ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានរៀបចំពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកយន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ។

អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស មានលោក លោកស្រីជា អភិបាលរងខេត្ត លោក លោកស្រីជាអភិបាល អភិបាលរង ក្រុង ស្រុក អស់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ មកពីអង្គភាពស្ថាប័នរដ្ឋចំណុះសាលាខេត្ត កងកម្លាំងប្រដាប់ទាំង៣ប្រភេទ បានមកចូលរួមយ៉ាងច្រើនកុះករ ។

យោងតាមព្រះរាជក្រឹត្យ ប្រកាសតែងតាំងចូលកាន់មុខតំណែងរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចត្រាស់បង្គាប់តែងតាំងលោក សៀង សុខ អតីតព្រះរាជអាជ្ញារងរាជធានីភ្នំពេញ មកជាព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ ជំនួសលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ ដែលត្រូវផ្ទេរភារកិច្ចជាព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺវិញ ។

បន្ទាប់ពីលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រគល់ព្រះរាជក្រឹត្យ ប្រកាសតែងតាំង និងប្រគល់ត្រាជូនលោក សៀង សុខ ព្រះរាជអាជ្ញា ដែលទើបទទួលបានមុខតំណែងថ្មីរួចមក លោកយន្ត មីន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ ថ្លែងកោតសរសើរដល់លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ អំពីកិច្ចខិតខំប្រឹងប្រែងលើកាតព្វកិច្ចទាក់ទងទៅនឹងការអនុវត្តច្បាប់របស់សាលាដំបូងខេត្តព្រះសីហនុ នាពេលកន្លងមក ទទួលបានលទ្ធផលជាផ្លែផ្កា គួរជាទីមោទន: តាមការរំពឹងទុករបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ជាពិសេសក្តីរំពឹងយ៉ាងមុតមាំរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាយើង ក្នុងបុព្វហេតុបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិបានប្រកបដោយគុណភាពខ្ពស់លើការអនុវត្តច្បាប់។

លោកអង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានផ្តាំផ្ញើដល់លោក ព្រះរាជអាជ្ញាដែលទើបទទួលបានការតែងតាំង ត្រូវខិតខំយកចិត្តទុកដាក់លើកាតព្វកិច្ចការអនុវត្តច្បាប់ នៅសាលាដំបូងឲ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ឆ្លងតាមបទពិសោធន៍ការងារនាពេលកន្លងមក និងមានសាមគ្គីភាព កិច្ចសហការបានល្អជាមួយកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ មន្ទីរអង្គភាពស្ថាប័នរដ្ឋ និងរដ្ឋបាលសាលាខេត្តផងដែរ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