ព័ត៌មានទាន់ហេតុការណ៍៖

ព្រូ​រថយន្ត​ស្ទួ​ចម្នាក់ធ្លាក់ពីលើទូកុងតឺន័រស្លាប់

ភ្នំពេញ ៖ បុរសម្នាក់​ដែលជា​ព្រូ​រថយន្ត​ស្ទួ​ច​បាន​លើក​ស្ទូច​ទូ​កុងតឺន័រ ដើម្បី​ស្ទូច​ដាក់​លើ​រថយន្ត​បែរ ជា​ភ្លាត់​ស្នៀត​ធ្លាក់​ស្លាប់​បាត់បង់​ជីវិត​ម្នាក់ ខណៈ​ពេល​ដឹក​មក​ដល់​មន្ទី​ពេទ្យ ។

ហេតុការណ៍​ខាងលើបានកើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ត្រង់​ចំណុច​ក្នុង​ផែស្ងួត Toll ដែលទីតាំងស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ។

ជន​រង​គ្រោះ​ឈ្មោះ​ ង៉ា​ន តូច ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ព្រូ​រថយន្ត​ស្ទូច មានស្រុក​កំណើត​នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត ។

តាមសម្តី​ពី​បុរស​ម្នាក់​ ដែល​ជា​សន្តិសុខ​យាម​នៅ​ក្នុង​ផែស្ងួត​កើតហេតុ​ខាងលើ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ​បុរស​រង​គ្រោះ​ខាងលើ គឺ​មិនមែន​ជា​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​ផែស្ងួត​កើតហេតុ​ខាងលើ​នោះ​ទេ គឺ​ដោយសារ​តែ​គ្រឿង​ចាក់​នៅ​ក្នុង​ក្រុមហ៊ុន​ផែស្ងួត​ខាងលើ​នោះ​ខូច ហើយ​ខាង​ក្រុមហ៊ុន​ក៏​បាន​ជួល​ខាង​ក្រុមហ៊ុន​រថយន្ត​ស្ទួ​ច​ដែល​បុរស​រង​គ្រោះ​ធ្វើការ​នៅ​ក្នុង​នោះ ដើម្បី​ឲ្យ​មក​ស្ទូច​ទូកុងតឺន័រ ដាក់​លើ​រថយន្ត​ដឹក​ចេញ​ទៅ​តាម​ដេប៉ូ​នានា ។

បុរស​រង​គ្រោះ​រួម​ទាំង​តៃកុង​រថយន្ត​ស្ទួ​ចម្នាក់​ទៀត បាន​មក​ធ្វើការ​នៅ​ក្នុង​ផែស្ងួត​កើតហេតុ​ខាងលើ អស់​រយៈពេល​មួយ​ខែ​មក​ហើយ ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ​បុរស​រង​គ្រោះ​ដែល​ជា​ព្រូ​រួម ទាំង​តៃកុង​រថយន្ត​បាន​ស្ទូច​ទូកុងតឺន័រ ដាក់​លើ​រថយន្ត និង​ស្ទូច​ចេញពី​រថយន្ត​ដាក់​ក្នុង​ផែ​ជា​ធម្មតា​ដូច​សព្វដង ។

NKD-36x6_outline

លុះដល់​វេលា​កើតហេតុ​ បុរស​រង​គ្រោះ និង​តៃកុង​រថយន្ត​ស្ទូច​បាន​ស្ទូច​ទូ​កុងតឺន័រ​ទទេ​មួយ ដែល​ដាក់​ត្រួត​នៅ​ពីលើ​គ្នា​ចំនួន​បី​ទូ ដោយ​បុរស​រង​គ្រោះ​បាន​ឡើង​ខាងលើ​ទូ​កុងតឺន័រ ដែល​នៅ​ខាងលើ​គេ ដោយ​មិន​បាន​ពាក់​​ខ្សែ​ក្រ​វា​ត់​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ហើយ​បុរស​រង​គ្រោះ​បាន​យក​ខ្សែកាប​ចំនួន​២​សរសៃ​ទៅ​ថ្ពក់សង់ខាង​នៃ​ទូ​កុងតឺន័រ​នោះ ដើម្បី​ដាក់​ទៅ​លើ​រថយន្ត​សណ្តោង​មួយ​គ្រឿង​ទៀត ។

ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បន្ទាប់​មក​ តៃកុង​រថយន្ត​ស្ទូច​ក៏​បាន​ស្ទូច​ទាំង​បុរស​រង​គ្រោះ​នៅ​ខាងលើ​ទូកុងតឺន័រ ខណៈ​ពេល​នោះ​ស្រាប់តែ​ខ្សែកាប​ម្ខាង បាន​របូត​ចេញពី​ទូ​កុងតឺន័រ បណ្តាល​ឲ្យ​បុរស​រង​គ្រោះ​ធ្លាក់​ពីលើ​ទូ​ផ្កាប់មុខ​ទៅ​នឹង​ដី​រង​របួស​ធ្ងន់​ឈាម​ចេញ​តាម​ត្រចៀក ។

ភ្លាម​នោះ​ក៏​ត្រូវ​បាន​សន្តិសុខ​ដែល​យាម​នៅ​ក្នុង​បាន​នាំ​គ្នា​ប្រញាប់​ដឹក​តាម​ម៉ូតូ​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ តែ​ជា​អកុសល​ខណៈ​​ដឹក​មក​គ្រូពេទ្យ​បាន​ប្រាប់​ថា បុរស​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​សព​បុរស​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ខេត្តកំពតដែល​ជា​ស្រុក​កំណើត ៕ សុខាសែនជ័យ