ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ភ្លេចខ្លួនមួយភ្លែតចៅប្រុសលង់ទឹកស្រះខាងមុខផ្ទះស្លាប់

ខេត្តស្វាយរៀង៖ មានការស្រែកផ្អើលឆោឡោ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ និងជីដូននាំគ្នាជួយសង្គ្រោះធ្វើចលនាដៃជើង និងយកមកកាន់មន្ទីរពេទ្យ ខណៈចៅប្រុសអាយុ២ខួបម្នាក់បានរអឹលជើងលង់ទឹកស្រះដោយឈ្លក់ស្លាប់បាត់ទៅហើយបានត្រឹមអង្គុយយំសោកស្ដាយប៉ុណ្ណោះ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣ និង៣៥នាទីរសៀល នៅចំណុចទឹកស្រះក្នុងភូមិអង្គពក ឃុំម៉ឺនជយ័ ស្រុករំដួល ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យកាសែតនគរវត្តដឹងថា ក្មេងលង់ទឹកស្រះខាងមុខផ្ទះ មានឈ្មោះផេង ស៊ីណេត ភេទប្រុស អាយុ២ខួប មានឪពុកឈ្មោះសុខ ឌន់ អាយុ២៩ឆ្នាំ មុខរបរកសិករ និងម្ដាយឈ្មោះ សួន សាវិន អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិអង្គពក ឃុំម៉ីនជ័យ ស្រុករំដួល ។

បើតាមជីដូនបានរៀបរាប់ទាំងទឹកភ្នែកថា កូនគាត់ និងកូនប្រសារបានជាប់រវល់ទៅធ្វើការ ដោយបានប្រគល់ចៅប្រុសឈ្មោះផេង ស៊ីណេត ឲ្យមើលថែដូចសព្វរាល់ដង ។

នៅថ្ងៃកើតហេតុដោយជាប់រវល់ធ្វើកិច្ចការផ្ទះដាំស្លរ ខណៈទុកចៅនៅក្បែរខាងមុខភ្លេចខ្លួនប្រមាណ១៥នាទីក៏ងាករក និងស្រែកហៅមិនលឺឆ្លើយតប ទើបមានការសង្ស័យក៏ដើរទៅមើលទឹកស្រះស្រាប់តែឃើញចៅឈ្លក់ទឹក ក៏ស្រែកផ្អើលឆោឡោដល់អ្នកភូមិនាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះលើកឡើង និងធ្វើចលនាដៃជើង និងយកមកកាន់មន្ទីរពេទ្យ ប៉ុន្តែអកុសលបានផុតដង្ហើមស្លាប់បាត់ទៅហើយ ខណៈគាត់ជាជីដូនបានធ្វើការស្ដីបន្ទោសដល់ខ្លួនឯងមិនគួរណាមានការប្រហែសតែមួយប៉ព្រិចភ្នែកសោះធ្វើឲ្យចៅប្រុសជាទីស្រឡាញ់បាត់បង់ជីវិតដោយលង់ទឹកស្រះបែបនេះសោះ ។

ក្រោយមកសពក្មេងប្រុសត្រូវបានសមត្ថកិច្ចពិនិត្យរួចមកក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន