ព័ត៌មានទាន់ហេតុការណ៍៖

មតិប្រជាពលរដ្ឋ ៖​ ​ក្រុមហ៊ុន​ ជឹង​ សុភាព​ ហៅ​យាយ​ភូ​ លុប​ឆ្នេរសមុទ្រ​ ខេត្ត​ព្រះសីហនុ​ និងពោរពេញដោយបទល្មើសទេសចរណ៍ផ្លូវភេទ ធ្វើ​ឲ្យលោក​ យន្ត​ មីន​ អស់​តំណែង​ដែរ​ឬទេ​ ?

ខេត្តព្រះសីហនុ៖ បញ្ហា​ដ៏​ក្តៅ​គគុក​ រហូត​មាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ អំពី​ការ​លុប​ឆ្នេរសមុទ្រ​ ខេត្ត​ព្រះសីហនុ​ ពី​សំណាក់​ក្រុមហ៊ុន​ជឹង​ សុភាព​ ហៅ​យាយ​ភូ​ ភរិយា​លោក​ឧកញ៉ា​ ឡាវ​ ម៉េង​ឃិន​ សមាជិក​ព្រឹទ្ធ​សភា​ ​ នៅ​តែ​មាន​ការ​ជជែក​គ្នា​ គ្រប់​ទីកន្លែង​ ជា​ពិសេស​ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​តែម្ដង​ ។

មជ្ឈដ្ឋាន​ជា​ច្រើន​ រង់ចាំ​ទាំង​អន្ទះសា​ ចង់​ដឹង​ថា​ តើ​បុគ្គល​ មន្ត្រី​ ឬ​ ក្រុមហ៊ុន​ណា​ខ្លះ​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ចូល​ឆ្នេរសមុទ្រ​ ខេត្ត​ព្រះសីហនុ​នេះ?

ប្រជាពលរដ្ឋ​ នៅ​ខេត្ត​ព្រះសីហនុ​ ចោទប្រកាន់​ចំៗ​ថា​ លោក​យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ គឺ​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ធំ​បំផុត​ ចំពោះ​សកម្មភាព​រំលោភ​ឆ្នេរ​សមុទ្រ​ ខេត្ត​ព្រះសីហនុ​ ។

ក្រៅ​ពី​នោះ​ មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​ និង​ ក្រុមហ៊ុន​ជឹង​ សុភាព​ ហៅ​យាយ​ភូ​ ជា​ភរិយា​លោក​ឧកញ៉ា​ ឡាវ​ ម៉េង​ឃិន​ សមាជិក​ព្រឹទ្ធ​សភា​ ផង​ ប្រសិន​បើ​រក​ឃើញ​ថា​ មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ឆ្នេរ​សមុទ្រ​ នេះ​ ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ផងដែរ​ ។

មជ្ឈដ្ឋាន​ជា​ច្រើន​ រួមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ ផង​ ចង់​ឃើញ​កណ្តាប់​ដៃ​ដែក​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ វែក​មុខ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ចំពោះ​ការ​រំលោភ​បំពាន​ឆ្នេរសមុទ្រ​ ដ៏​សំខាន់​របស់​ជាតិ​មួយ​នេះ​ ។

មតិ​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​ លើក​ឡើង​ទៀតថា​ បញ្ហា​លុប​ឆ្នេរសមុទ្រ​ ខេត្ត​ព្រះសីហនុ​ នេះ​ តើ​នឹង​ធ្វើ​ឲ្យលោក​យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ អស់​តំណែង​ដែរឬទេ​ ? ។

ទោះបី​យ៉ាងណា​ រហូត​មក​ទល់​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ​ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ នៅ​ពុំ​ទាន់​បង្ហាញ​លទ្ធផល​នៃ​ការ​ចុះ​ត្រួត​ពិនិត្យ​ ករណី​រំលោភ​ឆ្នេរ​សមុទ្រ​ ខេត្ត​ព្រះសីហនុ​ នៅ​ឡើយទេ​ ។

មាត្រា​២៥៩នៃ​ច្បាប់​ភូមិ​បាល​ ឆ្នាំ​២០០១​ ចែងថា​ «ការ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១ឆ្នាំ​ទៅ​៥ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​៥លាន​រៀល​ទៅ​៥០លាន​រៀល»​ ។

