ព័ត៌មានទាន់ហេតុការណ៍៖

មកដល់ពេលនេះ លោក​ កឹម​ សុខា​ ជាប់​ពន្ធនាគារ​ត្រពាំង​ថ្លុង​ ពាក់ព័ន្ធ​អំពើ​ក្បត់ជាតិ​១ឆ្នាំ​គត់​

ភ្នំពេញ​៖ លោក​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​រហូត​មក​ទល់​ថ្ងៃ​ទី​៣​ ខែ​កញ្ញា​ ​ឆ្នាំ២០១៨​​ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​គត់​ ពាក់ព័ន្ធ​បទ​ក្បត់ជាតិ​ លួច​ទាក់ទង​ជា​សម្ងាត់​ ជាមួយ​អាមេរិក​ ដើម្បី​ផ្តួល​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

លោក​ កឹម​ សុខា​ ត្រូវ​បាន​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃទី​៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ដោយ​ចោទប្រកាន់​ពី​បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។

បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឲ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី១៥ឆ្នាំ​ ដល់៣០​ឆ្នាំ​។

ទោះបី​ជា​មាន​ការ​ស្នើសុំ​នៅ​ក្រៅឃុំ​ជា​ច្រើន​លើក​ច្រើន​សារ​ តែ​ទីបំផុត​ តុលាការ​គ្រប់​ជាន់​ថ្នាក់​ បាន​បដិសេធ​សំណើ​នេះជា​បន្តបន្ទាប់​ ដោយ​អះអាង​ថា​ ការ​អនុញ្ញាត​ឲ្យ​លោក​កឹម​ សុខា​ នៅ​ក្រៅ​ឃុំ​ គឺ​ អាច​ប៉ះពាល់​នីតិវិធី​ ទន្ទឹម​នឹងពេលដែល​មេធាវី ​មិន​យល់​បែប​នេះ​ក៏ដោយ​ ។

ព្រឹត្តិការណ៍​ចុងក្រោយ​ ដែល​អ្នក​នយោបាយ​ និង​បុគ្គល​សំខាន់ៗ​មួយ​ចំនួន​ ត្រូវ​បាន​តុលាការ​ដោះលែង​ជា​បន្តបន្ទាប់​ ដែល​អ្នក​ខ្លះ​ត្រូវ​បាន​ដោះលែង​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​ក្តី​នោះ​ មជ្ឈដ្ឋាន​ជា​ច្រើន​ យល់​ថា​ លោក​កឹម​ សុខា​ អាច​នឹង​ត្រូវ​ដោះលែង​ផងដែរ​ ។

ប៉ុន្តែ​ទី​បំផុត​ លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ​ឆ្នាំ​២០១៨​ បានសម្រេច​បន្ត​ឃុំ​ខ្លួន​លោក​កឹម​ សុខា​ ដាក់នៅក្នុង​ពន្ធនាគារ​ដដែល​ ដោយ​មិន​អនុញ្ញាត​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះឡើយ ៕ ចេស្តា