ព័ត៌មានទាន់ហេតុការណ៍៖

«ពុល​នំ​ប៉ា​តេ​កញ្ចប់» ​ស្លាប់​ក្មេងស្រី​ម្នាក់​ និង​ក្មេងប្រុស​ម្នាក់ទៀត​រងគ្រោះ នៅ​ស្រុក​សំបូរ​

ក្រចេះ ៖ ​ក្មេងប្រុស​ស្រី​២​នាក់ ពុល​នំ​កញ្ចប់ ​បណ្តាល​ឲ្យ​កុមារី​ម្នាក់​អាយុ​១១​ឆ្នាំ ​បាន​ស្លាប់ ​ក្រោយ​ពេល​ដែល​ក្រុមគ្រូពេទ្យ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​រាជធានី​ភ្នំពេញ ​និង​កុមារា​ម្នាក់ ​ ទៀត​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​។​​ករណី​នេះ ​ បាន​កើតឡើង​ កាលពី ថ្ងៃទី​១៣ –១៥ ​ខែឧសភា ​ឆ្នាំ​២០១៨ ​នៅ​ភូមិ​អំពិល​ទឹក ​ឃុំ​កំពង់ចាម​ ស្រុក​សំបូរ ​ខេត្តក្រចេះ ។

សព​កុមារី​រងគ្រោះ​ឈ្មោះ កាន់ ស្រី​និ​ត អាយុ ១១ឆ្នាំ (​សិស្ស​) ឪពុក​ឈ្មោះ រស់ សារុន អាយុ 48​ឆ្នាំ​នឹង​ម្ដាយ​ឈ្មោះ អ៊ឹម សុផាត អាយុ 47​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ ចំណែក​កុមារា​រងគ្រោះ​ឈ្មោះ ឃឿន កុ​ច អាយុ​១០ ​(​សិស្ស​) អាការៈ​បាន​ធូរស្រាល​និង​បាន​ ត្រឡប់​មកផ្ទះ​វិញ​ ហើយ ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ​ឈិ​ត ណន​ មេឃុំ​កំពង់ចាម​។

លោក​មេឃុំ​រូបនោះ បាន​បន្តថា ​មុនពេល​កើតមាន​ករណី​នោះ​ឡើង គឺ​កុមារី កាន់ ស្រី​និ​ត បាន​ទិញ​នំ​ប៉ា​តេ ​កញ្ចប់​យក​មក​ញ៉ាំ ​រួច​ក៏​ឡើង​ទៅ​សំងំ​ដេក ​លុះដល់​ម៉ោង​ហូបបាយ ​ឪពុក​ម្តាយ​ក៏​ទៅ​ដាស់​ឲ្យ​មក​ហូបបាយ​ ស្រាប់តែ​ឃើញ​កូន​សន្លប់ ​ទន់​ដៃជើង​ និង​មាន​អាការៈ ​ក្អួតចង្អោរ​ ដូច្នេះ​ក៏​នាំគ្នា​បញ្ជូន​កុមារី​រងគ្រោះ​មក​មន្ទីរពេទ្យ​បង្អែក​​ខេត្ត ដោយសារ​ស្ថានភាព ​អាការៈ​ធ្ងន់ធ្ងរ​ក្រុម​គ្រូពេទ្យ​ក៏បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ​នៅ​រាជធានី ភ្នំពេញ​ ប៉ុន្តែ​ជា​អកុសល​កុមារី​រងគ្រោះ កាន់ ស្រី​និ​ត ​បាន​ស្លាប់​បាត់​បង​ជីវិត​ក្រោយពេល​ទៅ ​ដល់​មន្ទីរពេទ្យ​។

លោក​ បន្តថា ចំណែក​កុមារា ឈ្មោះ ឃឿន កុ​ច ពេលនេះ​មាន​អាការៈ​ជាសះស្បើយ ​និង​បាន​ត្រឡប់​មកផ្ទះ​វិញ​ហើយ ​ដោយសារ​ឪពុក​ម្តាយ​បាន​ដឹង ​និង​នាំទៅ​មណ្ឌល​សុខភាព ​ជួយសង្គ្រោះ​ទាន់​ពេលវេលា​។

លោក ឈិ​ត ណន មេឃុំ​កំពង់ចាម បាន​បញ្ជាក់ថា ​នេះ​ជា​ លើកទីមួយ​ហើយ​ ដែល​កុមារ​នៅ​ក្នុង​ឃុំ​របស់​លោក​ជួប​នូវ​គ្រោះថ្នាក់​ពុល​នំ​កញ្ចប់​ និង​បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់ជីវិត​ដូច្នោះ​។ ​បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​កំពុង​ប្រមូល​នំ​កញ្ចប់ ​ទាំង​នោះ​មក​ធ្វើ​កោសល្យវិច័យ ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​បញ្ជាក់​នៃ​ការ​ស្លាប់​របស់​កុមារី រងគ្រោះ​ខាងលើ​៕ ​

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក