ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ពុលទៀតហើយ! ពលរដ្ឋជិត១០០នាក់ពុលនំប័ុងនៅស្រុកចិត្របុរី ខេត្តក្រចេះ

ខេត្តក្រចេះ ៖ មនុស្សក្មេងចាស់ប្រុសស្រីប្រមាណជិត១០០នាក់បានរងការពុលចំណីអាហារដែលពួកគេបានបរិភោគក្នុង ពិធីជួបជុំមួយកាលពីល្ងាចថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។ យ៉ាងណាប្រធានមន្ទីរសុខាភិបាលខេត្ត ក្រចេះបានបញ្ជាក់ថា អ្នកជំងឺទាំងអស់ បានធូរស្រាលអស់ហើយៗក្រុមការងារ ជំនាញក៏កំពុងបន្តស្រាវជ្រាវរកមូលហេតុពិតផងដែរ ។

ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះលោក ឈ្នាង សុវុត្ថា បានឲ្យដឹងកាលពីព្រឹក ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ថា មានផ្ទុះករណីពុលជាថ្មីទៅលើប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងទ្រាំង ឃុំចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ដោយប្រជាពលរដ្ឋជាច្រើនមានអាការដូចៗគ្នាគឺឈឺពោះ ក្អួតចង្អោរអស់កម្លាំងចំពោះកុមារមានរាករូសផងដែរ ។

បើតាមប្រធានមន្ទីរគិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ប្រជាពលរដ្ឋដែលរង ការពុលសរុបមានចំនួន៧៥នាក់ស្រី៣៩នាក់ ក្នុងនោះមានកុមារ៥៣នាក់ ។

លោកប្រធានមន្ទីរបានបន្តថា អ្នកជំងឺ ចំនួន៤០នាក់ ក្នុងនោះមានស្រី២១នាក់ និងកុមារ២១នាក់ ត្រូវបានបញ្ជូនមក សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈអ្នកជំងឺ៣៥នាក់មានស្រី១៨នាក់ និងកុមារ២១នាក់បានសម្រាកព្យាបាលនៅមណ្ឌលសុខភាពក្នុងមូលដ្ឋាន ។

ចំពោះការផ្ទុះករណីពុលជាថ្មីនៅក្នុង ស្រុកចិត្របុរីនេះលោក ឈ្នាង សុវុត្ថា បាន បញ្ជាក់ថា អ្នកជំងឺទាំងអស់បានហូបនំប៉័ងនៅក្នុងពិធីប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់ ស្ដីពីការជំរុញទីផ្សារខ្នាតតូចផលិតផល ដំឡូងមី។ លោកបានបន្តថា ក្រុមការងារ ឆ្លើយតបបន្ទាន់កំពុងបន្តចុះស្រាវជ្រាវរក មូលហេតុពិតប្រាកដហើយ ។

គួរបញ្ជាក់ថា ចាប់តាំងពីដើមខែរហូត មកទល់នឹងចុងខែឧសភានេះប្រជាពលរដ្ឋជាច្រើនរយនាក់នៅក្នុងស្រុកចិត្របុរី ខេត្ត ក្រចេះបានរងការពុលជាបន្តបន្ទាប់ ដោយ បានសម្លាប់មនុស្សផងដែរ។ កាលពីដើមខែឧសភាកន្លងទៅមានករណីពុលពលរដ្ឋនៅក្នុងភូមិចំនួន៤ក្នុងឃុំកន្ទួត ស្រុកចិត្រ បុរី ខេត្តក្រចេះ ដោយបានសម្លាប់ប្រជាពល រដ្ឋចំនួន១៣នាក់ និងជាង២០០នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកភូមិជាច្រើនមានរោគសញ្ញា ដូចៗគ្នាដូចជា ឈឺពោះ ក្អួតចង្អោរ ឈឺក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និងថប់ ដង្ហើមជាដើម ។

