ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន ក្រោមប្រធានបទ ការរៀបចំរបៀបវារៈអាស៊ាន សម្រាប់ប្រជាជនទាំងអស់ និងការរីកចម្រើន

ប្រទេសម៉ាឡេស៊ី៖ វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន ក្រោមប្រធានបទ ការរៀបចំរបៀបវារៈអាស៊ាន សម្រាប់ប្រជាជនទាំងអស់ និងការរីកចម្រើន បានប្រារព្វពិធីបើកជាផ្លូវការនៅរសៀលថ្ងៃទី១មិថុនា ដោយបានការអញ្ជើញចូលរួមពី លោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក Rui Maria de Araujo នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រឡេស្តេ លោក Jusuf Kalla អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោក Trinh Dinh Dung ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Phillipp Rosler សមាជិកក្រុមប្រឹក្សាភិបាល នៃវេទិកាសេដ្ឋកិច្ចពិភពលោក ។

ពិធីដ៏មានអត្ថន័យនោះក៏មានការអញ្ជើញចូលរួមពី សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង លោក លោកស្រី ឥស្សរជននយោបាយ វាគ្មិនសេដ្ឋកិច្ច មកពីបណ្តាប្រទេសនានា ជុំវិញពិភពលោកជាច្រើនរូប។

នៅក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន បានបង្ហាញនូវរូបភាពវីដេអូ ដែលជាសារពិសេសរបស់លោកសាស្រ្តាចារ្យ Kluas Schwab ស្ថាបនិក និងជានាយកប្រតិបត្តិនៃវេទិកា សេដ្ឋកិច្ចពិភពលោក ថ្លែងក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ី។ ថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន ក្រោមប្រធានបទ ការរៀបចំរបៀបវារៈអាស៊ាន សម្រាប់ប្រជាជនទាំងអស់ និងការរីកចម្រើន លោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី មានប្រសាសន៍ថា លើបញ្ហាប្រឈមនៃវិបិត្តសេដ្ឋកិច្ចពិភពលោក អាស៊ានត្រូវតែពង្រឹងនូវភាពជា ដៃគូផ្ទៃក្នុងដ៏រឹងមាំ ដើម្បីឈានទៅកាន់ការប្រឈមនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ក្នុងនោះត្រូវរួមគ្នាកសាងនូវ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការពង្រឹងស្ថាប័នរបស់ខ្លួន ពិសេសផ្តល់នូវជំនឿទុកចិត្តដល់ធុរជន ដែលពាក់ ព័ន្ធទៅនិងកំណើនចិរភាពសេដ្ឋកិច្ច។

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា នៅក្នុងកិច្ចពិភាក្សារបស់យើងនៅក្នុងរយៈពេល២ថ្ងៃទៅមុខ យើងនឹងរកឃើញនូវចំណុចល្អៗ ក្នុងការលើកកម្ពស់កំណើន និង ការធ្វើឲ្យមានគុណភាពនៃអនុផល ។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា វេទិកាសេដ្ឋកិច្ចពិភព លោកលើកទី២៥ ស្តីពីអាស៊ាន បានប្រារព្វធ្វើឡើងក្នុងបរិបទមួយដែលអាស៊ានបានប្រែក្លាយខ្លួន ទៅជា សហគមន៍អាស៊ាន ជាផ្លូវការកាលពីចុងឆ្នាំ២០១៥។

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ជាសហគមន៍ដែលមានប្រជាជនរួមគ្នាប្រមាណ ៦៣០លាននាក់ និងជាទីផ្សារដ៏សំខាន់បំផុតមួយរបស់ពិភព លោក តំបន់អាស៊ានបាននឹងកំពុងរីកលូតលាស់ ធ្វើនគរូបនីយកម្ម និងឱបក្រសោមយកបច្ចេកវិទ្យាថ្មីៗ។

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា តំបន់អាស៊ានកំពុងតែផ្តោតទៅលើនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ថ្មីមួយ ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងហេដ្ឋារចនា សម្ព័ន្ធថ្មីៗ បានលេចជារូបរាងឡើង។

លោកក៏បានសំដែងនូវការព្រួយបារម្ភរបស់អាស៊ាន ដែលនឹងត្រូវ ប្រឈមនឹងបញ្ហាសំខាន់ៗដូចជា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ការប្រែប្រួលភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ចពិភពលោក និងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មឲ្យកាន់តែស៊ីជម្រៅជាដើម។

