ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើង​ឆេះ​ស្ថានីយ​ចាក់​ប្រេង​នៅ​ប្រទេស​ហ្គា​ណា​ ស្លាប់​មនុស្ស​ជិត​៩០​នាក់​

​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា​ ហេតុការណ៍​ផ្ទុះ​មួយ​បាន​កើតឡើង​នៅ​ស្ថានីយ​ចាក់​ប្រេង​ ក្នុង​រដ្ឋធានី​ Accra​ ប្រទេស​ហ្គា​ណា​ កាលពី​វេលា​យប់​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ជិត​៩០​នាក់​ ។​ ជន​រង​គ្រោះ​ភាគច្រើន​បាន​ចូល​ទៅ​កាន់​ស្ថានីយ​នោះ​ដើម្បី​ជ្រក​ភ្លៀង​។​

​អ្នកនាំពាក្យ​ក្រុម​ពន្លត់​អគ្គិភ័យ​ លោក​ Prince​ Billy​ Anaglate​ បាន​ថ្លែង​ថា​ ហេតុការណ៍​អគ្គិភ័យ​ដំបូង​ឡើយ​បាន​កើតឡើង​ចំពោះ​រថយន្ត​ដែល​នៅ​ក្បែរ​ស្ថានីយ​ប្រេងសាំង​នោះ​ បន្ទាប់​មក​ក៏​ឆេះ​រាលដាល​ដល់​ស្ថានីយ​ចាក់​ប្រេង​ និង​អគារ​ច្រើន​ខ្នង​ផ្សេង​ទៀត​ដែល​នៅ​ជិត​នោះ​តែ​ម្តង​។​

​ប្រភព​បាន​បន្ត​ថា​ វា​ជា​ហេតុការណ៍​មួយ​កើតឡើង​យ៉ាង​លឿន​បំផុត​ដែល​ជន​រង​គ្រោះ​គ្មាន​ឱកាស​គ្រប់គ្រាន់​ក្នុង​ការ​រត់​ចេញ​ឡើយ​។​ ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ចំណាយពេល​ច្រើន​ម៉ោង​ទម្រាំ​គ្រប់គ្រង​ ស្ថានការណ៍​ទាំងស្រុង​។​ កម្លាំង​ប៉ូលិស​ ទាហាន​ និង​ក្រុម​ជួយ​សង្គ្រោះ​ច្រើន​ផ្សេង​ទៀត​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ដែរ​ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ប៉ុន្មាន​ឡើយ​។​

​ក្រោយ​កើតហេតុ​ គេ​ឃើញ​សាកសព​ និង​គ្រោង​ដែក​រថយន្ត​ និង​ម៉ូតូ​នៅ​លាយឡំ​ជាមួយ​គ្នា​ដែល​មើលទៅ​គួរ​ឲ្យ​រន្ធត់​ចិត្តជា​ទីបំផុត​៕​
re5