ព័ត៌មានទាន់ហេតុការណ៍៖

ព្រៃលិចទឹកនៅស្រុកស្រែអំបិល ដែលអ្នកមាន លុយចាក់ដីរំលោភយក ដោយគ្មានវិធានការទប់ស្កាត់

ខេត្តកោះកុង ៖ ព្រែក និងព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រភូមិសាលាម្នាង ឃុំបឹង ព្រាវ ស្រុកស្រែអំបិល ត្រូវបានក្រុមប្រជាពល រដ្ឋរាយការណ៍មកថា កំពុងត្រូវបានរំលោភ បំពាន ដោយការដឹកដីចាក់លុបពីសំណាក់អ្នកមានលុយ ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរឡើយ ។

បើតាមប្រជាពលរដ្ឋថា ដីព្រៃលិចទឹក នេះជាតំបន់ហាមឃាត់ តែបច្ចុប្បន្នគេបែរ ជាឃើញ មានចាក់លុបដីយ៉ាងគគ្រឹកគគ្រេង​ពីសំណាក់ឈ្មួញដោយមិនមានការអើពើពីសំណាក់អាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញទាល់​ តែសោះ ដែលពួកគាត់សង្ស័យថា អាច បណ្តាលមកពីការឃុបឃិតជាប្រព័ន្ធពី សំណាក់អាជ្ញាធរមន្ត្រីជំនាញនិងឈ្មួញ ។

ប្រជាពលរដ្ឋបានបន្តថា កន្លងមកក៏មានការចាក់ដីលុបរបៀបនេះជាច្រើនដង និងច្រើនកន្លែងណាស់មកហើយដោយមិនមានការទប់ស្កាត់ដូចគ្នា ។ ចំណែកមន្ត្រីជំនាញនិងអាជ្ញាធរបានត្រឹមឆ្លើយដោះសាថានឹងចាត់វិធានការ តែទីបំផុតបានត្រឹមការទទួលយកផលប្រយោជន៏ពីឈ្មួញតែប៉ុណ្ណោះ ។
ឈ្មួញដែលធ្វើសកម្មភាពចាក់ដីរំលោភយកដីព្រែក និងព្រៃលិចទឹកនេះ មានឈ្មោះ ខ្លន រស់នៅ ភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ។

ជុំវិញបញ្ហានេះ លោក ឈឹម ផាវ មេឃុំបឹងព្រាវបានថ្លែងតាមទូរស័ព្ទថា លោកពុំបានដឹងពីការចាក់ដីលុបដីព្រៃលិចទឹកនេះទេ ហើយបើមានរឿងដូច្នេះមែន ចាំលោក ចុះទៅពិនិត្យមើលដោយផ្ទាល់ ។
a1
ដោយឡែកលោក សុខ សំអៀន អនុប្រធានភូមិបាលស្រុកស្រែអំបិលបានថ្លែងថា ដីនៅចំណុចខាងលើពុំមាននរណាហ៊ានចេញប័ណ្ណកម្មសិទ្ធិនោះទេ ព្រោះជាដីមាត់ព្រែក ៕ ហេង នរិន្ទ្រ