ព័ត៌មានទាន់ហេតុការណ៍៖

ភេរវកម្មកំពុងត្រូវបានទប់ស្កាត់ ប៉ុន្តែវាគំរាមគំហែង​យ៉ាងធ្ងន់ធ្ងរ ចំពោះស្ថានការណ៍សន្តិសុខតំបន់

ប្រទេសសឹង្ហបុរី៖ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៨ សម្តេចពិជ័យសេនាទៀ បា ញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង នាយឧត្តមសេនីយ៌ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី ១២ ជាមួយបណ្តារដ្ឋមន្រ្តីការពារជាតិ ក្នុងតំបន់អាស៊ាន ដែលប្រទេសសឹង្ហបូរីធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្ត ទៅក្រោមអធិបតីភាពលោក អ៊ឹង អេងហែន រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរី ។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១២ ក្រៅពីការអនុមត័ទៅតាមរបៀបវរៈ ដែលបានគ្រោងទុក កិច្ច ប្រជុំបានលើកឡើងពីការគំរាម កំហែងផ្នែក ភេរវកម្ម និង អាវុធប្រល័យលោក មានអាវុធគីមី ជីវសាស្រ្ត និង វិទ្យុសកម្ម ។ កិច្ចប្រជុំបាន​ពិភាក្សា និង ផ្លាស់ប្តូរទស្សនៈដោយផ្តោតទៅលើការប្រឆាំងមនោគមន៍វិជ្ចាភេរវ​កម្ម និង រាល់ភាពប្រឈមទាំងឡាយដែលត្រូវរួមគ្នាដោះស្រាយ តាមរយះការ​​បង្កើន កិច្ច​សហ​​ប្រតិបត្តការ ការហ្វឹកហ្វឺន ល្បាតរួមគ្នា និង ការចែករំលែកព័ត៌មាន គ្នាទៅវិញទៅមក ។ រដ្ឋមន្ត្រីការពារជាតិអាស៊ានចាត់ ទុក សន្តិសុខល្អប្រសើរ​នៅ ក្នុង​តំបន់អា​ស៊ាន គឺ​ ជាចលករដ៏សំខាន់នៅក្នុងដំបន់អាស៊ី ប៉ា ស៊ីភិច។

ការ​ផ្លាស់​ប្តូរ​ទស្សនៈនោះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​ការពារ​ជាតិថ្លែងថា៖ បើទោះ ជាស្ថានភាពសន្តិសុខ​នៅ ក្នុងតំបន់អាស៊ាន មានស្ថិរភាពជារួម ប៉ុន្តែសក្តានុពលហានិភ័យនៃ​សន្តិសុខនិងស្ថិរភាព នៅតែបន្តមាន។ ទោះជាភេរវកម្មកំពុងត្រូវបានទប់ស្កាត់ ប៉ុន្តែបន្តគំរាមគំហែង​យ៉ាងធ្ងន់ធ្ងរ ចំពោះស្ថានការណ៍សន្តិសុខតំបន់វាជាបញ្ហាព្រួយបារម្ភរួមរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀតជាច្រើន។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១២​ នាពេលនេះ បានឯកភាពកែប្រែកិច្ចប្រជុំអគ្គមេបញ្ជាការកង ទ័ពអាស៊ានក្រៅផ្លូវការឲ្យទៅជាកិច្ចប្រជុំអគ្គមេបញ្ជាការ កងទ័ពអាស៊ាន ផ្លូវការវិញត្រូវចាប់អនុវត្ត នៅប្រទេសថៃ ដែលប្រទេសនេះត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននៅ ឆ្នាំ ២០១៩ ខាងមុខ ៕ សុខដុម