ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបិទវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន

ចែករំលែក៖

ប្រទេសម៉ាឡេស៊ី៖ វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន បានប្រារព្វពិធីបិទជាផ្លូវការនៅរសៀលថ្ងៃទី២ មិថុនានេះហើយ បន្ទាប់ពីបានដំណើរការពិភាក្សារយៈពេល២ថ្ងៃរួចមក ។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៦ នៅឆ្នាំ២០១៧ខាងមុខ។

នៅក្នុងចំណាប់អារម្មណ៍របស់វាគ្មិន បានឲ្យដឹងថា ក្នុងកិច្ចពិភាក្សារបស់យើងរយៈពេល២ថ្ងៃកន្លងមកនេះ គឺមានធាតុចូលពីគ្រប់ផ្នែកទាំងអស់ សម្រាប់ជាមូលដ្ឋានគ្រឹៈនៃការអភិវឌ្ឍ របស់បណ្តាប្រទេសក្នុងតំបន់អាស៊ានប្រកបដោយបរិយាប័ន្ន និងមិនគ្រាន់តែជាវេទិកាដើម្បីជួបជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីធ្វើយ៉ាងណាកាត់បន្ថយគម្លាតកាន់តែធំ នៃការអភិ វឌ្ឍប្រទេស ក្រោមគំនិតផ្តួចផ្តើមនៃការផ្សារភ្ជាប់គ្នាលើហេដ្ឋារចនាសម្ព័ន្ធ។

វាគ្មិនទាំងអស់ក៏បានគួស បញ្ជាក់ដែរថា ការពិភាក្សារបស់យើងក្នុងរយៈពេល២ថ្ងៃនេះ គឺមានការលើកទឹកចិត្តគ្នាខ្លាំងណាស់ ពោលគឺ យើងមានសន្ទុះចិត្តដើម្បីធានាថា នឹងមានការចូលរួមរបស់ប្រជាជនកាន់តែច្រើនឡើង តាមរយៈការធ្វើ ពាណិជ្ជកម្មពីគ្នាទៅវិញទៅមក ការបង្កើនតម្លៃនៃសេវាកម្មដែលអាចធ្វើពាណិជ្ជកម្មជាមួយនឹងសហគមន៍ ខាងក្រៅរបស់អាស៊ាន។

វាគ្មិនទាំងអស់ក៏បានចាត់ទុកថា អាស៊ានគឺមិនមែនជាអ្នកប្រើប្រាស់នោះទេ តែ ផ្ទុយទៅវិញអាស៊ានគឺជាអ្នកផលិតសម្រាប់តំបន់ទាំងអស់ នៅជុំវិញពិភពលោក។ នៅក្នុងបទអន្តរាគមន៍ របស់វាគ្មិនទាំងនោះ ក៏បានចាត់ទុកកម្លាំងពលកម្មវ័យក្មេងរបស់អាស៊ាន គឺជាកម្លាំងដ៏រឹងមាំក្នុងការចូលរួម ចំណែកអភិវឌ្ឍឧស្សាហកម្មក្នុងរយៈពេល៣០ឆ្នាំខាងមុខ។

នៅក្នុងបទអន្តរាគមន៍នោះដែលបណ្តាវាគ្មិនក៏ បានរំលេចឡើងពីគោលដៅនិងចក្ខុវិស័យវែងឆ្ងាយ នៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ ជាមួយគ្នានេះ តំណាងវាគ្មិនក៏បានគូសបញ្ជាក់ដែរថា រយៈពេល២ថ្ងៃនៃការពិភាក្សាគ្នានេះ យើងបានធ្វើការពិភាក្សាលើ បញ្ហាជាច្រើន ដែលមានភាពខុសប្លែកគ្នា ក្នុងន័យបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួន និងក៏បានទទួលស្គាល់ពីចន្លោះប្រហោងដទៃទៀតក្នុងពិភពលោក សម្រាប់អ្នកតាក់តែងគោលនយោបាយនិងប្រជា ជនដែលមើលឃើញពីចន្លោះប្រហោង ហើយដែលយើងក៏មើលឃើញនូវចន្លោះប្រហោងទាំងអស់នោះ ដែលជាបញ្ហាប្រឈមរបស់អាស៊ានត្រូវធ្វើការវះកាត់ ដែលនោះគឺជាសម្លេងរបស់គន្លាត់នៃភាពក្រីក្រ ដែល កើតមានឡើងលើស្រ្តីនិងកុមារ និងជនភៀសខ្លួន។

