ព័ត៌មានទាន់ហេតុការណ៍៖

ភ័យបះសក់ រថយន្តដឹកកម្មករប្រមាណ១០០នាក់ជ្រុលចង្កូតបុកផ្ទះជួសជុលម៉ូតូ និងធ្លាយជញ្ជាំងរបងមុខផ្ទះសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់កម្មករ កម្មការិនីប្រមាណ១០០នាក់ ដែលជិះក្នុងរថយន្ត បានស្រែកផ្អើលព្រលឹងចុងសក់ គ្រប់ៗគ្នាខណៈ ដែលរថយន្តជ្រុលចង្កូតទៅបុកផ្ទះជាងជួសជុលម៉ូតូពេញទំហឹង និងធ្លាយជញ្ជាំងរបងមុខ ផ្ទះសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ តែសំណាងមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលក្រពើ ភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

បើតាមកងរាជអាវុធហត្ថស្រុកបានឲ្យកាសែតនគរវត្តដឹងថា ពិតជាមានករណីនេះមែន ដោយម្ចាស់រថយន្តបង្កមានឈ្មោះ ឆាយ សារុំ (ហៅម៉ាប់) អាយុ ៣៣ឆ្នាំ ទីលំនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៍ ក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ ចំណែកកម្មករ កម្មការិនី ដែលជិះលើរថយន្តប្រមាណ១០០នាក់ មិនមានរងគ្រោះថ្នាក់អ្វីនោះទេ គ្រាន់តែភ័យចង់លោះព្រលឹង តក់ស្លុតប៉ុណ្ណោះ ។

ចំពោះម្ចាស់ផ្ទះ ដែលរងគ្រោះមានផ្ទះឈ្មោះ រ័ត្ន សុខា អាយុប្រមាណ៣០ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

ចំពោះទ្រព្សសម្បត្តិខូចខាតរួមមានធ្លាយជញ្ជាំងផ្ទះខាងមុខ បែកទូដាក់សម្ភារខាងមុខ និងខូចខាតសម្ភារមួយចំនួនទៀត មិនតែប៉ុណ្ណោះ ធ្លាយជញ្ជាំងរបងមុខ ផ្ទះសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករផងដែរ ។

តាមសាក្សីបានឲ្យដឹងថា រថយន្តដឹកកម្មករ ពាក់ស្លាកលេខ ស្វាយរៀង 3A.1467 ទិសដៅពីជើង ទៅត្បូង ស្រាប់តែឃើញរថយន្តបើកជ្រុលចង្កូតទៅបុកចូលផ្ទះជាងម៉ូតូ និងធ្លាយជញ្ជាំងរបងមុខ ផ្ទះសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តែម្ដង ។ បច្ចុប្បន្នរថយន្ត ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលញរ ដើម្បីចាត់ការបន្តតាមច្បាប់ ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុមកពី អ្នកបើកបររថយន្តបើកការខ្វះការប្រុងប្រយ័ត្ន ៕ យឹម សុថាន