ខេត្ដកំពង់ចាម ៖ ស្ដ្រីម្នាក់ត្រូវបាន នគរបាលស្រុកបាធាយឃាត់ខ្លួនបញ្ជូន ទៅសាលាដំបូងខេត្ដកាលពីថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០១៥ ពីបទបង្ខាំងប្ដីទុកក្នុងផ្ទះ។
ស្ដ្រីដែលនគរបាលឃាត់ខ្លួនឈ្មោះអៀក ហួង អាយុ៣៦ឆ្នាំ រីឯប្ដីឈ្មោះម៉ាត់ ទ្រី អាយុ៤០ឆ្នាំ ។
លោក សំ ណាល់ អធិការនគរបាល ស្រុកបាធាយបានឱ្យដឹងថា ការនាំខ្លួនស្ដ្រី សង្ស័យខាងលើ គឺធ្វើឡើងតាមដីកាបង្គាប់ ឱ្យនាំខ្លួនលេខ ៣៧៩ ត.ព ចុះថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៥ ដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដកំពង់ ចាមដែលបានបង្គាប់ឱ្យនាំខ្លួនស្ដ្រីឈ្មោះ អៀក ហួង ពីបទបង្ខាំងមនុស្សខុសច្បាប់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៥ នៅ ភូមិ-ឃុំផ្អាវ ស្រុកបាធាយ ខេត្ដកំពង់ចាម។
តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឱ្យដឹងថា កាលពីដើមឆ្នាំ២០០៥ ស្ដ្រីសង្ស័យពិតជាបានចាក់សោបង្ខាំង មនុស្ស(ប្ដី)ទុកនៅក្នុងផ្ទះមិនឱ្យចេញ ទៅណាប្រាកដមែន។ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៥ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ដកំពង់ចាមបានសម្រេច ចោទប្រកាន់ស្ដ្រីសង្ស័យពីបទបង្ខាំង មនុស្សខុសច្បាប់ ។
ក្រោយមកនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៣ ចៅក្រមសាលាដំបូងខេត្ដកំពង់ ចាមបានចេញដីកាបង្គាប់ឱ្យស្ដ្រីសង្ស័យចូលខ្លួនមកបំភ្លឺនៅចំពោះមុខតុលាការ ចំពោះបណ្ដឹងពាក់ព័ន្ធនឹងការបង្ខាំង មនុស្សខុសច្បាប់ ប៉ុន្ដែក្រោយពីទទួល បានដីកាបង្គាប់ឱ្យចូលខ្លួនហើយស្ដ្រីសង្ស័យ មិនបានចូលខ្លួនតាមការកោះហៅរបស់ ចៅក្រមឡើយ។ ដោយយល់ឃើញថា ស្ដ្រី ជាប់ចោទមិនព្រមចូលខ្លួនមកបំភ្លឺទើប ចៅក្រមស៊ើបសួរសម្រេចចេញដីកាឱ្យនាំខ្លួនមកសាកសួរតែម្ដង ។
មជ្ឈដ្ឋានជាច្រើនបានលើកឡើងជា ចម្ងល់ចំពោះចំណាត់ការសាលាដំបូង ខេត្ដកំពង់ចាម ថា ហេតុអ្វីរឿងក្ដីខាងលើ នេះត្រូវអូសបន្លាយដល់ទៅរយៈពេល១០ ឆ្នាំ ពោលគឺបន្ទាប់ពីកើតហេតុរហូតដល់ ១០ឆ្នាំក្រោយ ទើបមានដីកាបង្គាប់ឱ្យនាំ ខ្លួន ព្រោះករណីនេះ មិនគួរអូសបន្លាយ រយៈពេលដ៏យូរបែបនេះឡើយ ព្រោះស្ដ្រី សង្ស័យក៏មិនបានរត់គេចទៅណាចោល ផ្ទះនោះដែរ ឬមួយក៏តុលាការមានរឿង ក្ដីគរដូចភ្នំដោះស្រាយមិនអស់ ?
ជុំវិញចម្ងល់ខាងលើនេះមិនទាន់អាច ទាក់ទងសុំការបំភ្លឺពីស្ថាប័នតុលាការខេត្ដ កំពង់ចាមបាននៅឡើយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ។ យ៉ាងណារង់ចាំការ បងស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធក្នុង ករណីខាងលើនេះជានិច្ច ៕ ហេង នរិន្ទ្រ