វាគ្មិនមកពីសឹង្ហបុរីបានចាត់ទុកដែរថា កម្ពុជាបានចាប់ផ្តើមពីឆ្នាំសូន្យប៉ុន្តែក្នុងរយៈពេល២០ឆ្នាំកន្លងទៅបានប្រែក្លាយពីទីកន្លែងដែលមានគ្រោះថ្នាក់ ហើយ ដែលបច្ចុប្បន្នកំពុងតែធ្វើការបោសសំអាតគ្រាប់មីន ដើម្បីធ្វើការអភិវឌ្ឍ កំពុងតែបោះជំហានទៅមុខប្រកប ដោយសេចក្តីសង្ឃឹម ហើយដែលបញ្ហាទាំងអស់វាត្រូវការពេលវេលាប៉ុណ្ណោះ។

នៅក្នុងអាស៊ានសមត្ថភាពនៃការគាំទ្រនិងការលើកទឹកចិត្តពីគ្នាទៅវិញទៅមក នឹងកាន់តែទទួលបាននូវជោគជ័យខ្ពស់ថែមទៀត នៅពេលអនាគតខាងមុខ។

វាគ្មិនទាំងអស់ក៏បានធ្វើការលើកឡើងពីគំនិតផ្តួចផ្តើម នូវគំនិតថ្មីៗរបស់ខ្លួន ក្នុងការចូលរួមចំណែកពីសំណាក់ពលកម្មវ៏យក្មេង ក្នុងការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅក្នុងការ ធ្វើបដិវត្តន៍ឧស្សាហកម្មរបស់តំបន់។ តំណាងវាគ្មិនក៏បានចាត់ទុកបដិវត្តន៍ឧស្សាហកម្ម ដែលយើងកំពុងធ្វើ ការចាប់ផ្តើមនេះ នឹងកាន់តែមានសន្ទុះជឿនលឿនទៅមុខជាងការរំពឹងទុក។

បណ្តាវាគ្មិនទាំងអស់ក៏បានសំ ដែងនូវការបារម្ភមួយចំនួន ដែលទាក់ទិនទៅនិងការវិវឌ្ឍន៍រីកចំរើននៃប្រព័ន្ធអីុនធើណែត ដែលក្នុងនោះគឺ ទាមទារឲ្យមានការបណ្តុះបណ្តាលដល់ក្មេងតូចៗឡើងទៅ ដើម្បីទាំងអស់គ្នាដើរឲ្យទាន់ចំពោះការវិវឌ្ឍន៍រីក ចំរើនរបស់ពិភពលោកទាំងមូល ។ ជាមួយគ្នានេះបណ្តាវាគ្មិនក៏បានគូសបញ្ជាក់ពីភាពស្មើភាព ក្នុងសមភាព យេនឌ័រ ក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ដែលហាក់នៅមិនទាន់មានភាពស្មើភាពគ្នានៅឡើយនោះ។

ក្នុងវេទិកានោះដែរបណ្តាមេដឹកនាំទាំងអស់ ក៏បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះ ប្រទេសម៉ាឡេស៊ីដែល បានសហការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន បញ្ចប់ទៅដោយជោគជ័យបំផុត ។

