម រ័ត្ន ប្រធានសហគមន៍នៅភូមិទំអរ នេះដែរ ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិទំអរ បាននិយាយចំៗថា ប្រធានសហគមន៍រូបនេះ គាត់កាន់កាប់ដែនព្រៃសហគមន៍នេះ រាប់សិបឆ្នាំមកហើយ តាំងពីឈើ នៅច្រើន រហូតអស់ឈើ ដោយសារគាត់បើកដៃឲ្យឈ្មួញ ចូលកាត់ដឹកជញ្ជូន រៀងរាល់ថ្ងៃ មិន ដែលឃើញមានការទប់ស្កាត់ពីសំណាក់មន្ត្រីជំនាញប្រចាំនៅតំបន់នោះសោះ ។

ប្រជាពលរដ្ឋបានបានថ្លែងថា ក្នុងនាមខ្ញុំជាពលរដ្ន រស់នៅភូមិទំអរ ស្នើសុំឲ្យអ្នកដឹកនាំខេត្ត មេត្តាជួយមើលព្រៃមួយកន្លែងនេះផង ! ពីព្រោះព្រៃនោះជាជម្រកសត្វព្រៃដ៏កម្រ មិនគួរណា បើកដៃឲ្យលោកអ៊ឹម រ័ត្ន ( ហៅរ៉េត ) ធ្វើមានធ្វើបាន ដោយសារកាប់បំផ្លាញព្រៃឈើនោះទេ ។ ដូច្នេះពួកខ្ញុំសំណូមពរ ដល់លោកអភិបាលខេត្ត កំពង់ធំ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង មន្ត្រីជំនាញខេត្ត ជាពិសេស លោក ប៊ុន សុធី នាយខ័ណ្ឌរដ្នបាលព្រៃឈើគួរ អញ្ចើញគាត់ចុះទៅមើលដល់គោលដៅកុំឲ្យក្លាយជាមន្ដ្រីជើង១០ ដូច ដែលសម្ដេច ហ៊ុន សែន ដាក់ងារឲ្យនោះ ៕ ប៊ុនរិទ្ធី