ព័ត៌មានទាន់ហេតុការណ៍៖

ភេរវកបើករថយន្តបុកទាហានការពារនៅប្រទេសបារាំង

ការវាយប្រហារដោយបើករថយន្តបុក បានក្លាយទៅជាអាវុធដ៏សំខាន់របស់ក្រុមភេរវកម្ម ក្នុងការវាយប្រហារភេរវកម្មនៅតំបន់អឺរ៉ុប ដោយសារតែអឺរ៉ុបមានការយាមល្បាតយ៉ាងតឹងតែង ពិបាកក្នុងការវាយប្រហារដោយអាវុធ ឬគ្រាប់បែក។

រដ្ឋមន្រ្តីការពារជាតិបារាំង លោកស្រី Florence Parlyបានថ្កោលទោសសកម្មភាពឧក្រិដ្ឋប្រឆាំងទាហានបារាំង ដោយបានបើករថយន្តបុកទាហានបារាំងយាមនៅជាយក្រុងប៉ារីសបណ្តាលឲ្យរងរបួស ៦នាក់ កាលពីថ្ងៃទី៩ ខែសីហា។

សកម្មភាពខាងលើកើតឡើងនៅវេលាម៉ោង៨ព្រឹកត្រូវនឹងម៉ោង១រសៀលនៅប្រទេសកម្ពុជា។ ហេតុការណ៍នេះ បានកើតឡើងនៅទីក្រុងLevalloisជាយក្រុងប៉ារីសនៅ ខណៈពេលដែលទាហានទើបចាប់ផ្តើមសកម្មភាពដើរល្បាតរបស់ខ្លួននៅក្នុងក្របខ័ណ្ឌរក្សាសន្តិសុខកម្រិតខ្ពស់នៅប្រទេសបារាំង។

ចៅហ្វាយក្រុង LevalloisលោកPatrick Balkanyបានចាត់ទុកសកម្មភាពខាងលើថាជាការគ្រោងទុកមុនរបស់ជនល្មើស។តាមចៅហ្វាយក្រុងLevalloisដែលនិយាយប្រាប់ទូរទស្សន៍បារាំង BFM ជនល្មើសបានរង់ចាំឲ្យទាហានដើរចេញពីបន្ទាយក្បែរនោះនិងបានបើកឡានសំដៅបុកនៅពេលពួកគេប្រុងឡើងឡានដែលទាហានទៅដើរល្បាតក្នុងក្រុង។

NKD-36x6_outline

ប៉ូលិស បារាំងកំពុងសកម្មបើកឡានតាមរុករកចាប់ជនល្មើសដែលពេលនេះកំពុងបើករត់គេចបាត់ស្រមោលនៅក្រោយបើកឡានបុកទាហានបារាំង។ នៅក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃនេះ លោកស្រីរដ្ឋមន្រ្តីការពារជាតិបារាំង Florence Parlyបាននិយាយថា គេបានបើកការស៊ើបអង្កេត ដើម្បីបញ្ជាក់ពីមូលហេតុ ដែលធ្វើឲ្យជនមិនស្គាល់មុខបើកឡានបុកទាហាននៅថ្ងៃនេះ។

ទាហាន ទាំង៦នាក់ដែលពីរនាក់រងរបួសធ្ងន់នៅក្នុងហេតុការណ៍បើកឡានបុកសម្លាប់មនុស្ស ស្ថិតនៅក្នុងកងវរសេនាធំថ្មើរជើងលេខ៣៥ ដែលត្រូវចូលរួមនៅក្នុងប្រតិបត្តិការដើរល្បាតរក្សាសន្តិសុខឈ្មោះSentinellនៅតាមទីក្រុងបារាំង។

ជាសរុបមានទាហានបារាំង៧ពាន់នាក់ដែលត្រូវដើរល្បាតជារៀងរាល់ថ្ងៃនៅតាមផ្លូវក្នុងទីក្រុងនៅក្នុងប្រតិបត្តិការSentinellដែលរដ្ឋាភិបាលបារាំងបានដាក់ឲ្យដំណើរការនៅក្រោយការវាយប្រហារភេរវកម្មសម្លាប់មនុស្សជាង១០០នាក់នៅទីក្រុងប៉ារីស នៅខែវិច្ឆិកា ឆ្នាំ២០១៥៕ ម៉ែវ សាធី