បន្ទាប់ពីទទួលបានកណ្តឹងវេទិកា (Forum Cowbell) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹៈ និងប្រកាសអំពីការទទួលធ្វើម្ចាស់ផ្ទះ រៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៦ ស្តីពីអាស៊ាន ក្នុងឆ្នាំ២០១៧ ក្នុងខ្លឹមសារដូចតទៅ បន្ទាប់មកបណ្តាមេដឹកនាំទាំងអស់ ក៏បានទស្សនាខ្សែសង្វាក់វីដេអូ អំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ពិសេសការទទួលធ្វើជាម្ចាស់នៃការរៀបចំវេទិកា សេដ្ឋកិច្ចពិភពលោក លើកទី២៦ ក្នុងឆ្នាំ២០១៧ ខាងមុខ ។

បន្ទាប់មកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត រ៉ុយ ម៉ារៀ អារ៉ូចូ (Rui Maria de Araujo) នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រឡេស្តេ ខណៈដែលលោកនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

បើតាមប្រសាសន៍របស់ លោក កៅ កឹមហួន ឲ្យដឹងថា គោលបំណងនៃជំនួបពិភាក្សាគ្នានេះ គឺដើម្បីផ្លាស់ប្តូរមតិជុំវិញ ការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី សម្រាប់ប្រទេសទាំងពីរកម្ពុជាទីម័រឡេស្តេ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចចង់ឃើញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរមានការរីកចម្រើនឲ្យកាន់តែខ្លាំងក្លាថែមទៀត បន្ទាប់ពីសម្តេចបានជួបជាមួយឯកអគ្គរដ្ឋទូត នៃប្រទេសទីម័រឡេស្តេ នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅ ។

លោក Rui Maria de Araujo មានប្រសាសន៍ថ្លែងនូវអំណរគុណ ជូនចំពោះសម្តេចដែលបានទទួលជួបជាមួយលោក ដើម្បីបង្កើនការពិភាក្សាសម្រាប់ប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តី មានប្រសាសន៍ដែរថា លោកក៏ចង់ឃើញទំនាក់ទំនង នៃប្រទេសទាំងពីរ មានការកើនឡើង ដូចអ្វីដែល សម្តេចមានប្រសាសន៍លើកឡើង ។

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា កន្លងមកប្រធានាធិបតី និងនាយករដ្ឋមន្រ្តីនៃប្រទេសទីម័រឡេស្តេ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមរយៈនេះ លោកសូមអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសទីម័រឡេស្តេក្នុងឆ្នាំ២០១៦នេះ ។

លោកក៏បានថ្លែងនូវអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលកន្លងមកតែងតែគាំទ្រ និងបន្តគាំទ្រនូវបេក្ខភាពរបស់ប្រទេសទីម័រឡេស្តេ ក្នុងការចូលជាសមាជិកទី១១ របស់អាស៊ាន ។

សម្តេចតេជោមានប្រសាសន៍ថា កម្ពុជាចូលជាសមាជិកទី១០របស់អាស៊ាន ហើយបើប្រទេសទីម័រ ឡេស្តេចូលជាសមាជិកទី១១ គឺប្រៀបដូចជាបងប្អូននិងគ្នាក្នុងក្របខណ្ឌអាស៊ាន ។

ក្នុងជំនួបពិភាក្សាគ្នានោះ មេដឹកនាំទាំងពីរក៏បានធ្វើការផ្លាស់ប្តូរមតិ និងពិភាក្សាគ្នាជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ក្នុងជំនួបពិភាក្សាគ្នានោះដែរសម្តេចបានអញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តី ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៦ ស្តីពីអាស៊ាន ដែលនឹងប្រារព្វធ្វើឡើងនៅខែឧសភាឆ្នាំ២០១៧ ក្នុងប្រទេសកម្ពុជា។

លោកបានឆ្លើយតបទៅនឹងការអញ្ជើញរបស់សម្តេច នឹងអញ្ជើញមកចូលរួមវេទិកាសេដ្ឋ កិច្ចពិភពលោកលើកទី២៦ ស្តីពីអាស៊ានក្នុងប្រទេសកម្ពុជានាឆ្នាំ២០១៧ខាងមុខ ៕

1

3


ចែករំលែក៖