ព័ត៌មានទាន់ហេតុការណ៍៖

ពួនស្ទាក់ចាប់បាន២នាក់ រកឃើញសង្ស័យគ្រឿងញៀនជាង១០កញ្ចប់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលពួនស្ទាក់ចាប់ជាប់ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។

ប៉ូលិសចាក់អង្រែលើនិយាយថា បានពួនស្ទាក់និងបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន​កាលពីម៉ោងរំលងអធ្រាត្រ ចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ​ចំណុចវាលខ្សាច់ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ ឃាត់​ខ្លួន​ឈ្មោះ ជួន ចន្ធី ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​មិនពិតប្រាកដ ​ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រកឃើញក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០១ កញ្ចប់ថង់តូច និង សំបកថង់ប្លាស្ទិច តូចៗមួយចំនួន ។

ប៉ូលិសនិយាយទៀតថា នៅ​ម៉ោង​៥ និង៣០នាទីទៀបភ្លឺថ្ងៃ១៥​ កញ្ញា នៅ​ចំណុចវាលខ្សាច់ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ដដែល ឃាត់​ខ្លួន​ម្នាក់ទៀត ឈ្មោះ ឯក ដុង ភេទ ប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ​ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រកឃើញ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ១១ កញ្ចប់ថង់តូច និង ទូរស័ព្ទដៃ០១គ្រឿងចាស់ ។

ជន​សង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវប៉ូលិសសាកសួរ កសាងសាណុំរឿងចាត់ការតាមច្បាប់ ៕ ភារ៉ា ដង្កោ