ព័ត៌មានទាន់ហេតុការណ៍៖

មកពីផឹកស៊ីវិញមិនឃើញប្រពន្ធមិននៅផ្ទះ ចងក សម្លាប់ខ្លួនបានសម្រេច

ខេត្តពោធិ៍សាត់ ៖ បុរស ម្នាក់​បាន​ធ្វើអត្តឃាតចង​.​ក​សម្លាប់​ខ្លួននឹងធ្នឹមរោងក្បែរផ្ទះ បន្ទាប់​ពី​ដើរ​ផឹកស៊ី​ពេញ​មួយ​យប់ ហើយ​ពេល​ចូល​ផ្ទះ​វិញ​មិនឃើញ​ប្រពន្ធនៅផ្ទះ​ តូចចិត្តពេកគិតខ្លី​ក៏ធ្វើបែបនេះតែម្តងទៅ ។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​ទៀប​ភ្លឺឈានចូល ថ្ងៃ ចន្ទ ៣ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ភូមិ​ទួល​គ្រួ​ស សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់​ ។

សមត្ថកិច្ច​នគរបាលក្រុងពោធិ៍សាត់បានឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ធឹ​ម លី​ហេង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ប្រពន្ធ​និង​កូន​៣​នាក់ ប៉ុន្តែ​បាន​លែងលះ​គ្នា ហើយ​ក្រោយមកទៅ​យកប្រពន្ធ​ទី​២​ឈ្មោះ លឹ​ម ច​ន្ទូ អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ទួល​ក្រួ​ស សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់​។

តាម​ការ​សាកសួរ​ពី​អ្នកស្រុក​ដែល​រស់នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃមុន ប្ដី​ប្រពន្ធ​ខាងលើ​មាន​ជម្លោះ​ក្នុង​គ្រួសារ ប្រកែក​គ្នា​តឹងសរសៃក ប៉ុន្តែ​មិន​បានដឹង​ពី​មូលហេតុ​ច្បាស់លាស់​ទេ​ ។ ​លុះនៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ ២០១៨ បុរស​ជា​ប្ដី​បាន​ចេញ​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​បាត់​តាំងពី​ល្ងាច​រហូត​ដល់​ពាក់កណ្ដាល​យប់​នៅ​តែ​មិន​ទាន់​ចូល​ផ្ទះ ។ពេលឃើញ​ដូច្នេះ​ប្រពន្ធ​ក៍​ទៅ​ដេក​ផ្ទះ​បងប្អូន​បាត់​ លុះ​មកដល់ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ កក្កដា បុរសនេះបានត្រឡប់​ចូល​ផ្ទះ​វិញ​មិនឃើញ​ប្រពន្ធនៅផ្ទះ តូចចិត្តពេក​ក៏យក​ខ្សែ​អង្រឹង​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​រោង​ក្បែរ​ផ្ទះ​ទាំង​នៅ​សម្លៀក​បំពាក់​តឺ​នុយ​ស្អាតនៅឡើយ​។ ក្រោយមកនៅវេលាម៉ោង​៤​និង​៣៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ កក្កដា ក្មួយ​ស្រី​បាន​ដឹក​បន្លែ​ទៅ​លក់​នៅ​ផ្សារ​ជិះ​ម៉ូតូ​កាត់​តាម​មុខ​ផ្ទះ​ក៏​ប្រទះ​ឃើញ​ពូចង​.​ក សម្លាប់ខ្លួនក៍​ទៅ​ប្រាប់​មីង​ដែល​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ទើប​ផ្អើល​ទាំង​ព្រឹក​តែ​ម្ដង​។

ក្រោយ​កើតហេតុ សមត្ថកិច្ចជំនាញទៅដល់​បាន​កាត់​ចំណងជនរងគ្រោះ​ដើម្បី​ទម្លាក់​ជន​រង​គ្រោះ​ចុះ​មក​ក្រោម​ក្នុង​គោលបំណង​ជួយ​សង្គ្រោះបថម ព្រោះស្ទាបទៅដឹងថាសាច់នៅក្តៅដែរ ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ទើបសមត្ថកិច្ចជំនាញធ្វើ​កោសល្យ​វិច័យ​​រួចប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន