ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរជាតិ-អន្តរជាតិសម្រុកទៅលេងតំបន់ប្រាសាទសម្បូរព្រៃគុក

ខេត្តកំពង់ធំ៖ ក្នុងឱកាសបុណ្យភ្ជុំ បិណ្ឌ​រយៈពេល៣ថ្ងៃ ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង១លាននាក់បាន ធ្វើដំណើរទៅមកទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋានទេសចរណ៍នានានៅទូទាំង​ប្រទេសកម្ពុជា ក្នុងនោះតំបន់ប្រាសាទ សម្បូរព្រៃគុក ក្នុងខេត្តកំពង់ធំ ដែលទើបតែចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភព​លោកនោះ ក៏មានសក្ដានុពលទាក់ទាញភ្ញៀវទេសចរមិនចាញ់តំបន់អង្គរ-សៀម​រាប​ឬតំបន់ដទៃទៀតប៉ុន្មានដែរ។

ធ្វើដំណើរចេញពីទីរួមខេត្តកំពង់ធំ ប្រមាណ២៧គីឡូម៉ែត្រ យើងនឹងទៅ ដល់តំបន់ប្រាសាទសម្បូរព្រៃគុកដ៏ស្រស់ត្រកាលនេះជាមួយសំឡេងខ្ញៀវខ្ញាកង​ រំពងពេញព្រឹក្សព្រៃដ៏ខៀវស្រងាត់នោះគឺ វត្តមានដ៏កុះកររបស់ភ្ញៀវទេសចរដែលដើរកម្សាន្ត និងអាជីវករលក់ដូរនៅទីនោះ។

ចូលដល់រាជធានីបុរាណនេះភ្លាមយើងនឹងឃើញប្រាង្គប្រាសាទតូចធំនានានៃ ក្រុមប្រាសាទសម្បូរឈររំលេចសោភណអមសង្ខាងផ្លូវលំមួយខ្សែ។ តាមទម្លាប់​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ជាដំបូងគេតែងចុះទៅអុជធូបគោរពបួងសួងបន់ស្រន់នៅមុខអាស្រមឥសីតូចមួយ ស្ថិតនៅខាង​ឆ្វេងដៃមុននឹងចូលទៅទស្សនាកន្លែង ផ្សេងទៀត។

គយគន់ក្រុមប្រាសាទសម្បូរអស់បន្តទៅទិសខាងត្បូងឆៀងខាងលិចបន្តិច គេនឹងឃើញប្រាសាទមួយក្រុមទៀត ដែល​ខ្លះមានសភាពបាក់បែកសល់តែគ្រឹះខ្លះ​សល់​​តែជញ្ជាំងចំណែកខ្លះទៀតនៅមាន​សភាព​ល្អនៅឡើយ។ នោះគឺក្រុមប្រាសាទ​តោ ដែលមានប្រាង្គកណ្ដាលធំខ្ពស់ត្រដែត មានរូបចម្លាក់តោមួយគូឈរយាមមុន ប្រាសាទបែរមុខទៅទិសខាងកើតបង្អួត រាងយ៉ាងសង្ហាសម្ញែងភ្នែកទេសចរឲ្យចង់ នែបនិត្យប្រកៀកប្រកើយស្ទាបអង្អែលនិងបញ្ជ្រៀតគ្នាសុំថតជាមួយរូបចម្លាក់ដ៏ប្រិមប្រិយគាប់នេត្រានឹងរូបតោមួយគូនេះ។ បន្ទាប់មកក៏នាំគ្នាបង្ហោះផ្សព្វផ្សាយលើ គណនីហ្វេសបុ៊ករៀងៗខ្លួន ប៉ុន្តែគ្រាន់​តែ​ល្បឿនសេវាអុីនធើណេតហាក់ដូចជាយឺត​បន្តិច។

កុំថាឡើយតែប្រជាពលរដ្ឋខ្មែរសូម្បីតែភ្ញៀវបរទេសក៏ឈរសម្លឹងពិនិត្យរូបចម្លាក់តោមួយគូនោះមិនដាក់ភ្នែកដែរ ដែល​កាយ​វិការបែបនេះហាក់បង្ហាញពីការស្ញើចសរសើរនូវស្នាដៃដ៏ប៉ិនប្រសប់របស់បុព្វ បុរសខ្មែរនាសម័យបុរាណដែលនៅប្រទេសរបស់ពួកគេសឹងតែគ្មានបែបនោះផងបើ​គិតនៅកាលវេលាដូចគ្នាកាលពីរាប់​ពាន់​ឆ្នាំកន្លងមកនោះ។

NKD-36x6_outline

ពិតណាស់ថា ពួកគេបានពឹងគ្នាទៅវិញ​ទៅ​មកដើម្បីឈរឬអង្គុយថតរូបជាមួយ រូបចម្លាក់តោខាងលើពីចំហៀងពីមុខពី​ក្រោយ អមជាមួយខ្លោងទ្វារ និងប្រាង្គ ប្រាសាទតោទាំងមូលនៅផ្ទៃខាងក្រោយ (Background)។ នេះជាជ្រុងពិសេស មួយក្នុងចំណោមភាពទាក់ទាញដទៃ ទៀតដែលបុព្វបុរសខ្មែរបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយតាំងនៅក្នុងតំបន់ ប្រាសាទសំបូរព្រៃគុកដ៏ល្អវិចិត្រនេះ។

ប៉ុន្តែអ្វីដែលជាការសោកស្ដាយនោះ ភ្ញៀវទេសចរសឹងគ្រប់គ្នាបានលួចខ្សឹប ងឿងឆ្ងល់ចំពោះការបាត់បង់រូបចម្លាក់ តោពីរគូទៀត ដែលឃើញសល់តែដង្គត់ ក្រញាំឈរយាមខ្លោងទ្វារខាងជើងនិង ខាងត្បូង។ ដោយឡែកខ្លោងទ្វារខាងលិច (ខាងក្រោយ) គេមិនឃើញរូបចម្លាក់អ្វី សម្រាប់ឈរយាមដូចនៅខ្លោងទ្វារខាងកើត (ខាងមុខ) ខាងជើង និងខាងត្បូង ឡើយ ពោលគឺមានតែសសរពេជ្រ។ ប៉ុន្តែ ទោះជាយ៉ាងណា ទាំងភ្ញៀវជាតិ និងអន្តរជាតិបានទទូចសុំឲ្យថែរក្សារូបចម្លាក់តោនៅខ្លោងទ្វារខាងកើតនោះឲ្យគង់វង្សរហូតទៅ ហើយបើអាចសូមអាជ្ញាធរជួយតាមស្វែងរករូបចម្លាក់តោទាំងពីរគូទៀត ដែល បាត់នោះមកវិញផង។

អ្វីដែលមនុស្សភាគច្រើនស្មានមិនដល់នោះត្រង់ថា តំបន់ប្រាសាទសំបូរព្រៃគុកមានឈ្មោះដើមថា “ឥសានបុរៈ” ត្រូវបាន សាង់សង់ឡើងក្នុងរជ្ជកាលព្រះបាទឥសាន វរ្ម័ន នាអំឡុងសម័យ ចេនឡា។ ប៉ុន្តែក្រុម ប្រាសាទតោនេះ មិនសាងសង់ក្នុងសម័យចេនឡាដូចក្រុមប្រាសាទដទៃទេ គឺសាង សង់ឡើងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័ន ទី២ នាដើមសម័យអង្គរ បន្ទាប់ពីព្រះអង្គ រំដោះទឹកដីចេនឡាទឹកចេញពីការត្រួតត្រារបស់ពួកជ្វា នៃចក្រភពស្រីវិជ័យ (Sri Vichaiya) ដោយសារក្រុមបុរាណវិទូបាន ស្រាវជ្រាវឃើញសសរពេជ្រនៅខ្លោងទ្វារ ទាំងបួននៃប្រាង្គប្រាសាទតោមានសណ្ឋាន ជា៨ជ្រុង។ ដោយឡែកនៅប្រាសាទដទៃ គឺសសរពេជ្រមានរាងមូលទាំងអស់ព្រម ទាំងភស្តុតាងមួយចំនួនទៀត ដែលបញ្ជាក់ ថា ប្រាសាទតោមិនមែនសាងសង់ក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័ននោះទេ គឺក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នាសតវត្សរ៍ ទី៩។

សូមជម្រាបថា តំបន់ប្រាសាទសម្បូរ​ព្រៃ​គុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោករបស់អង្គការយូណេស្កូ នៅទី​ក្រុងក្រាខូវ ប្រទេស​ប៉ូឡូញ នាថ្ងៃទី៨ ខែ​កក្កដា ឆ្នាំ២០១៧៕ ហេង សូរិយា