ព័ត៌មានទាន់ហេតុការណ៍៖

ពេលយប់នគរបាលចាប់វៃខ្នោះព្រោះតែដឹកស្រី ប្រពន្ធស្រែកថាចោរ ព្រឹកឡើងនគរបាលចាប់វៃខ្នោះម្តងទៀត ព្រោះតែជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីដឹកស្រីស្នេហ៍ដើរលេង ចៃដន្យជួបប្រពន្ធរួចព្យាយាមគេចខ្លួន តែត្រូវបានប្រពន្ធដេញស្រែកពីក្រោយថា ចោរៗបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទំនប់ទឹកឃាត់ខ្លួនសួនាំហើយ ក៏ដោះលែងទៅវិញ កាលពីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ លុះព្រឹកឡើងវេលាម៉ោង១១ព្រឹក ខែមករា ឆ្នាំ២០១៨ ស្រាប់តែកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានសហការនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់ខ្លួននៅចំណុចផ្ទះសំណាក់ សុវណ្ណគីរី ក្រុម១ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន។

ជនសង្ស័យមានឈ្មោះ សំ តុលា អាយុ៣២ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងស្រ្តីម្នាក់ ឈ្មោះលីលី ។

លោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា នៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ហើយបានសាកសួរ នៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ។ ក្រោយពីសាកសួជនសង្ស័យបានសារភាពថា ពួកគេបានស៊ីឈ្នួលលក់ថ្នាំញឿនឲ្យឈ្មោះសំ តុលា ។

លោកអធិការបានបន្តថា ក្រោយពីកំណត់មុខសញ្ញាបានហើយ ស្រាប់តែវេលាម៉ោង១២និង១០នាទី រំលងអធ្រាត្រ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ក៏បានទទួលព័ត៌មានថា ឈ្មោះសំ តុលា ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួន ជាមួយនារីម្នាក់ ក្រោយពីស្ត្រីម្នាក់អះអាងជាប្រពន្ធ ឃើញប្តីខ្លួនជិះម៉ូតូឌុបស្រីតាមផ្លូវ ក៏ជិះម៉ូតូដេញតាម ពេលនោះបុរសខាងលើ ក៏ព្យាយាមជិះម៉ូតូគេចខ្លួនបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចដេញតាមរហូតទៅដល់មុខមនី្ទរពេទ្យវិសាលសុខ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត សិ្ថតក្នុងសង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ទើបនគរបាលឃាត់ខ្លួនបាន និងនាំខ្លួនទៅសាកសួនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ។ ក្រោយនគរបាលប៉ុស្តិ៍ សាកសួរ និងធ្វើកំណត់ហេតុ បុរសជាប្តី និងប្រពន្ធបានសម្របសម្រួលគ្នាបញ្ចប់រឿង ទើបអនុញ្ញាតឱ្យទៅផ្ទះវិញ ។

លុះវេលាម៉ោង១១ព្រឹក ទើបកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានសហការជាមួយនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ក៏ឃាត់ខ្លួនជនសង្ស័យខាងតែម្តងដើម្បីយកមកសាកសួបន្តនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ៕ សុខាសែនជ័យ