ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ពីរនាក់បងប្អូនទើបចេញពីគុកលួចកាច់កម៉ូតូអ្នកជិះទៅផ្លាស់គោសមត្ថកិច្ចចាប់បញ្ចូលគុកម្តងទៀត

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាចោរលួចម៉ូតូ២នាក់បងប្អូនត្រូវសមត្ថកិច្ចស្ទាក់ចាប់បានក្រោយពេលពួកគេធ្វើសកម្មភាពកាច់.កម៉ូតូរបស់ពលរដ្ឋម្នាក់ពេលជិះទៅផ្លាស់គោ កាលពីម៉ោង១និង១៥នាទីរសៀល ថ្ងៃ អង្គារ ១៤ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី១២ មិថុនា ២០១៨ ស្ថិតនៅភូមិរំដោះថ្មី ឃុំពោធិម្រាល ស្រុកបសេដ្ឋ ។

ប្រភពពីនគរបាលស្រុកបសេដ្ឋឱ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលចាប់ខ្លួនខាងលើ១-ឈ្មោះ ផន សៅ ហៅផនចយ ភេទប្រុស អាយុ២៨ឆ្នាំ ស្រុកកំណើតនៅភូមិព្រៃពាយ ឃុំទួលអំពឹល ស្រុកបសេដ្ឋ បច្ចុប្បន្ននៅភូមិស្រែលាវ ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត (ជាមុខសញ្ញាចាស់លួចយ៉ាងសកម្មទើបចេញពីពន្ធនាគា) ២-ឈ្មោះ ផន ទីង ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិព្រៃពាយ ឃុំទួលអំពឹល ស្រុកបសេដ្ឋ ។ រីឯជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ តេវ ម៉ាត់ ភេទប្រុសអាយុ៥៧ឆ្នាំ នៅភូមិរំដោះថ្មី ឃុំពោធិម្រាល ស្រុកបសេដ្ឋ ជិះម៉ូតូម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ស្លាកលេខ 1CS4406 ភ្នំពេញ ។

ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់បានជិះម៉ូតូទៅផ្លាស់គោហើយបញ្ឈរទុកនៅខាងកើតភូមិចម្ងាយ១០០ម៉ែត្រ រួចបានដើរ ទៅផ្លាស់គោរកទីតាំងថ្មី។ ពេលនោះគាត់ឃើញជនសង្ស័យជិះម៉ូតូឌុបគ្នាមកឈប់ជិតម៉ូតូគាត់និងបានដើរចូលទៅលួច កាច់សោម៉ូតូគាត់ជិះមកទិសខាងជើង ហើយគាត់ក៏រត់ផង ស្រែកឆោឡោផង និងផ្តល់ព័ត៌មានមកសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍។

ក្រោយពីទទួលព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការតាមបង្ក្រាបចាប់បានទាំងពីរនាក់ភ្លាមៗ តែម្តង និងដកហូតម៉ូតូចំនួន២គ្រឿង ១-ម៉ាក MSX ពណ៌ស គ្មានស្លាកលេខ ជារបស់ជនសង្ស័យ ២-ម៉ាកហុងដា C125 ពណ៌ខ្មៅជារបស់ជនរងគ្រោះ។ ចំណែកជនសង្ស័យឆ្លើយសារភាពថា ពួកគេជាបងប្អូនបង្កើតនឹងគ្នាទើបចេញពីគុកនាពេលថ្មីៗនេះ។ពួកគេបានណាត់គ្នាដើររកលួចកាច់.កម៉ូតូគេដែលដាក់ប្រហែសដើម្បីលក់យកលុយចាយ ស្រាប់តែមកលួចម៉ូតូនេះត្រូវម្ចាស់ឃើញទាន់ស្រែកឱ្យគេជួយដឹងដល់សមត្ថកិច្ចស្ទាក់ចាប់បានតែម្តង។ ពេលនេះជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តចាត់ការតាមនីតិវិធីដើម្បីបញ្ចូលគុកម្តងទៀត ៕ សហការី