ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​ចំនួន​១៥​គ្រួសារ​ ​ស្នើសុំ​​ជួយ​អន្តរាគមន៍​​​រឿង​ទំនាស់​ដីធ្លី​ ​ជាមួយ​លោក​​​មេ​បញ្ជា​ការ​រង​តំបន់​​សឹក​រង​ស្រុក​អន្លង់វែង

ឧត្ដរមានជ័យ ៖ ​នៅ​រសៀល​ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ​ប្រជា​​ពលរដ្ឋ​១៥​គ្រួសារ​ បាន​ស្នើសុំ​​​ដល់​ឯកឧត្តម ​ស ​ថា​វី ​អភិបាលខេត្ត​ឧ​ត្ត​រ​មាន​ជ័យ មេត្តា​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់ផង ​រឿង​​ទំនាស់​ដីធ្លី​នៅ​ភូមិ​អូរ​ចាប់​ត្រី​ឃុំ​លំ​ទង​ ស្រុក​អន្លង់វែង​ ជាមួយ​លោក ​វ៉ាន់​ លី​ម៉េង ​មេ​បញ្ជា​ការ​រង​ តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ស្រុក​អន្លង់​វែង​។

​​ប្រជា​ពលរដ្ឋ​​​រងគ្រោះ​ទាំង​១៥​គ្រួសារ បាន​ឲ្យ​ដឹង​ថា ​ដីនេះ​ ពួកគាត់​ បាន​អាស្រ័យផល​ ដាំ​ដុះ​ដំណាំ​នៅ​លើ​បរិវេណ​ដីព្រៃ​សហគមន៍​​ចំនួន​៩៥​ហិកតា​ គឺ​ចាប់​តាំង​ឆ្នាំ ​២០១១​រហូតមកដល់​បច្ចុប្បន្ន​២០១៨​ នេះ​គឺ​មាន​រយៈពេល​ បាន​ចំនួន​៧​ឆ្នាំ មក​ហើយ​។

​ពួកគាត់​ ​បានបន្ដថា ​ដី​នេះ​ គឺ​ពួកគាត់​បាន​សុំ​ដី​របស់​សហគមន៍ ​អា​ស្រ័យ​ផលដំណាំ​ផ្សេងៗ​នៅ​ត្រង់​ចំណុច​ភូមិ​អូរ​ចាប់​ត្រី​ ឃុំ​លំ​ទង ​ស្រុក​អន្លង់​វែង ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ​តែ​មកដល់​ពេលបច្ចុប្បន្ន​នេះ​ស្រាប់​តែ​មាន ឈ្មោះ​ លោក វ៉ាន់ ​លី​ម៉េង​ មាន​តួនាទី​ជា​មេ​បញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​អន្លង់​វែង ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ​បាន​មក​អះអាងថា ​ខ្លួន​ជា​មា្ចស់ដី​ នឹង​បាន​ធ្វើ​ពាក្យ​ប្ដឹង​មក​លើ​ពួកគាត់​អោយ​ដក​ខ្លួន​ចេញពី​ដី​នេះ​ ទៅវិញ​ ព្រមទាំង​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាកា​ខេត្ត​ ដោយ​ចោទ​ពលរដ្ឋ​ថា​ បាន​រំលោភ​យក​ដី​របស់​គាត់​ ជាង​៩៥​ហិក​តា ​ទៅវិញ​ ដោយ​ដី​នេះ ​​គឺជា​ដី​ព្រៃ​សហគមន៍​ដែល​ពួកគាត់​ ​បាន​សុំ​ដើម្បី​បង្ក​បង្កើន​នឹង​អាស្រ័យ​ ផល​អស់​រយៈពេល​ជាច្រើន​ឆាំ្ន​ មក​ហើយ​នោះ​។

NKD-36x6_outline

ពលរដ្ឋ ​បាន​បន្ថែម​ទៀត​ថា​​ ​បន្ទាប់​ពី​​ពួកគាត់​បាន​ដឹង​ពី​ព័ត៌មាន​នេះ ​ក្នុងនាម​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ​មានការ​ភ័យខ្លាច​ ​ក៏បាន​នាំ​គា្ន​ ​ធ្វើ​ដំណើរ​ពី​ស្រុក​អន្លង់វែង​មកកាន់​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ​ដើម្បី​សុំ​សហគមន៍ ​​អាដហុក​ នឹង​មន្ទីរ​ទំនាក់ទំនង​ព្រឹទ្ធិ​សភា​ រដ្ឋសភា​ នឹង​អធិការកិច្ច​ខេត្ត​មេត្តា​ ជួយ​រក​យុត្តិធម៌ ​ដល់​ពលរដ្ឋ​ទាំង​១៥​ គ្រួសារ​នេះ​ផង​ ព្រោះ​ពួកគាត់​ជា ​ពលរដ្ឋ​ក្រីក្រ ​មិន​អាច​ទប់ទល់​នឹង​អំណាច​របស់​លោក ​វ៉ាន់​ លី​ម៉េង​ បានឡើយ​ !​។

​មន្ត្រីអង្គការក្រៅរដ្ឋាភិបាល​ បានឲ្យដឹងថា​ រឿងនេះ ​គឺ​វា​ចូល​ដល់​ថា្នក់​កម្រិត​ព្រហ្មទណ្ឌ​ឈាន​ដល់​ការ​ចាប់ខ្លួន​ហើយ ​វា​មិន​មែន​ជា​រឿង​តូចតាច​សម្រាប់​ពួកគាត់​ឡើយ​ ហើយ​លោក​នឹង​បន្ត​ចុះទៅ​សិក្សា​ផ្ទាល់​ដល់​ទី​កន្លែង​ដែល​មាន​បញ្ហា​ ដើម្បី​បាន​ដឹង​កាន់​តែច្បាស់​ពី​បញ្ហា​ទុក​កង្វល់​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ ថា​តើ ​ត្រូវ​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​ដោយ​របៀប​ណា​នោះ ​យើង​នៅ​មិនទាន់​បាន​ដឹង​នៅឡើយ​ទេ​ ដោយ​ក្នុង​សំណុំរឿង​របស់​ពួកគាត់​គឺ​ខាង​តុលាកា​បាន​ចេញ​ដីកា ​កោះហៅ​នៅ​ថ្ងៃទី​ ២៦ ​ខែធ្នូ ​ឆាំ្ន​២០១៧ ​នៅវេលា​ម៉ោង​២,៣០​នាទី របស់​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ​តាម​សំណុំរឿង ​ស្តី​កា​រ​ប៉ះពាល់​កម្មសិទ្ធិឯកជន ​នឹង​ធ្វើ​អោយ​ខូចខាត​ដោយ​ចេតនា​ដែល​បាន​ប្រព្រឹត្តិ​នៅ​ភូមិ​ជប់​តា​មោក ​ឃុំ​លំ​ទង​ ស្រុក​អន្លង់​វែង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ​តាម​ពាក្យ​បណ្ដឹង​របស់​លោក ​វ៉ាន់ ​លី​ម៉េង ​កាលពី​ឆាំ្ន​២០១៤ ​មក​ម្ល៉េះ ​។

ទាក់ទង​នឹង​បញ្ហានេះ មិន​អាច​សុំ​ការ​ស្រាយ​បំភ្លឺ​រឿង​ទំនាស់​ដីធ្លី​នេះ ​ពី​លោក​វ៉ាន់​ លី​ម៉េង​ បានទេ​ដោយ​ទូរ​ស័ព្ទរបស់​លោក​មិន​អាច​ខល​ទំនាក់ទំនង​បាន​ឡើយ​៕ ប៉ែន នួន