ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋភ្ញាក់ផ្អើលឃើញមន្រ្តីជំនាញចុះវាស់ដី ដែលមានបង្កាន់ដៃនិងចុះបញ្ជីរួចហើយ

ខេត្តកំពង់ស្ពឺ ៖ ពលរដ្ឋជាច្រេើនបាន សម្តែងការមិនសប្បាយចិត្តបន្ទាប់ពីពួកគាត់បានឃើញស្រ្តីម្នាក់ និងមន្រ្តីជំនាញសុរិយោដីនាំគ្នាចុះទៅកាន់កាប់ដីរបស់ពួកគាត់ដែលបានចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិរួចរាល់ អស់ទៅហើយ ។ ការចុះទៅនេះត្រូវបាន គេសង្ស័យថា ជាការចុះវាស់ដីពួកគាត់ ដើម្បីបានឯកសារសម្រាប់លក់បន្ត ។

ស្រ្តីរូបនេះត្រូវបានគេស្គាល់ ឈ្មោះយូ ចន្ថា ជាអ្នករកសីុលក់ដី និងមានងារជា ជំទាវទៀតផង ។
ករណីនេះលោកមេឃុំចាស់បាន បដិសេធថា រាល់ឯកសារដីរបស់ឈ្មោះយូ ចន្ថា គឺលោកមិនបានចុះហត្ថលេខាទេ ។

ពលរដ្ឋមួយរូបឈ្មោះ ស៊ំ ស៊ុន អាយុ ៥៣ឆ្នាំ រស់នៅភូមិឃុំក្រាំងអំពិល ស្រុក សំរោងទង ខេត្តកំពង់ស្ពឺបានរៀបរាប់ពី ប្រវត្តិដីថា គាត់បានកាន់កាប់លើដីទំហំ ៥ហិកតា តាំងពីឆ្នាំ៩៣មក ដោយមានឯក សារកាន់កាប់ត្រឹមត្រូវ ។

ចំណែកលោក ប៉ាង សៀកអាយុ៥៣ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់-ក្រុងច្បារមន ខេត្ត កំពង់ស្ពឺបានរៀបរាប់ថា គាត់បានទិញដីពី ពលរដ្ឋឈ្មោះ ឆេន ខន ឡុងវឿន និងឈ្មោះ ឆេន ឌឹន មានដីទំហំ៤,៥ហិកតា តាំងពី ឆ្នាំ២០០៨ដោយមានការទទួលស្គាល់និងដឹងឮពីអាជ្ញាធរត្រឹមត្រូវ ។ ស្រាប់តែនៅឆ្នាំ ២០១១ ខាងទាហានបានយកគ្រឿងចក្រ មកឈូសឆាយដីរបស់គាត់អស់២,៥ហិកតាពេលនោះគាត់បានដាក់ពាក្យបណ្តឹងទៅសាលាឃុំឲ្យជួយដោះស្រាយតែត្រូវខាង ឃុំប្រាប់មកវិញថា ទាហានគេបានដោះ ស្រាយនៅខេត្តអស់ហើយ ។

សព្វថ្ងៃដីរបស់គាត់នៅសល់២ហិកតា ស្រាប់តែលេចមុខស្រ្តីមួយរូប ដែលគេ ស្គាល់ថា ឈ្មោះ យូ ចន្ថា មានងារជាជំទាវ បាននាំមន្រ្តីសុរិយោដី ព្រមទាំងទាហាន មកកាងនិងចុះមកវាស់ដីរបស់ពួកគាត់ដែល នៅសល់ ក្នុងគោលបំណងព័ទ្ធយកដីរបស់ គាត់ទាំងអស់តែម្តង ពេលគាត់សួរនាំខាង អាជ្ញាធរប្រាប់ថា គេចុះមកវាស់តាមគំនូស ប្លង់ដើម្បីចុះបញ្ជី ។

ពលរដ្ឋរងគ្រោះបានសំណូមពរទៅ អាជ្ញាធរស្រុក-ខេត្ត ព្រមទាំងស្ថាប័នជំនាញ ជួយរកយុត្តិធម៌ឲ្យពួកគាត់ផង។ លើសពី នេះទៀត ពលរដ្ឋបានសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មេត្តាជួយអន្តរាគមន៍យកដីឲ្យពួកគាត់មក វិញ ដើម្បីទុកធ្វើស្រែចម្ការចិញ្ចឹមជីវិតទៅ ថ្ងៃអនាគត ព្រោះដីរបស់ពួកគាត់សុទ្ធតែ មានការទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ ។

ពាក់ព័ន្ធនឹងករណីនេះនគរវត្តបានទាក់ ទងទៅលោកមេឃុំដើម្បីសុំការបំភ្លឺ តែ លោកបានបដិសេធ និងថាលោកទើបនឹង ឡើងកាន់តំណែងថ្មីសូមឲ្យទៅសួរលោក គង់ ឆុំផល អតីតមេឃុំចាស់ទើបដឹងរឿង ។

លោក គង់ ឆុំផល បានឆ្លើយបំភ្លឺថា កាលលោកធ្វើជាមេឃុុំ គឺពលរដ្ឋរបស់ លោកមិនដែលមានបញ្ហាអ្វីនោះទេ ហើយ គាត់ក៏មិនដែលចុះហត្ថលេខាឬលិខិតទិញ លក់កាន់កាប់ដីរបស់ឈ្មោះ យូ ចន្ថា នោះ ដែរ ។ ទើបឆ្នាំ២០១៦ថ្មីៗនេះ មានការ ភ្ញាក់ផ្អើលថា មានលោកជំទាវម្នាក់ឈ្មោះ យូ ចន្ថា បានអះអាងថា មានប្លង់កាន់កាប់ ដីជាន់លើដីរបស់ប្រជាពលរដ្ឋ ខណៈលោក មិនដែលចុះហត្ថលេខាម្តងណាឡើយ ។ ចំពោះប្លង់ដែលឈ្មោះ យូ ចន្ថា កាន់កាប់ ដោយសំអាងថារូបលោកបានចុះហត្ថលេខា លោកសូមបដិសេធចំពោះប្លង់កាន់កាប់នេះទាំងស្រុង ៕ សេនាស័ក្តិ

 

4 2 1 3