ពាក់ព័ន្ធនឹងករណីពុលនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្ទោសរដ្ឋមន្រ្តី៣រូបយ៉ាងខ្លាំងៗនិងព្រមានដកចេញពីតំណែងក្រោយពីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាលបានចេញផ្សាយ របាយការណ៍ខុសគ្នា។ សម្ដេចតេជោបាន បន្តថា ប៉ុន្មានថ្ងៃមកនេះមានការបំពុលព័ត៌មានតាមរយៈរដ្ឋមន្ត្រីខ្លួនឯងបានបង្កើតទៅជាបញ្ហាស្ទើរតែធ្វើឲ្យសម្ដេចទប់ចិត្តមិនបានដែលតម្រូវឲ្យមានការបណ្ដេញថ្នាក់ រដ្ឋមន្ត្រីមួយចំនួនចេញពីរាជរដ្ឋាភិបាល ទាក់ទងនឹងការពុលនៅខេត្តក្រចេះ ។

សម្ដេចតេជោបានបន្ថែមថា សម្ដេចបាន ប្រគល់តួនាទីនេះឲ្យក្រសួងសុខាភិបាល ធ្វើការងារតាំងពីដើមទី ហើយក្រសួងក៏បានផ្សព្វផ្សាយយកជាផ្លូវការរួចស្រេចហើយដែរ។ ហេតុអ្វីបានជាចាំបាច់មានការអត្ថាធិប្បាយ និងលើកបញ្ហានេះបញ្ហានោះដែល បង្កើតជាជម្លោះរវាងរដ្ឋមន្ត្រីនឹងរដ្ឋមន្ត្រី ក្នុងស្ថាប័នរាជរដ្ឋាភិបាល។ ការស្តីបន្ទោស នេះបានធ្វើឡើងនៅចំពោះមុខបណ្តារដ្ឋ មន្រ្តីផ្សេងទៀតក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងចំនួន៣ រួមមានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉េ និងថាមពល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨បាន ចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នាដោយ បញ្ជាក់ថា ការពុលនៅភូមិស្រែនននិងភូមិ អាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្តាលមកពីស្រាសដែលមានលក់ ឬ ផលិតក្នុងមូលដ្ឋានហើយដែលមានសារធាតុមេតាណុលកម្រិតខ្ពស់ និងទឹកព្រែក ទេនិងអូរគគីរមានសារធាតុគីមីមានកំហាប់ ខ្ពស់ដែលបណ្តាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត ។

ជុំវិញហេតុការណ៍នេះក្រសួងទាំង៣ បានខ្វែងគំនិតគ្នាក្នុងការរកឃើញមូល ហេតុដែលបណ្ដាលឲ្យពលរដ្ឋរាប់រយនាក់ពុល។ ដំបូងឡើយក្រសួងសុខាភិបាល រកឃើញថា ករណីនេះបណ្តាលមកពីការ ពុលស្រា និងមួយចំនួនទៀតសង្ស័យថា ពុលទឹកព្រែកដែលប្រជាពលរដ្ឋបានប្រើប្រាស់ប្រចាំថ្ងៃ។ ប៉ុន្តែក្រោយមកលោក រដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចេញមកអះអាង ថា ករណីពុលស្លាប់នៅក្នុងខេត្តក្រចេះនេះគឺបណ្តាលមកពីសារធាតុហ្សានីតដែលគេប្រើប្រាស់សម្រាប់លាងរ៉ែមាសទៅវិញ។ មូលហេតុរបស់លោករដ្ឋមន្ត្រី ចម ប្រសិទ្ធ នេះត្រូវបានលោក ស៊ុយ សែម ទាត់ចោល ដោយលោកបានអះអាងស្រដៀងរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ករណីនេះបណ្តាល មកពីថ្នាំពុលសម្លាប់សត្វល្អិត ថ្នាំសម្លាប់ ស្មៅ និងករណីមួយចំនួនទៀតបណ្តាល មកពីពុលស្រា ៕ ហេង សូរិយា