ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រសង្ឃឹមថាសភានិងរាជរដ្ឋាភិបាលថ្មីបំពេញភារកិច្ចជំរុញសេដ្ឋកិច្ចលើកកម្ពស់ជីវភាពពលរដ្ឋ

ភ្នំពេញ ៖ ព្រះមហាក្សត្រសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះអង្គបាន សម្ដែងក្តីសង្ឃឹមថា សមាជិករដ្ឋសភា និង រាជរដ្ឋាភិបាលអាណត្តិទី៦នេះនឹងបំពេញភារកិច្ចជំរុញសេដ្ឋកិច្ចលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ។

មានព្រះរាជបន្ទូលក្នុងពេលបើកសម័យប្រជុំពេញអង្គរដ្ឋសភា នីតិកាលទី៦កាល ពីព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា ចាប់ ពីពេលដែលរដ្ឋសភាចាប់បដិសន្ធិជាថ្មីនា ឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះមាន រយៈពេល២៥ឆ្នាំហើយកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិនិងការបែងចែកទឹកដីទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍគ្រប់វិស័យដែល ធ្វើឲ្យប្រជាពលរដ្ឋបានរស់នៅប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត ។

ព្រះអង្គបានមានព្រះរាជបន្ធូលបន្តថា រដ្ឋសភាជាអង្គការមានអំណាចនីតិប្បញ្ញត្តិ និងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន កំណត់ក្នុងរដ្ឋសភាធម្មនុញ្ញ និងច្បាប់ជាធរមានដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋ កិច្ច សង្គម វប្បធម៌ កសាងព្រះរាជាណាចក្រ កម្ពុជាជារដ្ឋដ៏រឹងមាំ និងជឿនលឿនដោយផ្អែកលើច្បាប់ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ។

ព្រះអង្គមានព្រះរាជបន្ទូលបន្ថែមថា តំណាងរាស្រ្តក្នុងរដ្ឋសភាជាតំណាងប្រជាជាតិខ្មែរទាំងមូលធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការ សិក្សារៀនសូត្រ និងការងារធ្វើឲ្យសមរម្យទៅតាមកម្លាំងសមត្ថភាព និងកមិ្រតវិជ្ជា របស់ខ្លួន ។

ព្រះករុណាក៏បានមានព្រះរាជបន្ទូល បន្តទៀតថា ច្បាប់ទាំងឡាយ ដែលរដ្ឋសភា អនុម័តគឺជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អស្របតាមការវិវឌ្ឍរីក ចម្រើនរបស់សង្គមជាតិ ។

ព្រះអង្គបានបញ្ជាក់ថា «ខ្ញុំមានជំនឿ យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិ ថ្មីដែលនឹងទទួលការទុកចិត្តពីរដ្ឋសភានឹង បំពេញភារកិច្ចតាមគោលនយោបាយបន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹង ប្រព័ន្ធការពារសង្គមដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប និងការ អភិវឌ្ឍ និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមស្របគ្នានឹងការលើកកម្ពស់សីលធម៌សម្រាប់ ភាពសុខដុមនៃសង្គមជាតិ»។

ជាមួយគ្នានោះដែរព្រះករុណាព្រះមហាក្សត្រក៏បានលើកឡើងថា ដើម្បីសម្រេច ភារកិច្ចឧត្តុង្គឧត្តមនេះប្រជាជនកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤យ៉ាងគឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ៕ ហេង សូរិយា