ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ពិភពលោក អបអរសាទរ ក្រោយ អាមេរិក-ចិន ព្រមព្រៀងគ្នា ផ្អាកតម្លើងពន្ធ បន្តពិភាក្សា

ចែករំលែក៖

អាមេរិក និងចិន បានព្រមព្រៀងគ្នា មិនតម្លើងពន្ធដាក់គ្នា ទៀតឡើយចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ខាងមុខ ដើម្បីបន្តពិភាក្សាគ្នា ស្វែងរកដំណោះស្រាយបញ្ចប់ការប្រឈមមុខ នៅក្នុងវិស័យពាណិជ្ជកម្ម ប្រទេសទាំងពីរ ។

សារព័ត៌មាន TTXVN បានផ្សាយថា នៅក្នុងជំនួបពិភាក្សាទ្វេភាគី បន្ទាប់ពីកិច្ចប្រជុំកំពូល G-20 នៅប្រទេសអាហ្សង់ទីន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោកស៊ី ជីងពីង បានព្រមព្រៀងគ្នា ផ្អាកតម្លើងពន្ធដាក់គ្នាទៅវិញទៅមក ក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ គឺចំពេលដែលអាមេរិក គ្រោងតម្លើងពន្ធទៅលើទំនិញនាំចូលពី ចិន ដែលមានតម្លៃជាង២០០ពាន់លានដុល្លារ នៅដើមខែមរា ឆ្នាំ២០១៩នោះដែរ ។

ប៉ុន្តែគម្រោងតម្លើងពន្ធរបស់អាមេរិក ទៅលើទំនិញនាំចូលពីចិន ត្រូវបានផ្អាក ក្រោយកិច្ចពិភក្សាគ្នា គឺជាលទ្ធផលវិជ្ជមានមួយ យ៉ាងល្អបំផុត ហើយទទួលបានការស្វាគមន៍អបអរសាទរ ពីបណ្តាប្រទេស ជុំវិញពិភពលោក ពិសេសគឺ ប្រទេសដែលបានចូលរួមនៅក្នុងកិច្ចប្រជុំ G-20 ។ នៅពេលនេះដែរ សេតវិមានអាមេរិក មិនទាន់មានការវិភាគអ្វីជុំវិញ ជំនួប អាមេរិក -ចិន នោះឡើយ ប៉ុន្តែ ទីប្រឹក្សាសេដ្ឋកិច្ច អាមេរិក លោក Larry Kudlow បានបញ្ចាក់ថា ជំនួបពិភាក្សា រវាងមេដឹកនាំទាំងពីរដំណើរការយ៉ាងរលូន និងជិតស្និទ្ធបំផុត ។

តាមគម្រោង អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រី Sarah Sanders នឹងចេញសេចក្តីប្រកាសនៅពេលឆាប់ៗ ពាក់ព័ន្ធនឹងបញ្ហាខាងលើ ។ ចំណែក ភាគីចិនវិញ នៅមិនទាន់មានការវិភាគអ្វីជុំវិញ ការសម្រេចផ្អាកតម្លើងពន្ធនោះដែរ។

កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតី ចិន លោកស៊ី ជីងពីង បានចូលរួមបរិភោគអាហាររួមគ្នា ពេលយប់ ជាការបង្ហាញនូវភាពស្និទ្ធស្នាល និងយល់យោគគ្នាទៅវិញទៅមក ។ អ្វីដែលសំខាន់បំផុតនោះ គឺមេដឹកនាំ សំខាន់បំផុតលើពិភពលោកទាំងពីររូប បានព្រមព្រៀងឈានដល់ការ បញ្ចប់ការប្រឈមមុខដាក់គ្នាក្នុងសង្គ្រាមពាណិជ្ជកម្ម។

ជំនួប លោកត្រាំ និងស៊ីជីងពីង ទទួលបានការយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ដោយប្រទេសទាំងពីរ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច លើពិភពលោកទាំងមូល៕ ម៉ែវ សាធី


ចែករំលែក៖