សូម​បញ្ជាក់​ថា​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ កាលពី​រសៀល​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​​ បានដឹកនាំក្រុមការងារចុះ​ផ្ទាល់​ ដើម្បី​ត្រួតពិនិត្យ​សកម្មភាព​រំលោភ​ឆ្នេរ​សមុទ្រ​ ខេត្ត​ព្រះសីហនុ​ ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ បញ្ជាក់​ថា​ អនុវត្ត​តាម​បទ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ,​ លោក​ ជា​ សុផារ៉ា​ ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​ នៅ​ចំណុច​ឆ្នេរ​ព្រែង​ត្រែង​ ភូមិ​៤​ ឃុំ​អូរ​ត្រេះ​ ស្រុកស្ទឹង​ហាវ​ ខេត្ត​ព្រះសីហនុ​ ។

មន្ត្រី​បញ្ជាក់​ថា​ ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​ គឺ​ ដើម្បី​កាយ​យក​ដី​ដែល​បាន​ចាក់​បំពេញ​ចេញ​វិញ​ និង​ រក្សា​ឆ្នេរ​ធម្មជាតិ​ដូចដើម​ ។

ជាមួយ​គ្នា​នេះ​ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ សូម​អំពាវនាវ​ដល់​ម្ចាស់​ដី​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ ជ្រាប​ និង​ ចៀសវាង​ សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​តទៅទៀត​។

ប្រជាជនបានបង្ហាញពីការរិះគន់ធ្ងន់ៗ ទៅលើ លោក យន្ត មីន ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត គឺមានសិទ្ធិគ្រប់គ្រាន់ដឹកនាំកងកម្លាំងសមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធ ហាមឃាត់ការចាក់ដីរំលោភយកបឹងឆ្នេរសមុទ្រនេះ។ ម្យ៉ាងទៀតចំពោះសកម្មភាពចាក់ដីនេះមានច្បាប់ ឬអត់ច្បាប់ក៏លោកអាចដឹងយ៉ាងច្បាស់ ព្រោះក្រុមហ៊ុនត្រូវសុំច្បាប់ពី អាជ្ញាធរ ជំនាញ លោកអភិបាលខេត្ត ឬបន្តទៅថ្នាក់លើទៀត ចុះហេតុអីលោក យន្ត មីន ប្រឹងធ្វើជាមន្ត្រីគ្រាប់ល្ពៅ កន្ទេលធំបន្លំដេក..? ដល់មានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន ឲ្យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តម្រូវឲ្យក្រុមហ៊ុន យាយភូ កាយដីវិញ ទើបចៅហ្វាយខេត្ត សសៃស្ពឹករូបនេះ បានត្រឹមនិយាយថា៖ លោកដឹងថា មានក្រុមហ៊ុនខ្មែរ បានចាក់ដីរំលោភឆ្នេរនេះ..???

មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត ប្រជាជនក្នុងក្រុងព្រះសីហនុ យល់ឃើញថា៖ ការដឹកនាំរបស់លោក យន្ត មីន នៅមានកម្រិត ខ្វះការទទួលខុសត្រូវ ធ្វើឲ្យខេត្តទេសចរណ៍មួយនេះ ពោរពេញដោយបទល្មើស ពិសេសការគ្រប់គ្រង់ជនជាតិចិនមិនគ្រប់ជ្រុងជ្រោយ បានកើតនូវអំពើឆក់ ប្លន់ ជំរិត ការប្រើប្រាស់ឡានមានស្លាកលេខ ខ.ម មានបនល្បែងសុីសង ស្ទើរគ្រប់សណ្ឋាគារ ក្លឹបកម្សាន្ត និងជាតំបន់ទេសចរណ៍ផ្លូវភេទ ខណៈតាមក្លឹបខារ៉ាអូខេ សុទ្ធតែដាក់តាំងបង្ហាញពីនារីបម្រើផ្លូវភេទ មាននារីខ្មែរ ចិន ថៃ វៀតណាម និងនារីបរទេសជាច្រើនទៀតដ៏អនាធិបតេយ្យបំផុត។ ពិសេសលោក យន្ត មីន អត់មានយន្តការត្រួតពិនិត្យទីតាំងប្តូរប្រាក់របស់ក្រុមហ៊ុនចិន ដែលគ្មានច្បាប់អនុញ្ញាតពីធនាគារជាតិ នៃព្រះរាជាណាចក្រកម្ពុជា អាចជាទីតាំងចរាចរណ៍ប្រាក់បានមកពីបទល្មើសគ្រឿងញៀន បទជំរិត សកម្មភាពកំហែងយក តាមរយះប្រព័ន្ធអិនធើណេត ការលាងប្រាក់ខ្មៅឆ្លងដែនចូលស្រុកខ្មែរ ជាដើម។

