ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ត្រូវរថយន្តមិនស្គាល់ម៉ាក់បុកស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់

ប៉ោយប៉ែត៖ បុរសពីរនាក់សាច់ញាតិ និងគ្នាត្រូវរថយន្តបុកស្លាប់ម្នាក់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង៤០នាទីថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្តោយលេខ59A មុខឡអិដ្ឋក្នុងភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះទាំង២នាក់ ត្រូវជាបងប្អូនជីដូនមួយ ឈ្មោះ ឆុន សុផាន់ ភេទប្រុស អាយុ១៨ឆ្នាំ (អ្នកបើកបរម៉ូតូស្លាប់) និងឈ្មោះ រ៉ូ ង៉ា ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសធ្ងន់ រស់នៅភូមិពោធិ៍រាង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។

សមត្ថកិច្ចប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺជនរងគ្រោះ២នាក់ បានជិះម៉ូតូធុនហុងដា ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាក់លេខ បន្ទាយមានជ័យ 1N.3549 ជិះតាមបណ្តោយផ្លូវជាតិលេខ59A ទិសដៅពីកើតទៅលិច ហើយមានរថយន្តដែលមិនស្គាល់ម៉ាក សង្ស័យរថយន្តតួរីស បានបើកក្នុងល្បឿនលឿន ក្នុងទិសដៅបញ្ច្រាសទិស និងម៉ូតូជនរងគ្រោះ លុះដល់ចំណុចកើតហេតុបុកម៉ូតូរងគ្រោះតែងម្ដង ចំណែករថយន្តបង្កបានគេចខ្លួនបាត់ ។

បន្ទាប់ហេតុការណ៍កើតឡើង គេឃើញមាននគរបាលជំនាញចរាចរណ៍ស្រុកមង្គលបូរី បានចុះមកពិនិត្យវាស់វែង បានអន្តរាគមន៍ហៅរថយន្តសង្គ្រោះមណ្ឌលសុខភាពឃុំអូរប្រាសាទ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ។ រីឯសពត្រូវបានសាច់ញាតិមកទទួលយកធ្វើបុណ្យ និងម៉ូតូ រងការខូចខាតមួយកំណាត់មុខបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីស្រាវជ្រាវរករថយន្តបង្ក យកមកចាត់ការតាមច្បាប់ ៕ វណ្ណា