ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែអំណាចស្រា ស បណ្តាលឲ្យបុរសម្នាក់រងនូវការកាប់ប្រហារ

ខេត្តកំពង់ស្ពឺ៖ បុរសជាបងថ្លៃម្នាក់បានរងនូវការកាប់ប្រហារ ដោយពូថៅ បណ្តាលឲ្យរងរបួសជាទម្ងន់ ព្រោះតែមានទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ី ។ ក្រោយកើតហេតុ ជនដៃដល់បានរត់គេចខ្លួនបាត់ បន្សល់តែជនរងគ្រោះនៅកន្លែងកើតហេតុ ហើយត្រូវបានសាច់ញាតិ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកភ្លាមៗផងដែរ ។

ករណីហិង្សាដោយចេត្តនានេះកើតឡើងកាលពីវេលាម៉ោង១៨និង១៥នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិអន្លុងសង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យឈ្មោះ រុន វឿន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើបានធ្វើសកម្មភាពយកពូថៅកាប់ឈ្មោះ ចក់ ថា ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាបងថ្លៃរស់នៅផ្ទះជាមួយគ្នា ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គឺរវាងជនរងគ្រោះ នឹងជនសង្ស័យបានអង្គុយផឹកស្រាសជាមួយគ្នាលុះ ពេលផឹកស្រវឹង ក៏ទាស់ពាក្យសំដីគ្នារហូតក្លាយជាអំពើហិង្សាបែបនេះកើតឡើងតែម្តង។

ក្រោយទាស់សំដីគ្នា ជនរងគ្រោះត្រូវជនដៃដល់កាប់ត្រង់ក្បាលមួយពូថៅបណ្តាលឲ្យរងរបួសជា ទំងន់ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ខេត្តភ្លាមៗតែម្តង ។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ ។

មន្ត្រីនគរបាលបានប្រាប់ផងដែរថា ករណីខាងលើកើតឡើងបណ្តាលមកពីផឹកស្រាស្រវឹងរៀងៗខ្លួន ហើយមានទំនាស់ពាក្យសម្តី ទើបជនសង្ស័យស្ទុះយកពូថៅកាប់ជនរងគ្រោះជាបងថ្លៃបណ្តាលឲ្យរងរបួសបែបនេះ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ផងដែរថា បើទោះជាជនសង្ស័យរត់គេចខ្លួនដល់ណា ក៏មិនអាចគេចពីសំណាញ់ច្បាប់បានឡើយ យូរ និងឆាប់ គង់តែចាប់ខ្លួនយកមកផ្តន្ទាទោសតាមអ្វីដែលគេបានប្រព្រឹត្តមិនខាន ៕ សេនាស័ក្តិ