ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នសំដែងការសោកស្ដាយព្រៃលិចទឹកត្រូវបានរលាយហិនហោចជារៀងរាល់ឆ្នាំ

ខេត្តសៀមរាប៖ គំនរអុសព្រៃលិចទឹកត្រូវបានប្រជាពលរដ្នដឹកតាមទូកមក ស្តុកទុកនៅនឹងជើងភ្នំក្រោម ក្នុងភូមិ ភ្នំក្រោម សង្កាត់ចុងឃ្នាស ស្រុកសៀមរាប ខេត្តសៀមរាប ដោយដាក់លក់យ៉ាង រំភើយបែបអនាធិតេយ្យ គ្មានមន្រ្ដីជំនាញណា អើពើសួរនាំ ឬបង្រ្កាបការកាប់ព្រៃលិចទឹកទាំងនេះនោះឡើយ ជាហេតុធ្វើឲ្យ មហាជនរិះគន់លើមន្រ្ដីមួយចំនួន ដែលពុករលួយគ្មានទីបញ្ចប់។

តាមប្រភពព័ត៌មានពី ពលរដ្នបានឲ្យដឹងថា អុសទាំងនេះជាប្រភេទ ដើមរាំង និងដើមតាអួរ ដែលជាព្រៃលិចទឹកដ៏សំខាន់សម្រាប់ត្រីពងកូន តែឥឡូវព្រៃលិចទឹកក្នុងខេត្តសៀមរាបអត់មានទេ រលាយអស់ហើយ គឺពួកគេបានដឹកពីខេត្តបាត់ដំបង ទាំងទៅទាំងមកចំណាយពេល១០ថ្ងៃទើបមកដល់ទីនេះវិញ។

គាត់បានបន្ដថា ព្រៃលិចទឹកក្នុងទឹកដីខេត្តបាតដំបង់ត្រូវបានក្រុមឈ្មួញ កាប់បំផ្លាញ និងដុតព្រៃ រាប់ពាន់ហិចតា នៅចំណុច អូរ ត្រសក ហើយពួកខ្ញុំទៅកាប់អុសទាំងនេះគឺជាអុសដែលគេឈូសព្រៃលិចទឹក ហើយគេដុតកម្ទេចចោល ងាប់ៗ មិនមែនកាប់ឈើរស់នោះទេ ។ ចំណែកខេត្តសៀមរាបវិញ គ្មានព្រៃលិចទឹកទេត្រូវបានរលាយក្រោមកណ្ដាប់ដៃឈ្មួញរំលោភយកដីព្រៃ និងដុតបំផ្លាញគ្មានសល់ទេ តែនៅមានព្រៃលិចទឹកនៅច្រកក្បាល់តោល តិចតួចបំផុត តែប៉ុណ្ណោះ។

មន្រ្ដីរាជការម្នាក់បានប្រាប់ឲ្យដឹងថា ក្រុមមន្រ្ដីជំនាញមួយចំនួនក្នុងខេត្តសៀមរាប ជាពិសេសមន្រ្ដីជលផល និងមន្ត្រីបរិស្ថាន គឺជាមន្រ្ដីបំបង់បាយ ស៊ីបាយអស់អង្ករ គ្មានការបង្រ្កាប់បទល្មើសនោះទេ គឺមានតែបើកដៃឲ្យឈ្មួញបំភ្លេចបំផ្លាញ កុំថាឡើយតែបទល្មើសនេសាទ ថែមទាំងបណ្ដោយឲ្យឈ្មួញកាប់បំផ្លាញព្រៃលិច វាស់យកដីធ្វើជាកម្មសិទ្ធិ ក្រោមការចរចាត្រូវរ៉ូវ ។ ក្រុមមន្ត្រីមួយចំនួនតូចនោះ ក្រៅពីស៊ីប្រាក់ខែរដ្ន គិតប្រយោជន៍ខ្លួន គឺឃុបឃិតឲ្យឈ្មួញបំផ្លាញសម្បត្តិរដ្នថែមទៀត គួរណាស់ថ្នាក់លើមើលមន្រ្ដីថ្នាក់ក្រោមឲ្យច្បាស់ ដូចពាក្យចាស់ពោលថា «ប្រសិនបើ ចង់រក្សាព្រៃមែននោះ មិនខ្វះទេអុសដុត» ៕ ប៊ុនរិទ្ធី