ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋនៅឃុំត្រពាំងធំនាំគ្នាបិទផ្លូវជាលើកទី៣ទាមទារឲ្យប្ដូរទីតាំងចាក់សំរាម

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្នបានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់នៅស្រុកប្រាសាទបាគង មកពី៥ភូមិ នៃឃុំត្រពាំងធំ បានប្រមូលគ្នាមកកាន់ច្រកចូលទីតាំងចាក់សំរាមដែលស្ថិតនៅ ជាប់របងប៉ុស្តិ៍ នគរបាលត្រពាំងធំ ជាលើកទី៣ កាលពីថ្ងៃទី៣០ សីហា ឆ្នាំ២០១៨ ដើម្បីទាមទារឲ្យក្រុមហ៊ុន ហ្គាអ៊ីយ៉ា ភីអិលស៊ី ដែលជាអ្នកម៉ៅការដឹកជញ្ជូនសំរាមចេញពីក្នុងក្រុងសៀមរាប បញ្ឈប់ការសន្យាខ្យល់ ដោយពួកគាត់បានយកឈើបង្គោលក្រាក់ធំៗ ទៅបោះចំកណ្តាលផ្លូវ ហើយសរសេរថា ឡានសំរាមហាមចូល ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហ្គាអ៊ីយ៉ា ភីអិលស៊ី ដែលជាអ្នកម៉ៅការដឹកជញ្ជូនសំរាមចេញពីក្នុងក្រុងសៀមរាប ដែលបានសន្យាខ្យល់ជាមួយក្រុមអ្នកភូមិនៃ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប រយៈពេល៦ខែរួចមក ដោយពួកគាត់រង់ចាំយូរពេក ទើបនាំគ្នសម្រេចចិត្តលើកគ្នាមកបិទផ្លូវជាថ្មី(លើកទី៣) ក្រោយចុះកិច្ចសន្យារយៈពេល៦ខែថា ប្តូររ ទីតាំងចាក់សំរាម ពីកន្លែងចាស់ទៅកាន់កន្លែងថ្មី តែគ្មានការអនុវត្តដូចកិច្ចសន្យា ដែលនិយាយជាមួយ ពលរដ្ឋទាល់តែសោះ ។

តំណាងក្រុមអ្នកភូមិបានលើកឡើងថា អស់រយៈពេលជាង១១ឆ្នាំមកហើយ ដែលពួកគាត់ប្រមាណជា៥ភូមិ ក្នុងឃុំត្រពាំងធំ នៃស្រុកប្រសាទបាគង ដែលរស់នៅរាល់ថ្ងៃ រងការស្រង់ចំហាយក្លិនស្អុយ ពីសំណាក់រណ្តៅសំរាម របស់ក្រុមហ៊ុនហ្កាអ៊ីយា(Gaea) មួយនេះ ។ ក្នុងរយៈពេលជាង១១ឆ្នាំមកនេះ មនុស្សប្រុសស្រី កុមារតូចធំទទួលរងផ្ទុកដោយជំងឺផ្លូវដង្ហើម ដែលជំងឺនេះពេលទៅដល់ពេទ្យ ហើយក្រុមគ្រូពេទ្យដឹងថា អ្នកជំងឺមកពីឃុំត្រពាំងធំ គឺតម្រូវឲ្យដាក់បន្ទប់ផ្សេងព្រោះកើតចេញពីសំរាម ។

លោក ឡឹង ម៉ុន អាយុ៥២ឆ្នាំ ដែលជាពលរដ្ឋមក ពីភូមិអន្លង់២ ឃុំត្រពាំងធំ បានបញ្ជាក់ថា ដោយសារក្លិនស្អុយជាច្រើនឆ្នាំមកនេះ ពួកគាត់បានមក បិទផ្លូវម្តងហើយ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ដើម្បីសុំឱ្យមានការប្តូររទីតាំងចាក់សំរាម ចេញពីទីកន្លែងនេះ លោកបានបញ្ជាក់បន្ថែមថា រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ នៅតែមិនផ្លាស់ប្តូររទៀត ទើបពួកគាត់នាំគ្នាយករបងក្រាក់មកបិទសារជាថ្មី ដើម្បីឱ្យអាជ្ញាធរខេត្ត ក៏ដូចជាស្រុកជួយដោះស្រាយផងដែរ ។

ខណៈនោះដែរឡានដឹកសំរាមដែលដឹកចេញពីក្នុងក្រុងសៀមរាប មកចាក់នៅទីលានសំរាម ប៉ុន្តែដោយសារចូលមិនរួចទើបពួកគេចតទុកនៅស្ងៀម តាមបណ្តោយផ្លូវជាតិ លេខ៦ ដោយរង់ចាំការដោះស្រាយពីម្ចាស់ក្រុមហ៊ុន និងប្រជាពលរដ្ឋសិន ទើបនាំគ្នាបើកចូលទៅចាក់រួច ត្រឡប់មកដឹកចេញក្នុងក្រុងវិញ ។ ក្នុងការបិទផ្លូវនោះដែរគេឃើញមានវត្តមានលោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប, លោក ម៉ក់ សំភា អភិបាលស្រុកប្រសាទបាគង, លោក នួន មុន្នី ប្រធានមន្ទីរបរិស្ថានខេត្ត ,លោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង និង លោក សយ សីហា មេឃុំត្រពាំងធំ បានហៅក្រុមអ្នកភូមិទាំងអស់នោះមកប្រជុំ នៅមុខស្នាក់ការ ប៉ុស្តិ៍នគរបាលត្រពាំងធំ ដើម្បីចរចាគ្នារកដំណោះស្រាយចេញ ។ ឆ្លងកាត់ការប្រជុំដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋ មកពី៥ភូមិ ក្នុងឃុំត្រពាំងធំ អស់ជាច្រើនម៉ោង មក ក្នុងនោះពុំឃើញមានវត្តមានតំណាងក្រុមហ៊ុន(Gaea)ចូលរួមទេ ។

លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០១៨ នេះថាអាជ្ញាធរបានចូលរួមដោះស្រាយរួចហើយ គឺបានយល់ព្រមគ្នាជាមួយប្រជាពលរដ្ឋក្នុងជុំជួបពិភាក្សាគ្នា ចំនួន២គឺ៖

ទី១-ខាងអាជ្ញាធរ បានសម្របសម្រួលជាមួយពួកគាត់រួចរាល់អស់ហើយ ដូច្នេះពួកគាត់បានយល់ព្រមព្រៀង បើកផ្លូវឱ្យឡានដឹកសំរាមចូលទៅចាក់នៅទីលានសំរាមដូចធម្មតា ប៉ុន្តែត្រូវឲ្យមន្រ្ដីជំនាញចុះទៅពិនិត្យ និងព្យាយាមបំបាតក្លិនឲ្យសល់តិច និងចាក់ដីលុបកន្លែងដែលមានទឹកដកស្អុយ ព្រមទាំងមានគ្រូពេទ្យ តាមពិនិត្យព្យាបាលដល់ពលរដ្ន ជាបណ្ដើរ ដូចជាដាក់ថ្នាំបំបាត់ក្លិន ពិនិត្យសុខភាពពលរដ្ន ជាប្រចាំ ។

ទី២-យើងសុំយោបល់ពីថ្នាក់ដឹកនាំ ខេត្ត និងក្រុមហ៊ុន ដើម្បីឈានទៅការផ្លាស់ប្ដូរទីតាំងចាក់សំរាមឲ្យបានឆាបៗខាងមុខនេះហើយ៕ ប៊ុនរិទ្ធី