នៅក្នុងសុន្ទរកថាគន្លឹៈក្នុងពិធីបើកវេទកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន នោះដែរ ឯកឧត្តម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក៏បានផ្តល់នូវចំណុចគន្លឹៈមួយចំនួន ក្នុងការរួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈម របស់តំបន់ និងបានលើកឡើងពីបទពិសោធន៍មួយចំនួន ដែលប្រទេសម៉ាឡេស៊ីសម្រេចបានក្នុងរយៈពេល កន្លងមក ។

នៅក្នុងសុន្ទរកថាគន្លឹៈនោះដែរ លោកនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញពីការធ្វើសមាហរណកម្មវ័យក្មេង ដើម្បីឲ្យអាស៊ានមានការរីកចម្រើនឲ្យបាន៥% សម្រាប់បណ្តាឆ្នាំខាងមុខ។

លោក Phillipp Rosler សមាជិកក្រុមប្រឹក្សាភិបាល នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានធ្វើបទបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ក្នុងការគោរពអញ្ជើញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងពីបទពិសោធន៍នៃកំណើនរបស់កម្ពុជា ដែលរូបលោកបានធ្វើការកាត់សំគាល់ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ ដែលមានអាត្រាកំណើន៧ភាគរយ ដែល សំណូរបស់រូបលោកថាតើ អនាគតដ៏ខ្លីខាងមុខ ក្នុងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ដើម្បីឲ្យប្រជាពលរដ្ឋឆ្លងផុតពីភាពក្រីក្រនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីមានចក្ខុវិស័យយ៉ាងណា (ដាក់សម្លេងសម្តេច) ។

បន្ទាប់មក លោក Rui Maria de Araujo នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រឡេស្តេ លោក Jusuf Kalla អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោក Trinh Dinh Dung ឧបនាយករដ្ឋមន្រ្តីវៀតណាម បានធ្វើបទអន្តរាគមន៍ស្តីពីការចូលរួមចំណែករបស់ប្រទេសទីម័រឡេស្តេ ប្រទេសឥណ្ឌូណេស៊ី និងប្រទេសវៀតណាម ក្នុងការចូលរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនូវ កំណើនសេដ្ឋកិច្ច ការដោះស្រាយនូវបញ្ហាប្រឈមនានា ដែលទាក់ទិនទៅនិងប្រធានបទ ការរៀបចំរបៀបវារៈអាស៊ាន សម្រាប់ប្រជាជនទាំងអស់ និងការរីកចម្រើន ដែលវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ានបានលើកឡើង ។

បន្ទាប់ពីបានបញ្ចប់នូវពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន ក្រោមប្រធានបទ ការរៀបចំរបៀបវារៈអាស៊ាន សម្រាប់ប្រជាជនទាំងអស់ និងការរីកចម្រើន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Phillipp Rosler សមាជិកក្រុមប្រឹក្សាភិបាល នៃវេទិកាសេដ្ឋកិច្ចពិភពលោក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

លោក Phillipp Rosler មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន នៅ ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាពេលនេះ។ លោកប្រធានមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចនិងធ្វើឲ្យវេទកាដ៏មានសារៈសំខាន់បំផុតនោះ កាន់តែទទួលបានជោគជ័យខ្ពស់ថែមទៀត។

ជាការ ឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ចាត់ទុកថា វេទិកានេះគឺពិតជាមានសារៈសំខាន់ខ្លាំង ក្នុងការចូលរួមផ្តល់នូវមតិមួយចំនួន របស់បណ្តាមេដឹកនាំពិភពលោក រួមគ្នាដោះស្រាយនូវបញ្ហាប្រឈមជា សកលដែលយើងកំពុងមានការយកចិត្តទុកដាក់ដូចគ្នា។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្ថែមថា កម្ពុជាសូមស្វាមន៍ក្នុងការធ្វើម្ចាស់ផ្ទះនៃវេទកាសេដ្ឋកិច្ចពិភពលោកលើកទី២៦ នៅព្រះរា ជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១៧ខាងមុខ ៕ ហេង សូរិយា

 

AUN_7983 AUN_7976 AUN_7946 AUN_7908 AUN_8013