ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ពលរដ្ឋរស់នៅឃុំចន្ទ្រាបដិសេធរឿងដែលគេថាជួលដីស្រែទៅឲ្យប្រទេសវៀតណាម

ចែករំលែក៖

ខេត្តស្វាយរៀង ៖ តាមប្រជាពលរដ្ឋ រស់នៅក្នុងឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយ រៀងបាននាំគ្នាចេញមកបដិសេធចំពោះ ការលើកឡើងរបស់លោក គង់ មុនីកា តាម រយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោកកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅថាមានការឃុបឃិតគ្នាពីសំណាក់ អាជ្ញាធរខ្មែរក្នុងការរៀបចំជួលដីរាប់រយ ហិកតាទៅឲ្យវៀតណាមធ្វើស្រែចម្ការដោយក្នុងមួយហិកតាតម្លៃប្រមាណ១លានរៀល នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង និងសូមឱ្យ ម្ចាស់ហ្វេសប៊ុកនេះកែតម្រូវឡើងវិញផងដែរ ។

លោក អៀម រិទ្ធ ប្រជាពលរដ្ឋម្នាក់រស់ នៅ ភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា កាលពីរសៀលថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ បានបញ្ជាក់ប្រាប់ ឲ្យដឹងថា សព្វថ្ងៃនេះលោកមានមុខរបរ ធ្វើស្រែ និងចិញ្ចឹមសត្វគោក្របីមាន់ទារួម ផ្សំដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃ ហើយលោកពុំបានជួលដីស្រែទៅឲ្យពលរដ្ឋវៀតណាមធ្វើនោះទេ ។ លោកបដិសេធចំពោះការចោទប្រកាន់ដែលបានបង្ហោះតាម បណ្តាញសង្គម ហ្វេសបុ៊ក ។

លោកក៏បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងឃុំចន្ទ្រានេះខណៈដែលដល់រដូវធ្វើស្រែតែងតែទៅទិញស្រូវពូជពីប្រទេសវៀត ណាម ហើយអាជីវករលក់ស្រូវពូជបានដឹកស្រូវពូជមកឲ្យដល់ទីកន្លែងរួចក៏ត្រឡប់ទៅវិញ។ ចំពោះការថែទាំ និងបច្ចេកទេស លោកបានជួលប្រជាជនវៀតណាមមក បង្ហាត់បង្ហាញដល់កម្មករខ្មែរតែល្ងាចត្រឡប់ទៅប្រទេសវៀតណាមវិញ ។

ចំណែកអ្នកស្រី នង ចិន្តា ពលរដ្ឋម្នាក់ រស់នៅភូមិចន្ទ្រា ក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋនៅឃុំចន្ទ្រានេះ មិនបានជួលដីស្រែទៅឲ្យពលរដ្ឋវៀតណាមធ្វើស្រែនោះ ទេ គ្រាន់តែជួលខាងបច្ចេកទេសឲ្យមក បង្ហាត់បង្ហាញក្នុងការធ្វើស្រែតែប៉ុណ្ណោះ ដោយព្រឹកមកល្ងាចទៅវិញ ។

ទាក់ទងនឹងរឿងរ៉ាវនេះដែរ លោកអភិ បាលស្រុកចន្ទ្រា ក៏បានបញ្ជាក់ផងដែរថា ក្រោយពីមានព័ត៌មានថាមានការជួលដីស្រែឲ្យពលរដ្ឋវៀតណាម ដែលបានបង្ហោះជាសាធារណៈតាមបណ្តាញសង្គមហ្វេសបុ៊ក ពីលោក គង់ មុនីកា លោកបានចាត់តាំង ក្រុមការងារថ្នាក់ស្រុក១ក្រុមដឹកនាំដោយលោក រាជ បុន អភិបាលរងស្រុក ចុះពិនិត្យ ភ្លាម ។

