ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសែនព្រេនរបស់បងប្អូនជនជាតិភាគតិចព្នងក្នុង១ឆ្នាំត្រូវកាប់ក្របី១គូ និងផឹកស្រារាំសប្បាយសុំសេចក្តីសុខ

ខេត្តស្ទឹងត្រែង៖ ក្នុងពិធីសែនព្រេនរបស់ជនជាតិភាគតិចព្នង ជិត១០០គ្រួសារ ដែលបម្លាស់ទីពីភូមិចាស់ តាមដងទន្លេសេសានក្រោម មករស់នៅភូមិស្រែគរថ្មី ឃុំក្បាលរមាសថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង តាមបណ្តោយផ្លូវជាតិលេខ78A បាននាំគ្នាកាប់ក្របីផឹកស្រា ដែល ជាប្រពៃណីតាំងពីដូនតាជាយូរលង់ណាស់មកហើយ និងយកក្បាលក្របីមកសែនព្រេនសុំសេចក្តីសុខសប្បាយ ពីអារុកអារក្សអ្នកតា ម្ចាស់ទឹក ម្ចាស់ដីជួយថែរក្សាទឹកដីភូមិករថ្មី ដែលបានចាកចេញពីភូមិចាស់មករស់នៅភូមិថ្មីនេះ ឲ្យទទួលបានសេចក្តីសុខចំរើន ដាំដំណាំលូតលាស់បានល្អ បានផ្លែ បានផ្កា ចិញ្ចឹមកូនចៅតរៀងទៅ ។ ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។

លោកគ្រុ យូរ ឃុំក្បាលរមាសថ្មី បានបញ្ជាក់ថា៖ ប្រជាពលរដ្ខដែលស្មគ្រចិត្តចាកចេញញពីភូមិចាស់មករស់នៅភូមិថ្មីនេះ បាននាំគ្នាធ្វើពិធីសែនដូនតា គឺទាក់ទងទៅនឹងការរស់នៅជនជាតិដើមភាគតិច ដោយរក្សាប្រពៃណីតាំងពីដើមមិនឲ្យបាត់បង់នោះទេ ។

លោកថា៖ ពិធីនេះ គឺត្រូវកាប់ក្របីខ្នៅ ក្របីស មាន់ជ្រូក ផ្លែឈើ ស្រា ចំណីអាហារ ផ្សេងៗបានពីគ្រួសារមួយៗចូលរួមសែនអារក្សអ្នកតាភ្នំ និងដូនតាដែលបានស្លាប់ទៅ ប្រាប់ពីដំណឹងកូនចៅបានផ្លាស់ទីលំនៅទៅនៅភូមិថ្មី សុំឲ្យមានសេចក្តីសុខចំរើន និងជូយថែរក្សាភូមិករ អ្នកភូមិដែលធ្លាប់តែអាស្រ័យផល ពីធនធានព្រៃឈើ ទៅតាមប្រពៃណីដើម ហើយពេលមកធ្វើដំណាំដាំដុះឲ្យបានភោគផលចិញ្ចឹមជីវិត ។

លោកញ៉យ សារ៉ូ ជាមេកន្ទ្រាញជនជាតិព្នងដឹកនាំពិធីសែនព្រេននេះ បានបញ្ជាក់បន្ថែមថា៖ ជនជាតិព្នង ពួកគាត់មានជំនឿទៅលើដូនតា ពីព្រោះនឹងធ្វើតាមទំលាប់ដែលចាស់ទុំ ធ្លាប់ធ្វើបង្ហាញកន្លងមកហើយ កូនចៅជំនាន់ក្រោយចេះតែលំឱនតាមដើម្បីតែសេចក្តីសុខសប្បាយក្នុងភូមិ ។

លោកតា ជាមេកន្ទ្រាញបញ្ចាក់ថា៖ពិធីនេះបងប្អូនប្រកាន់ភ្ជាប់ ធ្វើឡើងនៅពេលជិតចូលឆ្នាំផង និងនៅពេលជិតដល់ចេញទៅធ្វើចំការពនេចរ សុំឲ្យអ្នកតាព្រៃភ្នំជួយថែរក្សាភោគផល ឲ្យគង់វង្ស កុំឲ្យសត្វព្រៃមកស៊ីចំផ្លាញ ស្រូវអង្ករ ជាពិសេសនៅពេលដែលមានសមាជិក ចេញចូលមករស់នៅក្នុងភូមិថ្នីនេះ ។

NKD-36x6_outline

លោកឆាយ ម៉េង តំណាងក្រុមហ៊ុនវ៉ារីសេសានបានលើកឡើងថា៖ ចំពោះពិធីសែនព្រេននេះ ក្រុមហ៊ុនរីករាយណាស់ បានឃើញសកម្មភាពស្រុះស្រួលគ្នា ជួបជុំសប្បាយហើយក្រុមហ៊ុនបានជួយឧបត្ថម្ភថវិកាក្នុងពិធីសែនព្រេននេះមួយចំនួន១៥០០ដុល្លារ។

លោកថា នេះជាការបង្ហាញឲ្យឃើញពីទឹកចិត្ត ដែលប្រជាពលរដ្ឋយើង បានស្មាគ្រ ព្រមព្រៀងចាកចេញ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គ្រាន់តែការដោះស្រាយបន្ថែមនេះ ជួយក្នុងពិធីសែនព្រេន ឲ្យត្រូវតាមប្រពៃណីជនជាតិដើមរបស់ពួកគាត់តែប៉ុណ្ណោះ ។

លោក រឿងសម្បត្តិ មេឃុំក្បាលរមាសបានសំដែងការសាទរចំពោះ ដំណោះស្រាយនេះ ពីព្រោះប្រជាពលរដ្ឋជនជាតិដើមព្នង គួយ ថ្វីដ្បិតតែទំលាប់មួយចំនួនត្រូវផ្លាស់ប្តូរ ដូចជាសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ ការប្រកបរបររកស៊ី តែប្រពៃណីសាសនាមិនបោះបង់ចោលទេ ដូចជាការសែនព្រេន ការគោរពអ្នកតាភ្នំ ក្រមថ្ម គឺនៅតែថែរក្សាជាប្រចាំ។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋក្នុងឃុំក្បាលរមាសមានចំនួន៣៧៧គ្រួសារ ត្រូវចេញមករស់នៅភូមិថ្មីហើយ តែក្នុងនោះ ក៏នៅមាន៣០គ្រួសារទៀតនៅមិនទាន់យល់ព្រមនៅឡើយ ៕ មាស សុផាត

ae (4) ae ae (1) ae (2) ae (3)