គេទទួលស្គាល់ថា៖ ជនជាតិបរទេសមករកសុីបណ្តាក់ទុនវិយោគទុនកាន់តែច្រើន គឺធ្វើឲ្យខេត្តទេសចរណ៍មួយនេះរីកចម្រើន ប៉ុន្តែផ្តោតសំខាន់ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត សួរថា តើលោក យន្ត មីន គាត់មានសមត្ថភាពគ្រប់គ្រងជនជាតិចិនតាមរយះត្រួតពិនិត្យរដ្ឋបាលបានដែរឬទេ..? ភាពកម្សោយ ខ្វះការទទួលខុសត្រូវ បានធ្វើឲ្យជនជាតិក្លាយជាជនល្មើស ធ្វើសកម្មភាព ឆក់ ប្លន់ ចាប់ជំរិត មានអាវុធប្រើប្រាស់ ពិសេសភាគច្រើនជាជនទំនើង ទាំងការបើកបរ បង្កគ្រោះថ្នាក់ចរាចរណ៍ ប្រើប្រាស់ ចែកចាយគ្រឿងញៀន តាមបណ្តាក្លឹប និងបង្ក្រាបបានក្នុងបទល្មើសជាក់ស្តែងម្តងៗ ចាប់បានទាំងសំបុក ដ៏ពពាក់ពពូនគ្នា មាន ចិន ខ្មែរ បរទេសមួយចំនួនទៀត ។ មិនមែនការបង្ក្រាបបានច្រើនមានប្រសិទ្ធភាពជាង ការទប់ស្កាត់ពុំឲ្យមានបទល្មើសទេ..?

ប្រជាជនរិះគន់ទៀតថា៖ ខេត្តព្រះសីហនុពោរពេញដោយសំរាម ទឹកស្អុយ ឆ្អេះឆ្អាប ហូរចូលសមុទ្រ ខណៈការគ្រប់គ្រងប្រព័ន្ធលូ ការត្រួតពិនិត្យតាមមូលដ្ឋានគ្មានប្រសិទ្ធភាព ក្នុងនោះសូម្បីប្រជាជន ពួកគាត់លែងចង់ទៅទេសចរណ៍កំសាន្តនៅសមុទ្រខេត្តព្រះសីហនុ ។ និយាយរួមការគ្រប់ដោយ លោក យន្ត មីន គឺមានកម្រិត មិនអាចធ្វើឲ្យខេត្តមួយនេះរីកចម្រើន ការពារនូវសន្តិសុខ សណ្តាប់ធ្នាប់គ្រប់ជ្រុងជ្រោយឡើយ។ សមណាស់នឹងត្រូវដកតំណែង ខណៈទុកមិនចំណេញ ដកចេញ ត្រូវបានគាំទ្រពីប្រជាជន ពិសេសបង្កើតឲ្យតែមានសកម្មភាពល្មើសច្បាប់ គឺលោក យន្ត មីន តែងអះអាងថា៖ នេះជាការអភិវឌ្ឍន៍រហូត និយាយរបៀបយករួចខ្លួន ខ្វះការទទួលខុសត្រូវ ដូចជាករណីយាយ ភូ ចាក់ដីរំលោភយកបឹង ឆ្នេរសមុទ្រ បើសម្តេចតេជោ ហ៊ុន សែន មិនបញ្ជាឲ្យកាយដីវិញ ហើយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មិនបានចុះពិនិត្យផ្ទាល់ទេ ប្រាកដណាស់ថា លោកចៅហ្វាយខេត្តរូបនេះ នឹងថាយាយ ភូ អភិវឌ្ឍន៍ខេត្តព្រះសីហនុទៀត ៕ មតិប្រជាពលរដ្ឋ