ព័ត៌មានទាន់ហេតុការណ៍៖

ព្រហ្មទណ្ឌកម្រិតស្រាល បើក​ប្រតិបត្តិការ​បង្ក្រាបទីតាំងបាញ់ត្រី ៣ទីតាំង​ នៅក្នុងខណ្ឌដូនពេញ ឃាត់ខ្លួន​មនុស្សប្រុសស្រី១៨នាក់ និងដកហូតទូហ្គេម១០គ្រឿង

ភ្នំពេញ​៖ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ប៊ុន សិត្យា បានបើក​ប្រតិបត្តិការ​ចុះបង្ក្រាបទីតាំងបាញ់ត្រី ៣ទីតាំង​ នៅក្នុងខណ្ឌដូនពេញ ដោយឃាត់ខ្លួនមនុស្សប្រុស ស្រីបានចំនួនជាច្រើននាក់​ និងទូហ្គេមជាច្រើនគ្រឿងផងដែរ ។

ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០១៨ នៅត្រង់ចំណុចជិតវិហារឥស្លាម ស្ថិតក្នុងភូមិ២១ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯកប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងបានឆ្មក់បង្ក្រាបទីតាំងបញ្ហាខាងលើនេះ គឺលោកបានឲ្យកម្លាំងការតាមដានមុខសញ្ញា និងឃ្លាំមើលអស់យៈពេលជិតបីខែមកហើយ បន្ទាប់ពីទទួលបានតម្រុយច្បាស់ការនោះ លោកបានបើក​ប្រតិបត្តិការ​ដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលប៉ុស្តិ៍ ចុះបង្ក្រាបតែម្ដង ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៨នាក់ និងដកហូតទូហ្គេមបានសរុប១០គ្រឿង​ ក្នុងនោះមានទូហ្គេមបាញ់ត្រី ចំនួន ៥គ្រឿង និងទូហ្គេមបៀរ ចំនួន​ ៥គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យរួមទាំងទូហ្គេមខាងលើត្រូវបានឃាត់ខ្លួននិងយកទៅ​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមនិតិវិធី ៕ ភារ៉ា ដង្កោ