តែពេលក្រុមការងារបានចុះដល់ទីតាំងជាក់ស្តែងឃើញថា នៅចំណុចដីស្រែដែលស្ថិតនៅចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីបង្គោលព្រំដែនលេខ២០០ ក្នុងឃុំចន្រ្ទា ស្រុកចន្រ្ទា ខេត្តស្វាយរៀង គឺមានប្រជា ពលរដ្ឋខ្មែរឈ្មោះ ហួត យ៉ិត ភេទប្រុស ជាអ្នកធ្វើស្រែ។ ក្រុមការងារបានពិនិត្យឃើញមានខ្ទម៣ខ្នង ស្រូវពូជ២ពំនូកត្រាក់ទ័រ១គ្រឿងនិងមានប្រជាពលរដ្ឋខ្មែរស្នាក់ នៅទីនោះ ដើម្បីបង្កបង្កើនផលស្រូវប្រដេញ ទឹកពុំមានជនជាតិវៀតណាមមកធ្វើស្រែលើដីខ្មែរទេ ។

លោក ហួត យ៉ិត ប្រជាពលរដ្ឋធ្វើស្រែនៅឃុំចន្រ្ទានោះ ក៏បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកបានទៅទិញស្រូវពូជពីប្រទេសវៀតណាម ហើយអាជីវករលក់ស្រូវពូជបានដឹកស្រូវ ពូជមកឲ្យដល់ទីកន្លែងរួចគេក៏ត្រឡប់ទៅវិញ ចំពោះការថែទាំ និងបច្ចេកទេសគឺលោក បានជួលប្រជាជនវៀតណាមមកបង្ហាត់ បង្ហាញដល់កម្មករខ្មែរល្ងាចត្រឡប់ទៅ ប្រទេសវៀតណាមវិញ ។

តាមការស្រាវជ្រាវ ក្រុមការងារស្រុក រកឃើញថា គ្មានជនជាតិវៀតណាមមក ជួលដីធ្វើស្រែលើទឹកដីខ្មែរក្នុងភូមិសាស្រ្ត ដូចការលើកឡើងនោះឡើយ ។

«ចំពោះប្រជាពលរដ្ឋវៀតណាមដែលចូលមកនេះ គឺគាត់មកបង្ហាត់បង្ហាញបច្ចេកទេសដល់កសិករខ្មែរនិងជួយដល់ម្ចាស់ស្រែក្នុងការបំបែកគុម្ពស្រូវបាញ់ថ្នាំបំផ្លាញសត្វល្អិត និងពេលល្ងាចត្រឡប់ទៅប្រទេស វៀតណាមវិញ ។

ដូចនេះ ការលើកឡើងរបស់លោក គង់ មុនីកា មិនពិតឡើយ រដ្ឋបាលស្រុកចន្រ្ទា សុំស្នើលោកប្រធានគណបក្សឆន្ទៈខ្មែរ ធ្វើការកែតម្រូវ និងសុំទោសសាធារណមតិ នូវការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ខ្លួន ចៀសវាងការភាន់ច្រឡំពីសាធារណជន» ។

ប្រជាពលរដ្ឋ នៅឃុំចន្ទ្រា ស្រុកចន្ទ្រា ក៏បានសំណូមពរទៅអាជ្ញាធរខេត្ត ក៏ដូចជាក្រសួងដែលពាក់ពន្ធ័សូមជួយជីកប្រឡាយ ទឹក និងផ្តល់គ្រាប់ពូជស្រូវ ព្រោះសព្វថ្ងៃការ ធ្វើស្រែត្រូវទិញទឹកពីវៀតណាមទិញពូជស្រូវ ជី ថ្នាំសម្លាប់សត្វល្អិតនិងបច្ចេកទេសរបៀបធ្វើស្រែ ការថែទាំក៏ត្រូវជួលគេ ដូច្នេះគោលបំណងដែលធំឲ្យអាជ្ញាធរជួយនោះ គឺជីកប្រឡាយទឹកនិងផ្តល់ពូជស្រូវ ៕ ហេង សូរិយា


ចែករំលែក៖