ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រមាណ៥០នាក់ តំណាងឲ្យ៧០០គ្រួសារ លើកគ្នារារាំងសកម្មភាពសាងសង់ របងបេតុងហ៊ុំព័ទ្ធដីឡូតិ៍ ខាងក្រោយវត្តអូរត្រេះចាស់

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងមកនេះ ប្រជាពលរដ្ឋប្រមាណជា៥០នាក់តំណាងឲ្យប្រជាពលរដ្ឋប្រមាណជា៧០០គ្រួសារ ដែលមានលំនៅឋានត្រង់ចំណុចខាងក្រោយវត្តអូរត្រេះចាស់ ស្ថិតក្នុងភូមិគគីរ ឃុំបិទ្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានលើកគ្នាមករារាំងងក្រុមជាងសំណង់មួយក្រុម ដែលកំពុងធ្វើសកម្មភាពសាងសង់របងបេតុង មួយខ្សែមានប្រវែងជាង១០០ម៉ែត្រ ជាប់នឹងដើមផ្លូវចូលទៅលំនៅឋានរបស់ពួកគាត់ ដោយមិនឲ្យសាងសង់បន្ត រំលោភមកលើដីផ្លូវសារធារណ: ។

អ្នកស្រីស៊ុន យុំ និងអ្នកស្រីកៅ ណារឿនក្នុងចំណោមប្រជាពលរដ្ឋចំនួនខាងលើ ដែលបានលើគ្នាមកតវ៉ាឲ្យក្រុមជាង ក៏ដូចជាម្ចាស់ដីឲ្យបញ្ឈប់ការសាងសង់ និងរុះរើគ្រោងធ្នឹម.បង្គោលរបង ដែលទើបសាងសង់ថ្មីៗបានមួយចំនួនចេញពីលើដីផ្លូវសាធារណ: ដែលការសាងសង់បែបនេះបង្កឲ្យដើមផ្លូវ ដែលជាច្រកចេញ.ចូលលំនៅឋានរបស់ពួកគាត់ត្រូវរួមតូចចង្អៀតពិបាកក្នុងការធ្វើដំណើរដោយមធ្យោបាយផ្សេងៗដោយសារតែម្ចាស់កម្មសិទ្ធិ ដែលមានព្រំដីជាប់ផ្លូវលំទាំងសងខាងនាំគ្នាសាងសង់របងបេតុងរំកិលរំលោភ យកផ្លូវសារធារណ:ដើម្បីបំពេញបន្ថែមលើកម្មសិទ្ធិរបស់ខ្លួន មិនបានគិតពីផលប្រយោជន៍សារធារណ: និងការលំបាករបស់អ្នកដទៃឡើយ ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ផ្លូវលំខាងលើតភ្ជាប់ជាមួយផ្លូវធំក្បែរស្ពានវត្តអូរត្រេះចាស់ និងតភ្ជាប់ចំណុចម្ខាងទៀត នៅផ្លូវជាតិលេខ០៤ ត្រង់ចំណុចចំណោតអូរត្រាវស្ថិត ក្នុងចំណុចភូមិ ឃុំខាងលើ ដែលស្ថិតក្នុងគម្រោងរៀបចំឡើងដោយរដ្ឋបាលសាលាខេត្តព្រះសីហនុជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ខាងលើ និងបម្រើជាប្រយោជន៍សាធារណ: មួយវិញទៀតអាចរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះចរាចរផងដែរ ។

គាត់បានបន្តឲ្យដឹងទៀតថា សព្វថ្ងៃប្រជាពលរដ្ឋ ដែលមានលំនៅឋានខាងលើ ប្រកបរបរកសិកម្ម និងជាកម្មករ.កម្មការនីរោងចក្រ ហើយបានផ្លូវខាងលើនេះសម្រួលដល់ការធ្វើដំណើរដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងការធ្វើដំណើរទៅប្រកបមុខរបរផ្សេងៗ ។

បើម្ចាស់ដី ដែលមានព្រំជាប់សងខាងផ្លូវនាំគ្នា សាងសង់របងបេតុងបិទផ្លូវ ឬបង្រួមឲ្យមកនៅតូចពិតជាបង្កការលំបាក ដល់ពួកគាត់ឬភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ជាក់ជាមិនខាន ។

ដោយឡែកក្រុមជាង ដែលកំពុងសាងសង់របងបេតុងខាងលើ ហើយត្រូវបានរារាំងដោយប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់សាងសង់តាមការចង្អុលបង្ហាញរបស់ម្ចាស់ដី ដែលមានប័ណ្ណកម្មសិទ្ធិមិនរំលោភយកផ្លូវ ហើយការសាងសង់របងខាងលើ ក៏មិនបានបិទផ្លូវ ដែលមានស្រាប់នោះដែរ ។

បើទោះជាមានការអះអាងរបស់ក្រុមជាង ដែលកំពុងសាងសង់របងខាងលើយ៉ាងណាក្តី ក៏ប្រជាពលរដ្ឋនៅតែមានការព្រួយបារម្ភ និងសំណូមពរដល់អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលសាលា ខេត្តព្រះសីហនុ ដើម្បីបានជួយអន្តរាគមន៍បើកការត្រួតពិនិត្យលើ កិច្ចការសាងសង់របងខាងលើ ដើម្បីឈានទៅរកដំណោះស្រាយ ដែលជាក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ៕ ឆ្លាម សមុទ្រ