ព័ត៌មានទាន់ហេតុការណ៍៖

ពេជ្រ អាវីហ្សា ធ្វើខួបកំណើតសុំផ្តាច់រឿងស៊យឆ្នាំចាស់

ភ្នំពេញ៖ តារាសម្តែងស៊ិចស៊ីកញ្ញា ពេជ្រ អាវីហ្សា បានរៀបចំពិធីខួបកំណើតរបស់ខ្លួន ដោយមិនបានព្រាងទុកមុនកាលពីរាត្រីថ្ងៃទី១៨ ខែឧសភានេះ នៅភោជនីយដ្ឋានមួយខាងក្រោយផ្សារសុវណ្ណា ។ អ្វីដែលនាងប្រាថា្នសុំនៅថ្ងៃខួបកំណើត គឺសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត ពិសេសសូមឲ្យជម្រះរឿងស៊យឆ្នាំចាស់ចេញ ។

ពេជ្រ អាវីហ្សា ថានាងគ្មានគម្រោងរៀបចំពិធីខួបកំណើតអ្វីនោះទេ ព្រោះមិនចង់រំខានអ្នកសិល្បៈ ប៉ុន្តែដោយសារយោបល់ម្តាយធម៌របស់នាងឲ្យរៀបចំទើបនាងសម្រេចធ្វើមុនថ្ងៃខួប៣ទៅ៤ ថ្ងៃមុនប៉ុណ្ណោះ ។ នាងថា ខួបកំណើតគម្រប់វ័យ២៧ឆ្នាំ របស់នាងបានអញ្ជើញតែអ្នកជិតដិតប្រមាណ៥០នាក់ប៉ុណ្ណោះ ដែលភាគច្រើនជាអ្នកសិល្បៈ ហើយភ្ញៀវ ស្ទើរតែទាំងអស់ គឺអញ្ជើញតាមទូរស័ព្ទ និងហ្វេសប៊ុក ប៉ុន្តែចំនួនភ្ញៀវលើសការកំណត់រហូតឲ្យនាងសម្រេចចិត្តថែមតុថ្មីទៀត ។ នាងថា ដើមឡើយ ការចំណាយនៃការរៀបចំគឺប្រមាណ២ពាន់ដុល្លារអាមេរិក ប៉ុន្តែអាចនឹងលើសនេះបន្តិច ព្រោះតែភ្ញៀវច្រើនកុះករធ្វើឲ្យនាងរំភើបចិត្ត និងការស្រលាញ់រាប់អានពីពួកគេ ។ នាងថា មុនថ្ងៃខួបកំណើតពីរថ្ងៃមុននេះ នាងបានរៀបចំឲ្យមានកម្មវិធីមនុស្សធម៌ គឺការចុះទៅចែកអំណោយដល់កុមារកំព្រារនៅមជ្ឈមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ។ នាងថា មួយរយៈក្រោយនេះ នាងជួបបញ្ហាជាច្រើនទាំងរឿងជម្លោះស្នេហានិងជួបគ្រោះថ្នាក់ចរាចរណ៍ ហើយការធ្វើបុណ្យទាំងប៉ុន្មាន គឺសុំឲ្យនាងជួបតែរឿងរ៉ាវល្អៗសម្រាប់ឆ្នាំថ្មី ។

ពេជ្រ អាវីហ្សា លើកឡើងថា សម្រាប់ការងារសិល្បៈមួយរយៈពេលនេះនាងមិនជាមមាញឹកច្រើនទេ ព្រោះតែផលិតករយល់ថា នាងទើបនឹងជួបរឿងចម្រូងចម្រាសជាមួយអតីតសង្សារ ។ អ្វីដែលនាងបួងសួងសុំសម្រាប់ពិធីខួបកំណើតនេះ គឺនាងចង់បានសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារប៉ុណ្ណោះ មិនប្រាថ្នារឿងរ៉ាវស្នេហានោះទេ ។ នាងរំពឹងដែរថា ថ្មីនឹងនាំមកនូវរឿងរ៉ាវដែលល្អៗក្នុងជីវិត ពិសេសសុំឲ្យនាងជួបតែមនុស្សល្អៗ ៕ វឌ្ឍនា

NKD-36x6_outline