ព័ត៌មានទាន់ហេតុការណ៍៖

ពេជ្រ សោភា បារម្ភក្លាយជាមនុស្សរុក្ខជាតិ

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះរបស់ ផលិតកម្ម ហង្សមាស អ្នកនាងពេជ្រ សោភា បានបង្កើតឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលជាថ្មីក្រោយពីនាងបង្ហោះសារក្តីព្រួយបារម្ភអំពីស្ថានភាពជំងឺរបស់នាង។ វាហាក់ដូចជាស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរឡើងពិបាក នឹង​វិលមករកស្ថានភាពដើមដែលជាដើមចមមួយធ្វើឲ្យ ពេជ្រ សោភា នឹងក្លាយទៅ ជាមនុស្សឈើ។

បន្ទាប់ពីបញ្ចេញសារថា នាងអាច ប្រឈម​នឹងការក្លាយជាមនុស្សរុក្ខជាតិ នោះនាង បាន​និយាយតាមវីដេអូ Live (បន្តផ្ទាល់)បញ្ជាក់ពីស្ថានភាពជំងឺនាងថានាងសល់តែ១ខែទៀតប៉ុណ្ណោះ ដើម្បីព្យាបាល។ក្នុងវីដេអូដែលមិនបញ្ចេញមុខឮតែសំឡេងតារា​ចម្រៀងរូបនេះបន្តទៀតថា ប្រសិនបើក្នុងរយៈ១ខែការព្យាបាលមិន មានប្រសិទ្ធភាពទេ ស្ថានភាពជំងឺរបស់នាងនឹងវិវត្តទៅរកសភាពធ្ងន់ធ្ងរហើយ។ យ៉ាង ណានាងសង្ឃឹមថានាងនិងទទួលលទ្ធ​ផលល្អ។

មនុស្សរុក្ខជាតិត្រូវបានគេសំដៅទៅលើមនុស្សដែលដេកសន្លប់លង់លក់ជារៀងរហូត មិនអាចកម្រើកអ្វីបានដែលមានជីវិតដោយការចាក់បញ្ចូលថ្នាំឬអាហារតែ ប៉ុណ្ណោះ។ តារាចម្រៀងរូបនេះត្រូវបានគេដឹងថាមានជំងឺឈាម សស៊ីឈាមក្រហម ដែលកន្លងមកនាងលើកឡើងថា ឆ្អឹងខ្នង របស់នាងមិនផលិតកោសិការឈាមដែលជាការលំបាកធ្វើឲ្យនាងឈឺញឹកញាប់ ហើយគ្រូពេទ្យតម្រូវឲ្យនាងទៅត្រួតពិនិត្យជា ប្រចាំ។ នាងបញ្ជាក់ថា អ្វីដែលគ្រូពេទ្យហាមគឺការធ្វើការហួសកម្លាំង និងហាមមិនឲ្យ គិត​ច្រើនដែលនាំឲ្យមានសម្ពាធផ្នែកផ្លូវ​ចិត្ត។

ពេជ្រ សោភា បានសរសេរនៅលើ​ហ្វេស ប៊ុកថ្មីៗនេះថា “ខ្ញុំអត់ចង់ក្លាយជាមនុស្សរុក្ខជាតិទេខ្ញុំត្រូវតែខំតស៊ូដើម្បីមនុស្សដែលខ្ញុំស្រឡាញ់បំផុត”។ក្នុងថ្ងៃដដែលនេះពេជ្រ សោភា បានចេញវីដេអូឃ្លីបមួយដែលស្តែងពីអារម្មណ៍របស់ខ្លួនថាការ សរសេរនៅលើហ្វេសប៊ុកនេះវាគ្រាន់តែជា អារម្មណ៍ភ័យខ្លាចតែប៉ុណ្ណោះដោយពេជ្រ​ សោភា ប្រាប់ ថានាងសល់ពេលមួយខែទៀតដើម្បីព្យាបាល។ នាងត្រូវបានក្រុមវេជ្ជបណ្ឌិតនៃ​មន្ទីរពេទ្យមួយនៃប្រទេសថៃណាត់ឲ្យជួបដើម្បីព្យាបាលជារៀងរាល់ខែដើម្បីពិនិត្យព្យាបាលនិងតាមដានស្ថានភាពជំងឺ។

អ្នកគាំទ្រនាងបានផ្ញើសារជូនពរបន់ស្រន់សុំឲ្យតារាក្នុងដួងចិត្តរបស់ពួកគេចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ៕ វឌ្ឍនា

111